វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក ចិន និងកញ្ចប់អាវុធ ១៤ពាន់លានដុល្លារសម្រាប់តៃវ៉ាន់
01-07-2026 00:00
(វ៉ាស៊ីនតោន)៖ ពិភពលោកកំពុងផ្តោតលើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ ប៉ុន្តែបណ្ដាប្រទេសជាច្រើនក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិចកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរឿងមួយផងដែរ នោះគឺ «កិច្ចព្រមព្រៀងលក់អាវុធដ៏ធំមួយទៅឱ្យតៃវ៉ាន់»។ ជោគវាសនានៃកិច្ចព្រមព្រៀងលក់អាវុធរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតៃប៉ិ បាននិងកំពុងក្លាយជាការធ្វើតេស្ដមួយថាតើ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងបន្តអនុវត្តគោលនយោបាយតឹងរ៉ឹង និងប្រកួតប្រជែង ខណៈរក្សាទំនាក់ទំនងការទូតជាមួយចិន ឬក៏ប្រកាន់ជំហរទន់ភ្លន់ចំពោះប៉េកាំង?
ការលក់អាវុធជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ ច្បាប់ទំនាក់ទំនងតៃវ៉ាន់ Taiwan Relations Act ដែលត្រូវបានសភាអាមេរិកអនុម័តដាក់ឱ្យប្រើក្នុងឆ្នាំ១៩៧៩ បានចែងថាសហរដ្ឋអាមេរិកនឹងលក់អាវុធឱ្យតៃវ៉ាន់ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។ ក្នុងឆ្នាំ១៩៨២ សហរដ្ឋអាមេរិកបានសន្យាជាមួយទីក្រុងតៃប៉ិ នៅក្រោមច្បាប់ Six Assurances ដែលនឹងធានា ដល់ការលក់អាវុធទាំងនោះដោយមិនចាំបាច់ត្រូវចរចាពីពេលវេលានៃការប្រគល់ ឬប្រភេទនៃអាវុធជាមួយចិននោះទេ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងក្រោមរូបភាពផ្គត់ផ្គង់អាវុធរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់បានរីកចម្រើនជាលំដាប់ក្នុងបរិបទដែលចិនបង្កើនដាក់សម្ពាធយោធាលើតៃវ៉ាន់។ កាលពីអាណត្តិទី១ រដ្ឋបាលលោក ត្រាំបានផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់យ៉ាងសម្បើម ក្រោមគោលនយោបាយប្រជែង ជាមួយចិន។ កាលពីឆ្នាំ២០២៥ លោក ត្រាំ ក្រោយស្ទាក់ស្ទើរអស់ពេលយ៉ាងយូរ បានអនុម័តការលក់អាវុធមានទំហំ ១១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ក្នុងនោះរួមមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងអាវុធទំនើបៗជាច្រើនទៀត។
កិច្ចព្រមព្រៀងលក់អាវុធនេះស៊ីគ្នាទៅនឹងការទាមទារឱ្យរបស់លោក ត្រាំ ឱ្យតៃវ៉ាន់បង្កើនកញ្ចប់ថវិកាយោធា។ រហូតដល់ខែឧសភា ឆ្នាំ២០២៦ សភាតៃវ៉ាន់បានអនុម័តកញ្ចប់ថវិការយោធាពិសេសទំហំ ២៥ពាន់លានដុល្លារ ដែលមានរួមបញ្ចូលកញ្ចប់ថវិកាដ៏ធំមួយដើម្បីទិញប្រព័ន្ធអាវុធទំនើបៗដូចជាប្រព័ន្ធខែលប្រឆាំងមីស៊ីលគិតជាសរុបមានតម្លៃ ១៤ពាន់លានដុល្លារ។ ប៉ុន្តែ ជោគវាសនានៃកញ្ចប់ថវិកានេះ និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារតែបញ្ហាមួយចំនួន។ ទី១គឺសង្រ្គាមនៅអ៉ីរ៉ង់។ អំឡុងជាមួយសង្រ្គាមអ៉ីរ៉ង់ សហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធ ក្នុងចំនួនដ៏ច្រើន មានចាប់ពីមីស៊ីលបាញ់ចេញពីដីគោក មីស៊ីលបាញ់ចេញពីយន្ដហោះចម្បាំង និងអាវុធទំនើបៗជាច្រើនផ្សេងទៀតដែលតៃវ៉ាន់ចង់ទិញ។ កាលពីខែឧសភា ក្រុមមន្ត្រីអាមេរិកបានប្រកាសថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ត្រូវបានពន្យារពេលដោយសារតែតម្រូវការអាវុធសម្រាប់សង្រ្គាមអ៉ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានជូនដំណឹងដល់ជប៉ុនដែរថាការប្រគល់មីស៊ីលគ្រូស Tomahawk អាចនឹងត្រូវបានពន្យារពេល។ តាមពិតទៅ ការប្រគល់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូក្នុងតំបន់ប៉ាស៊ីហ្វិកមានភាពយឺតយ៉ាវ ឬត្រូវបានពន្យារពេលជាច្រើន ឆ្នាំមកហើយ ហើយឥលូវសង្រ្គាមជាមួយអ៉ីរ៉ង់ វាធ្វើឱ្យការប្រគល់អាវុធទៅឱ្យសម្ព័ន្ធមិត្តកាន់តែពិបាក ក្នុងគ្រាមួយដែលសហរដ្ឋអាមេរិកបង្វែរការផ្តោត និងដកអាវុធមួយចំនួនចេញពីតំបន់ប៉ាស៊ីហ្វិក។
បញ្ហាមួយទៀត នោះគឺប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ចិនតែងតែថ្កោលទោស និងបង្ហាញការខឹងសម្បារចំពោះកិច្ចព្រមព្រៀងអាវុធរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ ក្រុមមន្ត្រីចិនធ្លាប់ត្រូវបានរាយការណ៍ថា បានព្រមានក្រុមមនុស្សជំនិតរបស់លោក ត្រាំ ថាការប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធ ១៤ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ អាចនឹងបំផ្លាញដល់កិច្ចប្រជុំកំពូលកាលពីខែឧសភាក្នុងទីក្រុងប៉េកាំងរវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ។ នៅពេលនោះ សេតវិមានបានផ្អាកការប្រកាសកិច្ចព្រមព្រៀងលក់អាវុធនេះដើម្បីសម្រួលឱ្យកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២ អាចប្រព្រឹត្តទៅតាមការគ្រោងទុក។ ចិនបច្ចុប្បន្ន បានពន្យារពេល ដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីនៃមន្ទីរបញ្ចកោណ និងកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យកុំលោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធឱ្យតៃវ៉ាន់ នៅមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែកញ្ញាខាងមុខ។ ប្រសិនបើបញ្ចុះបញ្ចូលបានជោគជ័យ ទីក្រុងប៉េកាំងច្បាស់ណាស់នឹងបន្តទាមទារថាការលក់អាវុធឱ្យតៃវ៉ាន់នៅពេលអនាគតគួរតែត្រូវពន្យារពេល ឬកាត់បន្ថយ។ ចិនកាន់តែមានជំនឿចិត្តលើខ្លួនឯង ក្រោយទទួលបានជោគជ័យក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយលោក ត្រាំ កាលពីឆ្នាំ២០២៥។
លោក ស៊ី ជីនពីង បច្ចុប្បន្ន ត្រូវបានគេមើលឃើញថាកំពុងព្យាយាមប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទទួលបានសិទ្ធិវេតូលើការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់។ ចំណែក លោក ត្រាំ វិញបែរជាធ្វើឱ្យ ខ្លួនឯងស្ថិតក្នុងស្ថានភាពមួយដ៏លំបាក។ នៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅប៉េកាំងកាលពីខែឧសភា លោក ត្រាំ បាននិយាយជាសាធារណៈថាចាប់ពីពេលនេះទៅ លោកនឹងចរចាពីការលក់អាវុធឱ្យតៃវ៉ាន់ ជាមួយលោក ស៊ី ជីនពីង ដែលនេះត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាជាការបដិសេធដោយផ្ទាល់មិនអនុវត្តតាមច្បាប់ Six Assurances។ លោក ត្រាំ ក៏បានបង្កឱ្យមានភាពច្របូកច្របល់ផងដែរ ដោយនិយាយថា មូលហេតុចម្បងនៃអស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺបណ្ដាលមកពីតៃវ៉ាន់ មិនមែនចិននោះទេ។
កញ្ចប់អាវុធ ១៤ពាន់លានដុល្លារមិនគ្រាន់តែជាកិច្ចព្រមព្រៀងលក់អាវុធប៉ុណ្ណោះទេ។ តែមានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងភូមិសាស្ត្រនយោបាយដោយបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងរង់ចាំមើលថាតើលោក ត្រាំ នឹងជួយតៃវ៉ាន់ការពារខ្លួនឯង ឬក៏លោកអាចនឹងធ្វើការដោះដូរសន្តិសុខរបស់តៃវ៉ាន់ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការថតរូបជាមួយលោក ស៊ី ជីនពីង ដែរឬទេ? ថាតើចិនមានឥទ្ធិពលកាន់តែធំដែលអាចកំណត់ លក្ខខណ្ឌនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែរឬក៏យ៉ាងណា? ថាតើលោក ត្រាំនឹងបន្តដើរតាមគោលនយោបាយដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាន់តែខ្លាំងក្លា ឬក៏លោកងាកទៅរកជំហរទន់ភ្លន់ចំពោះ ចិន? យ៉ាងណាក៏ដោយ លោក ត្រាំជាមនុស្សម្នាក់ដែលអាចប្រែប្រួលចិត្តបានគ្រប់ពេល។ ក្នុងសេណារីយ៉ូល្អ លោក ត្រាំ អាចនឹងខឹងសម្បារនឹងសម្ពាធពីលោក ស៊ី ជីនពីង ហើយដោយមានការជំរុញពីអ្នកគាំទ្រតៃវ៉ាន់ នៅក្នុងសភាអាមេរិក លោក ត្រាំអាចនឹងអនុម័តការលក់អាវុធឱ្យតៃវ៉ាន់នៅប៉ុន្មានខែខាងមុខ។ ឬក៏រដ្ឋបាលរបស់លោកអាចនឹងលក់អាវុធឱ្យតៃវ៉ាន់ក្នុងទំហំ ១៤ពាន់លានដុល្លារដដែល តែត្រូវបំបែកជាកញ្ចប់អាវុធតូចៗ មិនមែនប្រកាសលក់កញ្ចប់អាវុធទាំងមូលនោះទេ។ ក្នុងន័យនេះលោក ត្រាំ ចាំបាច់ត្រូវតែបង្ហាញថារូបលោកអាចរក្សាទំនាក់ទំនងជាមួយលោក ស៊ី ជីនពីង ដោយមិនចាញ់សម្ពាធពីចិន។ នៅក្នុងសេណារីយ៉ូអាក្រក់វិញ កិច្ចព្រមព្រៀងអាវុធ ១៤ពាន់លានដុល្លារអាចនឹងជាប់គាំងក្នុងស្ថានភាពមិនច្បាស់លាស់ដោយគ្មានពេលកំណត់ ដោយលោក ត្រាំ ដែលជាមនុស្សចូលចិត្តកិច្ចព្រមព្រៀង អាចបង្កើតទៅជាទម្លាប់មួយនៃកិច្ចចរចាពីការលក់ អាវុធឱ្យតៃវ៉ាន់ជាមួយលោក ស៊ី ជីនពីង។
នៅមុនការបោះឆ្នោតសកលតៃវ៉ាន់នៅខែមករា ឆ្នាំ២០២៨ ការស្ទាក់ស្ទើរ ឬភាពមិនច្បាស់លាស់នៃគោលជំហររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ អាចនឹងធ្វើឱ្យអ្នកនយោបាយតៃវ៉ាន់ដែលមានទំនោរងាកទៅរកចិន តួយ៉ាង ដូចជាលោកស្រី Cheng Li-wun ជាមេដឹកនាំគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងធំបំផុតមួយតៃវ៉ាន់កាន់តែមានឥទ្ធិពលខ្លាំងឡើង។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាចនឹងទាញយក ការសន្និដ្ឋានថាសហរដ្ឋអាមេរិករបស់លោក ត្រាំ ដែលត្រូវបានសម្លុតដោយចិននឹងមិនអាចសូម្បីតែជួយប្រទេសជាដៃគូរបស់ខ្លួនការពារខ្លួនឯង។ ដូច្នេះកិច្ចព្រមព្រៀងលក់អាវុធ ១៤ពាន់លានដុល្លារឱ្យតៃវ៉ាន់បាន និងកំពុង ក្លាយជាការធ្វើតេស្ដមួយលើគោលជំហររបស់សហរដ្ឋអាមេរិកតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ក៏ព្រោះតែវានឹងបង្ហាញថាតើលោក ត្រាំ មានឆន្ទៈកម្រិតណាក្នុងការតតាំងជាមួយចិន៕









