* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រឿងពិតនៅស្មាច់ដែង៖ ពេល «មន្ត្រីគ្រាប់ល្ពៅ» ឈរនៅចន្លោះការពិត និងយុត្តិធម៌

01-07-2026 15:58

(ស្មាច់ដែង/ខេត្តព្រះសីហនុ)៖ ក្នុងរដ្ឋមួយ អំពើពុករលួយ មិនមែនជាសត្រូវគ្រោះថ្នាក់បំផុតនោះទេ ពីព្រោះអំពើពុករលួយ នៅទីបំផុត អាចត្រូវបានរកឃើញដោយសវនកម្ម ការស៊ើបអង្កេត ឬការអនុវត្តច្បាប់។ ប៉ុន្តែ មានមន្ត្រីមួយប្រភេទ ដែលគ្រោះថ្នាក់ជាងនេះទៅទៀត។ ពួកគេមិនចាំបាច់យកលុយ។ ពួកគេមិនចាំបាច់ប្រើអំពើហិង្សា។ ពួកគេមិនចាំបាច់បំពានច្បាប់ដោយផ្ទាល់ឡើយ។ ពួកគេគ្រាន់តែធ្វើរឿងមួយប៉ុណ្ណោះ...គឺធ្វើឱ្យថ្នាក់ដឹកនាំមិនបានឮការពិតពីមូលដ្ឋាន។

នោះហើយជាមូលហេតុដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានព្រមានជាញឹកញាប់អំពីអ្វីដែលលោកហៅថា «មន្ត្រីគ្រាប់ល្ពៅ»

តាមប្រសាសន៍របស់សម្តេចតេជោ មន្ត្រីប្រភេទនេះ មិនត្រឹមតែលាក់បាំងការពិតប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យថ្នាក់ដឹកនាំសម្រេចចិត្តដោយផ្អែកលើព័ត៌មានខុស ឬមិនគ្រប់ជ្រុងជ្រោយ។ នៅពេលនោះ អ្នកដែលរងគ្រោះ មិនមែនមានតែប្រជាពលរដ្ឋប៉ុណ្ណោះទេ។ អ្នកដែលរងគ្រោះ គឺរដ្ឋទាំងមូល ពីព្រោះមន្ត្រីគ្រាប់ល្ពៅ គឺជាមន្ត្រីដែលមិនត្រឹមកុហកថ្នាក់លើប៉ុណ្ណោះទេ ប៉ុន្តែគឺ ជាមន្ត្រីដ៏អាក្រក់មួយដែលបំផ្លាញទំនុកចិត្តរវាងរដ្ឋនិងប្រជាជន។

ករណីដីនៅភូមិស្មាច់ដែង (ចំណុចអូរស្វាយ) ទំហំ ២៧ហិកតា៦៧៥ ស្ថិតក្នុងសង្កាត់រាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រហែលមិនមែនជាវិវាទដីធ្លីធម្មតាទៀតឡើយ។ ប្រជាជនមួយក្រុម បានទៅរស់នៅលើដីទីនោះ តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ ប៉ុន្តែក្រុមហ៊ុន ហាន់ ឃៀង ដែលមាន«មន្ត្រីគ្រាប់ល្ពៅ» ជួយការពារ បានអះអាងថា ដីទាំងនោះ គឺជាដីរបស់ឧក ញ៉ា ហាន់ឃៀង។ វិវាទដីធ្លីនេះ បានអូសបន្លាយជាងមួយទសវត្សរ៍។

* រឿងរ៉ាវនៅពីក្រោយវិវាទដីធ្លីជាង១០ឆ្នាំនៅស្មាច់ដែង

យោងតាមកំណត់ហេតុរបស់តុលាការ ថ្ងៃទី១៨ឧសភាឆ្នាំ២០២៦, សាលាខេត្ត នៅក្នុងឆ្នាំ២០១៦ នៅពេលដែលខេត្តបានបង្កើតគណៈកម្មការវាស់វែងដីជួនពលរដ្ឋ ពេលនោះ អតីត អភិបាលខេត្ត បានទទួលស្គាល់ថាមានពលដ្ឋ១៥គ្រួសារ ពិតជាបានស្នាក់នៅលើដីនោះ ពិត ប្រាកដមែន និងបានប្រាប់ដល់អាជ្ញាធរមិនឱ្យប៉ះពាល់ឡើយ ប៉ុន្តែក្រុមហ៊ុនឧកញ៉ា ហាន់ ឃៀង នៅតែរំលោភបំពានពលរដ្ឋទាំង១៥គ្រួសារនោះ ដោយបានធ្វើការកំទេចផ្ទះសំបែង និង ដំណាំរបស់ប្រជាពលរដ្ឋទាំង១៥គ្រួសារ។

ការកម្ទេចនេះ ផ្ទុយនឹងខ្លឹមសារនៃលិខិត លេខ ៩៧៨ ចុះថ្ងៃទី៧កុម្ភៈឆ្នាំ២០១៨ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ហាន់ ឃៀង ដែលអះអាងថា មាន សិទ្ធិកាន់កាប់ដីទំហំ៨៦ហិកតា២១អា៨៦សង្ទីអា (៨៦២ ១៨៦ម៉ែត្រក្រឡា) មិនត្រូវប៉ះពាល់ដល់កម្មសិទ្ធិប្រជាពលរដ្ឋទាំង១៥គ្រួសាររស់នៅទីនោះឡើយ។
អំពើរំលោភបំពានលើដីនិងកម្មសិទ្ធិរបស់ពលរដ្ឋនេះ ត្រូវបានពលរដ្ឋបានដាក់ពាក្យប្តឹងទៅ ក្រសួងមហាផ្ទៃ និង ក្រសួងដែនដីនគរូបនីយកម្ម ដើម្បីចាត់វិធានការ។

ខុទ្ទកាល័យក្រសួងមហាផ្ទៃ បានចេញលិខិតលេខ០៤១ សជណ/១៧ ចុះថ្ងៃទី៣០ឧសភាឆ្នាំ ២០១៨ ប្រាប់ខេត្តដើម្បីបំភ្លឺ ប៉ុន្តែខេត្តមិនមានវិធានការ។ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ វិច្ឆិកា២០១៩ បានចេញលិខិតស្នើសុំផ្តល់កម្មសិទ្ធិស្របច្បាប់លើដីទំហំ ២៧,៦៧៥.៧ហិកតា ស្ថិតនៅក្នុងភូមិស្មាច់ដែងនោះ ដើម្បីជូនប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរក្រោមបង្គាប់មិនមានការចាត់វិធានការឡើយ។

ការប្តឹងចុះឡើងរវាងក្រុមឧកញ៉ា ហាន់ ឃៀង និង តំណាងពលរដ្ឋទៅតុលាការ បានធ្វើជាបន្តបន្ទាប់ និងពេលខ្លះ រដ្ឋបាលខេត្ត ត្រូវពលរដ្ឋនិយាយថា បានប្រើសិទ្ធិរបស់ខ្លួនដាក់សម្ពាធមកលើពលរដ្ឋជាច្រើនលើកដើម្បីបង្ខំឱ្យចាកចេញ ប៉ុន្តែពលរដ្ឋគ្មានជម្រើសក្រៅពីក្រាញននៀលតវ៉ា សុំតែយុត្តិធម៌។

រឿងរ៉ាវអយុត្តិធម៌ដាក់មកលើប្រជាពលរដ្ឋ មានច្រើនថែមទៀត ប៉ុន្តែពលរដ្ឋនៅតែមានជំនឿថា «មន្ត្រីគ្រាប់ល្ពៅ» មិនអាចបិទបាំងការពិត ដល់ប្រមុខដឹកនាំជាតិ ដែលកំពុងកែទម្រង់ប្រទេសដើម្បីវិបុលភាពនៃប្រទេសកម្ពុជាឡើយ។

* ពេលសាលក្រមផ្តល់យុត្តិធម៌ ប៉ុន្តែមន្ត្រីគ្រាប់ល្ពៅបន្តរារាំង

នៅថ្ងៃទី១០មីនា ឆ្នាំ២០២៦ សវនាការសាលាដំបូងខេត្ត បានធ្វើការជំនុំជម្រះលើពលរដ្ឋតំណាងដី ក្នុងបទចោទប្រកាន់ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។ ក្នុង ន័យនេះ ពួកគេចោទថា ពលរដ្ឋដែលរស់នៅលើដីនោះ តាំងពីឆ្នាំ២០០៧ មកនោះ គឺជាពល រដ្ឋខុសច្បាស់ដោយសារបានរស់នៅលើដីរបស់ឧកញ៉ា ហាន់ ឃៀង។

ការចោទនេះ ត្រូវពលរដ្ឋតវ៉ាថា គឺផ្ទុយនឹងការពិត ១០០ភាគរយ ដោយសារពលរដ្ឋបានរស់នៅលើដីនោះតាំងពីឆ្នាំ២០០៧, ចំណែកឧកញ៉ា ហាន់ ឃៀង ដែល អះអាងថាមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ៖ ព.ន០០៩០៨២ ចុះថ្ងៃទី១៧ខែ កញ្ញា ឆ្នាំ២០១៨ បែរជានិយាយថា ដីទាំងឡាយនោះ គឺជាដីរបស់ខ្លួនទៅវិញ។

សវនាការសាលាដំបូងខេត្ត នៅថ្ងៃទី១៨ឧសភាឆ្នាំ២០២៦ ក្រោមត្រានិងហត្ថលេខារបស់ លោក ចៅក្រម កើត សាំង និង ក្រឡាបញ្ជី ទ្រី ឡៃអាន បានរកឃើញថា ដីដែលពលរដ្ឋរស់ នៅភូមិស្មាច់ដែង (ចំណុចអូរស្វាយ) សង្កាត់រាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺមិនមែន ជាដីកម្មសិទ្ធិរបស់ឧកញ៉ា ហាន់ ឃៀង ឡើយ។ សាលក្រមដដែល បានសម្រេចឱ្យពលរដ្ឋដែលក្រុមលោកឧកញ៉ា ហាន់ ឃៀង ចោទប្រកាន់ ត្រូវរួចផុតពីបទចោទប្រកាន់ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។ សាលក្រមនេះ មានន័យថា ដីដែលពលរដ្ឋបាន ស្នាក់នៅតាំងពីឆ្នាំ២០០៧ គឺជាដីរបស់ពលរដ្ឋទាំងនោះពិតប្រាកដមែន។

ប៉ុន្តែនៅពេលដែលតំណាងម្ចាស់ដី បានធ្វើលិខិតទៅក្រសួងនគរូបនីយកម្មនិងសំណង់ ដើម្បី ស្នើរកការខ្វៀលដីនោះក្នុងការគ្រប់គ្រងជាកម្មសិទ្ធិ ទីបំផុត ក៏បានលេចមុខមន្ត្រី «គ្រាប់ល្ពៅ» ម្នាក់ ដែលប្រភពពីក្រសួងដែនដី បានរៀបរាប់ថា លោកបានចេញមុខការពារថា ដីដែលពលរដ្ឋសុំខ្វៀលទាំងនោះ គឺជាដីរបស់ឧកញ៉ា ហាន់ ឃៀង និង បានតវ៉ា មិនឱ្យមានការ កាត់ខ្វៀលដី ឱ្យប្រជាជនដែលស្នើសុំនោះឡើយ។

មន្ត្រី «គ្រាប់ល្ពៅ» នោះ ត្រូវគេរាយការណ៍ថា ឈ្មោះ សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់។ លោក សុខ គាង គឺជាប្រធានក្រុមការងារដោះស្រាយ វិវាទដីធ្លី នៅក្នុងភូមិ សាស្ត្រ ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំមួយដើម្បីស្នើរកការខ្វៀលដីដល់ពលរដ្ឋនៅភូមិស្មាច់ដែង (ចំណុចអូរស្វាយ) សង្កាត់រាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក សុខ គាង បានតវ៉ាថា ដីទាំងនោះគឺជា របស់លោកឧកញ៉ា ហាន់ ឃៀង និង លោកអះអាងថា តាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត គឺគេ នឹងបង្ខំឱ្យពលរដ្ឋចាកចេញពីដីនៅទីនោះ តាមរយៈការដោះស្រាយឱ្យទៅនៅកន្លែងផ្សេង ដែលអ្វីទាំងនេះ គឺជាលក្ខណៈមួយនៃរបៀប បណ្តេញ ឬបង្ខំប្រជាជនឱ្យចាកចេញ ហើយគេនឹងបង្កើតឯកសារកំណត់ហេតុមួយ កុហកថាប្រជាជនបានទទួលយកដំណោះស្រាយនោះ ហើយដាក់ឈ្មោះដីដែលគេបានបង្ខំឱ្យពលរដ្ឋចាកចេញនោះទៅឱ្យលោកឧកញ៉ា ហាន់ ឃៀង។

ការជំទាស់របស់លោក សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការស្នើសុំកាត់ខ្វៀលដីជូនប្រជាពលរដ្ឋ បានបង្កើតសំណួរមួយដែលគួរត្រូវបានបំភ្លឺជាសាធារណៈ។

តើលោកបានពិនិត្យសាលក្រមរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចឱ្យតំណាងប្រជាពលរដ្ឋរួចផុតពីបទចោទប្រកាន់ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ក្រោយពិនិត្យអង្គហេតុ និងភស្តុតាងក្នុងសំណុំរឿងរួចហើយឬនៅ?

ប្រសិនបើលោកបានពិនិត្យសាលក្រមរួចហើយ តើមូលដ្ឋានច្បាប់ ឬអង្គហេតុណាដែលគាំទ្រការជំទាស់របស់លោក? ប៉ុន្តែប្រសិនបើមិនទាន់បានពិនិត្យទេ តើការសម្រេចជំទាស់នោះអាចផ្អែកលើព័ត៌មានពេញលេញបានយ៉ាងដូចម្តេច?

ដូច្នេះសំណួរពិតប្រាកដប្រហែលមិនមែនថា បញ្ហាស្ថិតនៅលើច្បាប់នោះទេ។ សំណួរគឺថា តើអង្គហេតុ និងឯកសារដែលមានស្រាប់ ត្រូវបានពិនិត្យ និងយកមកពិចារណាគ្រប់ជ្រុងជ្រោយហើយឬនៅ?

* គ្រោះថ្នាក់របស់ «មន្ត្រីគ្រាប់ល្ពៅ»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនបានព្រមានអំពី «មន្ត្រីគ្រាប់ល្ពៅ» ដោយគ្មានមូលហេតុនោះទេ។ មន្ត្រីប្រភេទនេះ មិនគ្រោះថ្នាក់ដោយសារពួកគេចេះនិយាយពិរោះ ឬរៀបចំរបាយការណ៍ល្អប៉ុណ្ណោះទេ។

គ្រោះថ្នាក់ពិតប្រាកដ គឺនៅត្រង់ថា តើពួកគេ អាចធ្វើឱ្យថ្នាក់ដឹកនាំសម្រេចចិត្តលើមូលដ្ឋានព័ត៌មានដែលមិនពេញលេញ ឬមិនឆ្លុះបញ្ចាំងអង្គហេតុទាំងមូល។

ករណីដីនៅភូមិស្មាច់ដែង គឺជាឧទាហរណ៍ដែលលើកសំណួរនេះឡើងយ៉ាងច្បាស់។ នៅពេលប្រជាពលរដ្ឋអះអាងថា មានប្រវត្តិរស់នៅតាំងពីឆ្នាំ២០០៧ មានការទទួលស្គាល់ពីអាជ្ញាធរ មានលិខិតរដ្ឋបាល និងមានសាលក្រមរបស់តុលាការក្រោយពិនិត្យអង្គហេតុ និងភស្តុតាង ប៉ុន្តែការស្នើសុំដោះស្រាយនៅតែជួបការជំទាស់ នោះសំណួរមិនមែនស្ថិតនៅលើប្រជាពលរដ្ឋតែម្នាក់ឯងទេ។

សំណួរគឺ៖ តើអង្គហេតុ និងឯកសារទាំងអស់នេះ ត្រូវបានរាយការណ៍ទៅថ្នាក់ដឹកនាំគ្រប់ជ្រុងជ្រោយហើយឬនៅ?
ប្រសិនបើការពិតមិនអាចទៅដល់អ្នកសម្រេចចិត្តបាន នោះការសម្រេចចិត្ត ក៏អាចមិនឆ្លុះបញ្ចាំងការពិតដែរ។ ហើយនៅពេលការសម្រេចចិត្តមិនឆ្លុះបញ្ចាំងការពិត យុត្តិធម៌ក៏ពិបាកទៅដល់ប្រជាពលរដ្ឋដូចគ្នា។

សេចក្តីសន្និដ្ឋាន៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា៖ «យើងជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋឡើយ»

ប្រសាសន៍នេះ មិនមែនគ្រាន់តែជាការរំលឹកអំពីសីលធម៌របស់មន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍ស្នូលនៃអភិបាលកិច្ចល្អ។ មន្ត្រីគ្រប់រូប មានកាតព្វកិច្ចរាយការណ៍ការពិតជូនថ្នាក់ដឹកនាំ ដោយមិនបន្ថែម មិនបន្ថយ និងមិនបិទបាំងអង្គហេតុ។

សម្រាប់ប្រជាពលរដ្ឋនៅភូមិស្មាច់ដែង អ្វីដែលពួកគេស្នើសុំ មិនមែនជាអំណោយ ឬការអនុគ្រោះពីរដ្ឋនោះទេ។ ពួកគេស្នើសុំតែឱ្យការសម្រេចចិត្តលើជោគវាសនារបស់ពួកគេ ផ្អែកលើអង្គហេតុ ឯកសារ និងច្បាប់។

ប្រសិនបើឯកសាររដ្ឋ សាលក្រម និងការពិតនៅមូលដ្ឋាន ត្រូវបានយកមកពិចារណាដោយស្មោះត្រង់ នោះយុត្តិធម៌នឹងមានឱកាសទៅដល់ប្រជាពលរដ្ឋ។ ប៉ុន្តែប្រសិនបើការពិតត្រូវបានបិទបាំង ឬការរាយការណ៍មិនឆ្លុះបញ្ចាំងអង្គហេតុទាំងមូល នោះអ្នកដែលខាតបង់ មិនមែនតែប្រជាពលរដ្ឋទេ ប៉ុន្តែគឺជាទំនុកចិត្តរវាងរដ្ឋ និងប្រជាជន។ ប្រទេសមួយ មិនខ្លាចការពិតទេ។ អ្វីដែលប្រទេសមួយគួរខ្លាច គឺការសម្រេចចិត្តដែលធ្វើឡើងដោយគ្មានការពិត។ ព្រោះនៅពេលការពិតទៅដល់អ្នកសម្រេចចិត្ត យុត្តិធម៌នឹងមានឱកាសទៅដល់ប្រជាពលរដ្ឋ។

ដោយ ម៉ារ យ៉ារិទ្ធិ