ចោរលួចកាត់ខ្សែរភ្លើងក្នុងវត្ត ត្រូវបានព្រះសង្ឃ និងគណៈកម្មការវត្តព្រួតគ្នាដេញចាប់បានម្នាក់ រីឯបក្ខពួក២នាក់ទៀតរត់គេចខ្លួន
01-07-2026 14:59
(កណ្ដាល)៖ ក្រុមចោរលួចកាត់ខ្សែរភ្លើង៣នាក់ បានលួចកាត់ខ្សែរភ្លើងក្នុងវត្តបាន២បាវ ជិះម៉ូតូរត់គេចខ្លួន តែត្រូវបានព្រះសង្ឃ និងគណៈកម្មការវត្តព្រួតគ្នាដេញចាប់ឃាត់ខ្លួនបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច។ រីឯ២នាក់ទៀត រត់រួចខ្លួន។
ការតាមចាប់ចោរលួចខ្សែភ្លើងនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងចូលវត្តក្តីតាឡង់ ស្ថិតក្នុងភូមិខ្វែកអណ្តូង ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ បឿន នឿន មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកបក្ខពួក២នាក់ទៀត មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
ចំពោះជនរងគ្រោះជាព្រះចៅអធិការវត្តក្តីតាឡង់ ព្រះនាម ភិក្ខុ ចក់ បូណា។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ខ្សែភ្លើង២បាវ ដែកកាប់សម្រាប់កាត់ខ្សែភ្លើងមួយចំនួន និងកាំបិតតាំងតោ១ដើម។
អធិការបានបន្តថា កន្លងមកជនសង្ស័យឈ្មោះ បឿន នឿន គឺជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំភូមិ ហើយតែងតែចូលមកលួចទ្រព្យសម្បត្តិក្នុងវត្តក្តីតាឡង់ជាញឹកញាប់ ដូចជាខ្សែភ្លើង អំពូលសូឡា ផ្លែដូង និងផ្លែស្វាយជាដើម។
លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ និងបក្ខពួកបានចូលមកធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់វត្ត រួចប្រមូលច្រកចូលក្នុងបាវលើកដាក់ម៉ូតូជិះគេចខ្លួន។ ភ្លាមៗនោះ ស្រាប់តែមានការដាច់ភ្លើងទូទាំងវត្ត ទើបព្រះចៅអធិការប្រើឲ្យកូនសិស្សទៅពិនិត្យមើល ក៏ដឹងថាមានចោរលួចកាត់ខ្សែភ្លើង ទើបព្រះអង្គដឹកនាំព្រះសង្ឃ លោកអាចារ្យ និងកូនសិស្សនាំគ្នាដើរស្វែងរកគ្រប់ច្រកល្ហក។
អធិការបានបញ្ជាក់ថា ពេលដើរស្វែងរកដល់ចំណុចផ្លូវមាត់ព្រែកហង់ ក្រុមព្រះសង្ឃក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដឹកខ្សែភ្លើង ហើយនាំគ្នាស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោទម្លាក់ខ្សែភ្លើងចោល បម្រុងជិះម៉ូតូគេចខ្លួនចូលចម្ការស្វាយ តែត្រូវព្រះសង្ឃ និងកូនសិស្សព្រួតគ្នាឃាត់ខ្លួនបានសម្រេច រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបានតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកពិតជាបានចូលលួចកាត់ខ្សែភ្លើងរបស់វត្តប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕








