* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និស្សិតស្រីម្នាក់ ត្រូវរថយន្តដឹកសសរបេតុងរបស់ក្រុមហ៊ុន «បូសខន» បុកស្លាប់មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ, គ្រួសារនារីរងគ្រោះទទូចសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ព្រោះក្រុមហ៊ុនចង់ផ្តល់សំណងត្រឹម ​២២០០ដុល្លារ

01-07-2026 17:39

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យនិស្សិតស្រីម្នាក់បាត់បង់ជីវិត កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ហាក់កំពុងស្ថិតក្នុងភាពស្រពិស្រពិល និងស្ងាត់ជ្រាប ដែលធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះធ្លាក់ក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំង រហូតដង្ហោយហៅស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីស្វែងរកពន្លឺយុត្តិធម៌។ ករណីនេះ បានកើតឡើងនៅចំណុចក្បែររង្វង់មូលគួរស្រូវ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តខ្នាតយក្សដឹកសសរបេតុងរបស់ក្រុមហ៊ុន «បូសខន អ៊ិនវេសម៉ិន ត្រេឌីង» (Bosskorn Investment Trading)។

យុវតីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ស៊ុំ លីហ្សា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ យោងតាមប្រភពពីកន្លែងកើតហេតុ និងក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខ្នាតយក្សរបស់ក្រុមហ៊ុនខាងលើ បានបើកបរដឹកសសរបេតុងធំៗចេញពីទីតាំងក្រុមហ៊ុន ដោយការធ្វេសប្រហែសបំផុត និងគ្មានព្រូឡាន (អ្នកបញ្ជាចរាចរណ៍) ចាំជួយសម្រួលផ្លូវនោះឡើយ។ ស្ថានភាពនេះបានធ្វើឱ្យយុវតីរងគ្រោះ ដែលកំពុងធ្វើដំណើរលើផ្លូវអាទិភាពវាក់អើ រហូតជ្រុលចង្កូតចូលក្រោមរថយន្ត បណ្តាលឱ្យកិនស្លាប់បាត់បង់ជីវិតភ្លាមៗ។

ក្រោយពេលកើតហេតុ តៃកុងរថយន្តបង្កបានរត់គេចខ្លួនចូលទៅក្នុងទីតាំងក្រុមហ៊ុនបាត់ស្រមោល ខណៈខាងក្រុមហ៊ុនបានរងការចោទប្រកាន់ថា បានព្យាយាមលាក់បាំងជនបង្ក និងមិនបង្ហាញទំនួលខុសត្រូវចំពោះមុខច្បាប់។ ក្រុមគ្រួសារសពបានសម្តែងការហួសចិត្ត និងឈឺចាប់ជាខ្លាំង ចំពោះចំណាត់ការដោះស្រាយនាពេលកន្លងមក ដោយពួកគាត់បានទម្លាយថា ខាងក្រុមហ៊ុនបានព្យាយាមបញ្ចប់រឿងដោយផ្តល់ប្រាក់សំណងត្រឹមតែ ២,២០០ដុល្លារប៉ុណ្ណោះ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់តម្លៃជីវិតមនុស្ស។

ឪពុកម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា «មកដល់ពេលនេះ កូនស្រីខ្ញុំស្លាប់ទៅហើយ ឯសំណុំរឿងមិនដឹងដល់ណានោះទេ ឬក៏គេបិទសំណុំរឿងចោលហើយ ព្រោះតែឃើញយើងជាគ្រួសារក្រីក្រ? គេឱ្យតម្លៃជីវិតកូនស្រីខ្ញុំត្រឹមតែ ២,២០០ដុល្លារ បើមិនយកក៏មិនដឹងធ្វើអ្វីគេដែរ។ ក្រុមហ៊ុននេះប្រាកដជារបស់អ្នកមានអំណាចហើយ បានជាសំណុំរឿងស្ងាត់ជ្រាបដូចចោរលួចសេះបែបនេះ»។ សម្តីទាំងនេះបានឆ្លុះបញ្ចាំងពីភាពអស់សង្ឃឹម និងការឈឺចាប់យ៉ាងខ្លាំងរបស់ក្រុមគ្រួសារ ដែលមានអារម្មណ៍ថា យុត្តិធម៌កំពុងតែឃ្លាតឆ្ងាយពីពួកគាត់។

ដោយសារតែបាត់បង់ជំនឿចិត្តលើចំណាត់ការនៃការដោះស្រាយ និងបារម្ភថាខ្លួនជាជនក្រីក្រត្រូវរងភាពអយុត្តិធម៌រាប់សិបឆ្នាំ គ្រួសារសពបានអំពាវនាវ និងដាក់ក្តីសង្ឃឹមចុងក្រោយទៅលើថ្នាក់ដឹកនាំពាក់ព័ន្ធជួយអន្តរាគមន៍ និងផ្តល់ពន្លឺយុត្តិធម៌ដ៏ពេញលេញមួយជូនដល់កូនស្រីរបស់ពួកគាត់ផង។ ការអំពាវនាវនេះ គឺជាការបង្ហាញពីជំនឿទុកចិត្តចុងក្រោយរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំកំពូល ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងតម្លាភាព។

មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើន កំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើមានចំណាត់ការយ៉ាងដូចម្តេចចំពោះជនបង្កហេតុប្រកបដោយតម្លាភាព និងយុត្តិធម៌កម្រិតណា ដើម្បីកុំឱ្យតម្លៃជីវិតមនុស្ស ត្រូវបានទិញដូរដោយទឹកប្រាក់ដ៏តិចតួចបែបនេះ។ ករណីនេះបានក្លាយជាប្រធានបទក្តៅគគុកមួយ ដែលទាមទារឱ្យមានការដោះស្រាយប្រកបដោយភាពម៉ឺងម៉ាត់ និងស្មើភាពគ្នាចំពោះមុខច្បាប់ ដើម្បីធានាបាននូវជំនឿទុកចិត្ត របស់សាធារណជនចំពោះប្រព័ន្ធយុត្តិធម៌៕