អភិបាលស្រុកស្ទោង លើកទឹកចិត្តប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈក្នុងការបោះទៅឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៅឆ្នាំក្រោយនេះ
01-07-2026 15:01
(កំពង់ធំ)៖ អភិបាលស្រុកស្ទោង បានលើកទឹកចិត្តប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈក្នុងការបោះទៅឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៅឆ្នាំក្រោយនេះ។ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាស ដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្បៀងឧបត្ថម្ភដល់ពុកម៉ែបងប្អូនងាយរកហានិភ័យនៅក្នុងភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានសង្កត់ធ្ងន់ថា ពុកម៉ែបងប្អូនគ្រប់រូបដែលគ្រប់អាយុ ១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឬពុំទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ជើញត្រៀមខ្លួនត្រៀមលក្ខណៈ និងឯកសារអត្តសញ្ញាណពាក់ព័ន្ធសម្រាប់ ទៅចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅខែតុលាចុងឆ្នាំនេះ និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីប្រាកដប្រជាថាយើងមានឈ្មោះឆ្នោតសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំក្រោយនេះ។
លោកបានលោកទឹកចិត្តអាជ្ញាធរភូមិឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាននិងបង្កលក្ខណៈជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឬជូនដំណឹងឱ្យបានទូលំទូលាយដើម្បីពួកគាត់បានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
លើសពីនេះអាជ្ញាធរឃុំចំណា លើត្រូវយកចិត្តទុកដាក់ខ្ពស់ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពុកម៉ែបងប្អូនដែលងាយរកហានិភ័យត្រូវតាមដាន និងធ្វើបញ្ជីបច្ចុប្បន្នភាព ឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការជួយឧបត្ថម្ភគាំទ្រជាពិសេសពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងក្រុមការងារចុះមូលដ្ឋានឃុំចំណាលើផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកបានណែនាំ បន្ថែមទៀតដល់អាជ្ញាធរឃុំចំណាលើត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋឱ្យបានទូលំទូលាយក្នុងការធ្វើអនាម័យបរិស្ថាននៅតាមគេហដ្ឋានក៏ដូចជា នៅតាមផ្លូវសាធារណៈ ជាពិសេសនៅតែអមសងខាងផ្លូវតុងថ្មីនដែលបានដឹកនាំកសាងដោយលោក ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ។
សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង ១០គ្រួសារ ខាងលើទទួលបាននូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់មួយចំនួននិងថវិកា១ម៉ឺនរៀលមដោយឡែកបងស្រី ស្តើង សុខា ដែលកំពុងព្យាបាលជំងឺនៅផ្ទះទទួលបាននូវទឹកប្រាក់បន្ថែម ១៥ម៉ឺនរៀល៕





















