នាយឧត្តមសេនីយ៍ ទៀ វិញ អញ្ជើញបួងសួងសុំសេចក្តីសុខ និងប្រគេនទានវស្សាដល់វត្តចំនួន៤ ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបង្ហាញជំហរមុតមាំក្នុងការការពារបូរណភាពទឹកដី
01-07-2026 10:32
(ពោធិ៍សាត់)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្ទ្រា ទៀវិញ រួមជាមួយលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងប្រគេនទានវស្សាជូនវត្តចំនួន៤ ក្នុងខេត្តពោធិ៍សាត់ និងនៅបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។
ក្នុងឱកាសនេះ គណៈប្រតិភូបានប្រគេនទានវស្សា និងទេយ្យទានដល់វត្តចំនួន៤ រួមមាន វត្តកែវវិជ័យ, វត្តក្ងាន, វត្តកោះក្រសាំង និងវត្តវាល ព្រមទាំងបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង ដោយក្នុងមួយវត្ត និងមួយកន្លែងទទួលបាន៖ ទានចំណាំព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, មី ៥កេស, ត្រីខ ២កេស, ប្រេងឆា ១កេស, ខ្ទឹមស ២ការ៉ុង, ប៊ីចេង ១ស្បោង និងបច្ច័យ១លាន១០ម៉ឺនរៀល។
ក្នុងពិធីដ៏មានអត្ថន័យនេះ នាយឧត្តមសេនីយ៍ ទៀ វិញ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ ក្នុងការថែរក្សាពុទ្ធសាសនា។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការប្រគេនទានវស្សានាពេលនេះ មិនត្រឹមតែជាការបន្តប្រពៃណីដ៏ល្អ របស់ដូនតាយើងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកលើកកម្ពស់សេចក្តីសុខសាន្តសម្រាប់មាតុភូមិយើងទាំងមូល។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ បានប្រកាសយ៉ាងដាច់ណាត់អំពី ការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យសត្រូវឈ្លានពានណាមួយមករំលោភបំពានបានឡើយ។
លោកបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
គួរជម្រាបជូនថា បូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ គឺជាទីសក្ការៈដ៏សក្តិសិទ្ធិបំផុត សម្រាប់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ និងប្រជាជនទូទាំងប្រទេស។ យោងតាមប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង គឺជាវីរជនដ៏អង់អាចក្លាហាន ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិក្នុងសម័យសង្គ្រាមជាមួយប្រទេសសៀម។
ប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំថា ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តែងតែតាមថែរក្សាការពារប្រជារាស្ត្រ និងផ្តល់នូវសេចក្តីសុខចម្រើនដល់អ្នកដែលបានមកបួងសួងសុំសេចក្តីមេត្តា។ ការអញ្ជើញមកបួងសួងនៅទីនេះ គឺដើម្បីរំលឹកគុណូបការៈ និងសុំបារមីលោកទាំងទ្វេជួយថែរក្សាប្រទេសជាតិឱ្យជួបតែសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍៕






















































