អ្នកឧកញ៉ា ហ៊ុន ឡាក់ ត្រូវបានដំឡើងឋានៈ និងតែងតាំងជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»
01-07-2026 15:26
(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានសម្រេចដំឡើងឋានៈ និងតែងតាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ ជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»។
មុនពេលទទួលបានការដំឡើងឋានៈ និងតែងតាំងនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា។
ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា កោតសរសើរ អ្នកឧកញ៉ា ហ៊ុន ឡាក់ ចំពោះការខិតខំប្រឹងប្រែង រៀបចំ តាក់តែង និងបម្រើគ្រប់រាល់កិច្ចការ ក៏ដូចជាសកម្មភាពនានាចាប់ពីតាំងពីថ្ងៃដំបូងរហូតមក និងជូនពរ អ្នកឧកញ៉ា ទទួលបាននូវសេចក្តីសុខ និងជោគជ័យរាល់ភារកិច្ចបន្ថែមទៀតសម្រាប់តួនាទីថ្មីនេះ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល និងជា អនុប្រធានសមាគមឧកញ៉ាកម្ពុជា (Cambodian Oknha Association – COA)។ លោកបានបម្រើការជា អគ្គលេខាធិការ ទទួលបន្ទុកផ្នែក គ្រប់គ្រង និងប្រតិបត្តិ ព្រមទាំងជាអ្នកនាំពាក្យ របស់សមាគមឧកញ៉ា ក៏ដូចជាការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការទទួលគណៈប្រតិភូពីអន្តរជាតិ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំ លោកបានកសាងបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងវិស័យពាណិជ្ជកម្មក្នុងស្រុក ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងការងារសង្គម និងកិច្ចការមនុស្សធម៌។
អ្នកកឧកញ៉ា ហ៊ុន ឡាក់ គឺជាសហគ្រិនដែលមានបទពិសោធន៍ និងស្នាដៃលេចធ្លោជាងពីរទសវត្សរ៍។ ក្នុងនាមជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុនជាច្រើន លោកបានពង្រីកការវិនិយោគ និងអាជីវកម្មក្នុងវិស័យផ្សេងៗ រួមមាន កសិកម្ម កែច្នៃផលិតផលកសិកម្ម ដំណាំហូបផ្លែ និងដំណាំសាកវប្បកម្មក្នុងផ្ទះសំណាញ់ ប្រព័ន្ធទឹកស្រោចស្រព ការដំឡើងហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភ្លឺសាធារណៈ ក៏ដូចជាវិស័យដឹកជញ្ជូន និងឡូជីស្ទីក ។
* បទពិសោធន៍ការងារ
បច្ចុប្បន្នជា សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធាន សមាគមឧកញ៉ាកម្ពុជា (COA)
ឆ្នាំ ២០២២ – ២០២៦ ជាអគ្គលេខាធិការ និងអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា (COA)
ឆ្នាំ ២០២៣ – ២០២៦ ជាប្រធាន ក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)
ឆ្នាំ ២០១២ – ២០២៥ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធាន (ទទួលបន្ទុកវិស័យកសិកម្ម)
សភាពាណិជ្ជកម្មកម្ពុជា (CCC)
ឆ្នាំ ២០២០ – ២០២៣ ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)
ឆ្នាំ ២០១៤ – ២០២០ ជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)
ឆ្នាំ ២០១០ – ២០១២ ជាអគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)
ឆ្នាំ ២០០៥ – ២០០៩ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គហេរញ្ញិករងសភាមុខរបរ និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា (CPMEC)
* ផ្នែកអាជីវកម្ម :
អគ្គនាយកក្រុមហ៊ុន Mekong Oryza Trading Co., Ltd. នាំចូល និងនាំចេញស្រូវ និងអង្ករ
អគ្គនាយក ក្រុមហ៊ុន PPDE & C Co., Ltd. វិនិយោគ និងសំណង់ (ហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភ្លឺទីក្រុង)
ប្រធានក្រុមហ៊ុន Tropicam Irrigation Solutions Co., Ltd. ប្រព័ន្ធស្រោចស្រព និងការដំឡើងប្រព័ន្ធ
ប្រធានក្រុមហ៊ុន High Level Logistics (HLL) International Co., Ltd. ឡូជីស្ទីក និងដឹកជញ្ជូន
សហស្ថាបនិក និងជានាយក ក្រុមហ៊ុន Longmate Agriculture Co., Ltd. (ដាំដុះដំណាំចេក)
ប្រធាន ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. ផ្ទះសំណាញ់កសិកម្ម ដំណាំបន្លែ និងផ្លែឈើ
ប្រធាន ក្រុមហ៊ុន TOPSON International Co., Ltd. (នាំចូល នាំចេញ និងការកែច្នៃឈើ)
* សកម្មភាពមនុស្សធម៌
ក្នុងនាមជាអ្នកចូលរួមចំណែកក្នុងការងារមនុស្សធម៌ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា សកម្មភាពបោសសម្អាតមីន ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ មន្ទីរពេទ្យហ្លួងម៉ែ តាមរយៈមូលនិធិសម្តេចតេជោសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (T.Y.D.A.) មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សកម្មភាពអភិវឌ្ឍន៍សហគមន៍ផ្នែកអប់រំ និងសាលារៀន មន្ទីរពេទ្យកុមារអង្គរ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។
ដោយសារការចូលរួមចំណែកដ៏សំខាន់ទាំងនេះ លោកបានទទួលគ្រឿងឥស្សរិយយស និងមេដាយកិត្តិយសជាតិជាបន្តបន្ទាប់ រួមមាន មេដាយមាសស្ថាបនាជាតិ មេដាយមុនីសារភ័ណ្ឌ មេដាយមហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយសជាន់ខ្ពស់ «ជា តូបការ» ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានជូននៅឆ្នាំ ២០១៧៕


















