* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុង «ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦»

01-07-2026 19:44

(ភ្នំពេញ)៖ លោកបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុង «ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦» នៅសាលមហោស្រពកោះពេជ្រ

ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រឹទ្ធបូជាចារ្យ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាង ២ ០០០នាក់។

ក្នុងឱកាសនោះលោកបណ្ឌិត ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធី ដែលបានបង្កើតកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់គ្រិស្តបរិស័ទក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងបានគូសបញ្ជាក់ថា «ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦» មិនត្រឹមតែជាការជួបជុំដើម្បីអធិដ្ឋានអរព្រះគុណព្រះយេស៊ូគ្រិស្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិវាដែលគ្រិស្តបរិស័ទនៅទូទាំងប្រទេស បានរួមគ្នាអធិដ្ឋានសូមសេចក្តីសុខដល់ប្រទេសជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរក្សាឱ្យបាននូវសាមគ្គីភាព ព្រមទាំងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ ហើយបានបន្តការពារ ពង្រឹង និងអភិវឌ្ឍឥតឈប់ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត ចាយ បូរិន បានលើកឡើងថា ការបង្ហាញឱ្យឃើញនូវការរីកចម្រើនរបស់ជំនឿគ្រិស្តសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើកស្ទួយ សុខដុមនីយកម្មវិស័យគ្រិស្តសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់អំពើបាបអកុសលទាំងពួងនៅក្នុងសង្គម សំដៅរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត ក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនរុងរឿងជានិរន្តរ៍ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត ចាយ បូរិន តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា ព្រមទាំងបរិស័ទគ្រប់និកាយសាសនា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ចាយ បូរិន បានបន្តថា ការអនុវត្តយន្តការផ្សះផ្សារដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌នៅចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព»។

លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដូចខាងក្រោម៖

ទី១. សូមឱ្យថ្នាក់ដឹកនាំនិងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រិស្តបរិស័ទ និងត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍នៃសុខដុមនីយកម្មសាសនា។

ទី២. ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រិស្តបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងធម្មការ និងសាសនា។

និងទី៣. បង្កើនសកម្មភាពនៅក្នុងសង្គមឱ្យបានទូលំទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនានានា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃជំនឿ និងព្រះនាម ព្រះយេស៊ូគ្រិស្តពិតប្រាកដ៕