អភិបាលស្រុកបន្ទាយស្រី ប្ដេជ្ញាបន្តដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ទប់ស្កាត់ការកាប់ទន្ទ្រានដីធ្លី និងការសាងសង់សំណង់ខុសច្បាប់លើដីរដ្ឋ
01-07-2026 15:03
(សៀមរាប)៖ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានប្ដេជ្ញាបន្តដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ទប់ស្កាត់ការកាប់ទន្ទ្រានដីធ្លី និងការសាងសង់សំណង់ខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបន្តគាំទ្រគម្រោងផែនការធ្វើស្រែប្រាំង ក្នុងឃុំព្រះដាក់ ឃុំរំចេក ឃុំត្បែង និងបន្តចូលរួមគាំទ្រសហគមន៍កសិកម្មទំនើបស្វាយចន្ទីឃុនរាម និងសហគមន៍កសិកម្មទំនើបបន្លែសសី ក៏ជាទិសដៅការងារបន្តរបស់រដ្ឋបាលស្រុក។
ការថ្លែងយ៉ាងដូច្នេះរបស់លោក រិន ឡូត នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីប្រមូលនូវតម្រូវការ ក្ដីកង្វល់របស់ប្រជាពលរដ្ឋឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធធ្វើការបកស្រាយ ក្នុងនៃជម្រុញឲ្យការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោកអភិបាលស្រុក ក៏បានលើកអំពីសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តរបស់រដ្ឋបាលស្រុក លើការងាររដ្ឋបាលទូទៅ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច និងសមិទ្ធផល គម្រោងមូលនិធិស្រុក មូលនិធិឃុំ ឆ្នាំ២០២៥-២០២៦។
លោក រិន ឡូត បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធនឹងបន្តការដោះស្រាយនូវភាពអសកម្មភាពផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ជាពិសេស ការចូលរួមសហការជាមួយមន្ទីរអង្គភាពស្ថាប័ននានា ដើម្បីយកមកអភិវឌ្ឍន៍នៅមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដោយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ក្នុងស្រុកឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះដែរ លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាក្នុងវេទិកានេះ ដើម្បីឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
លោកប្រធានក្រុមប្រឹក្សាស្រុក បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់បងប្អូនជូនដល់អង្គវេទិកាបានដឹង ដើម្បីធ្វើបំភ្លឺ និងឆ្លើយតប។ ចំពោះសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់សម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី សម្រាប់យកទៅធ្វើសេចក្ដីសំរេចចិត្តក្នុងការវិភាជន៍ធនធាន ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប និងតម្រូវការប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសំណួរ និងសំណូមពរ ដែលអង្គវេទិកាមិនទាន់បានឆ្លើយតប ក្រុមប្រឹក្សាស្រុក នឹងធ្វើការឆ្លើយតបជាលាយលក្ខអក្សរនៅពេលក្រោយ។
សូមជម្រាបថា វេទិកានាឱកាសនេះ ក្រុមការងារបានទទួលសំណួរ និងសំណូមពរពីប្រជាពលរដ្ឋដោយផ្ទាល់ និងជាលាយលក្ខអក្ស ចំនួន១៩ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាអគ្គិសនី និងស្នើសុំធ្វើផ្លូវ។ បញ្ហាទាំងអស់ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរ មូលដ្ឋាន ធ្វើការស្រាយបំភ្លឺ និងទទួលយក ដើម្បីពន្លឿនក្នុងការដោះស្រាយផងដែរ៕



















