* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយឧត្តមសេនីយ៍ ទៀ វិញ អញ្ជើញបួងសួងសុំសេចក្តីសុខ និងប្រគេនទានវស្សាដល់វត្តចំនួន៤ ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបង្ហាញជំហរមុតមាំក្នុងការការពារបូរណភាពទឹកដី

01-07-2026 10:32

(ពោធិ៍សាត់)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្ទ្រា ទៀវិញ រួមជាមួយលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងប្រគេនទានវស្សាជូនវត្តចំនួន៤ ក្នុងខេត្តពោធិ៍សាត់ និងនៅបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។

ក្នុងឱកាសនេះ គណៈប្រតិភូបានប្រគេនទានវស្សា និងទេយ្យទានដល់វត្តចំនួន៤ រួមមាន វត្តកែវវិជ័យ, វត្តក្ងាន, វត្តកោះក្រសាំង និងវត្តវាល ព្រមទាំងបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង ដោយក្នុងមួយវត្ត និងមួយកន្លែងទទួលបាន៖ ទានចំណាំព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, មី ៥កេស, ត្រីខ ២កេស, ប្រេងឆា ១កេស, ខ្ទឹមស ២ការ៉ុង, ប៊ីចេង ១ស្បោង និងបច្ច័យ១លាន១០ម៉ឺនរៀល។

ក្នុងពិធីដ៏មានអត្ថន័យនេះ នាយឧត្តមសេនីយ៍ ទៀ វិញ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ ក្នុងការថែរក្សាពុទ្ធសាសនា។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការប្រគេនទានវស្សានាពេលនេះ មិនត្រឹមតែជាការបន្តប្រពៃណីដ៏ល្អ របស់ដូនតាយើងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកលើកកម្ពស់សេចក្តីសុខសាន្តសម្រាប់មាតុភូមិយើងទាំងមូល។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ បានប្រកាសយ៉ាងដាច់ណាត់អំពី ការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យសត្រូវឈ្លានពានណាមួយមករំលោភបំពានបានឡើយ។

លោកបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

គួរជម្រាបជូនថា បូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ គឺជាទីសក្ការៈដ៏សក្តិសិទ្ធិបំផុត សម្រាប់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ និងប្រជាជនទូទាំងប្រទេស។ យោងតាមប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង គឺជាវីរជនដ៏អង់អាចក្លាហាន ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិក្នុងសម័យសង្គ្រាមជាមួយប្រទេសសៀម។

ប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំថា ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តែងតែតាមថែរក្សាការពារប្រជារាស្ត្រ និងផ្តល់នូវសេចក្តីសុខចម្រើនដល់អ្នកដែលបានមកបួងសួងសុំសេចក្តីមេត្តា។ ការអញ្ជើញមកបួងសួងនៅទីនេះ គឺដើម្បីរំលឹកគុណូបការៈ និងសុំបារមីលោកទាំងទ្វេជួយថែរក្សាប្រទេសជាតិឱ្យជួបតែសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍៕