វិភាគអន្តរជាតិ៖ ហេតុអ្វីចិនក្ដៅស្លឹកត្រចៀកនឹងកិច្ចចរចាជប៉ុន-ហ្វីលីពីន លើការកំណត់ព្រំដែនសមុទ្រ?

01-07-2026 22:07

(តូក្យូ)៖ ការសម្រេចចិត្តរបស់ជប៉ុន និងហ្វីលីពីនដើម្បីចាប់ផ្ដើមកិច្ចចរចាលើការកំណត់ព្រំដែនសមុទ្រគឺជាការអនុវត្តជាធម្មតាក្នុងច្បាប់អន្តរជាតិ។ ប៉ុន្តែការឆ្លើយតបដោយខឹងសម្បាររបស់ចិនបានបង្ហាញថា កិច្ចចរចាមិនមែនមានជាប់ពាក់ព័ន្ធត្រឹមតែការកំណត់ព្រំដែនសមុទ្រប៉ុណ្ណោះទេ។ ទីក្រុងប៉េកាំងបានអះអាងថាកិច្ចចរចារវាងជប៉ុន និងហ្វីលីពីនជាការរំលោភបំពានលើសិទ្ធិដែនសមុទ្រដែលខ្លួនទាមទារជុំវិញ កោះតៃវ៉ាន់ ហើយមើលឃើញថាកិច្ចចរចារបៀបនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងយ៉ាងទូលំទូលាយនៃសម្ព័ន្ធមិត្តដ៏សំខាន់២របស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែ ស៊ីជម្រៅក្នុងដែនទឹកដែលផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍សន្តិសុខរបស់ចិន។

នៅពេលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រើប្រាស់កិច្ចប្រជុំកំពូលមួយក្នុងទីក្រុងតូក្យូ កាលពីខែឧសភា ដើម្បី ប្រកាសចាប់ផ្ដើមបើកកិច្ចចរចាទ្វេភាគីស្ដីពីការកំណត់ព្រំដែនសមុទ្រ ចិនបានបញ្ចេញប្រតិកម្មទាំងកំហឹង។ ចិនមិនត្រឹមតែចាត់ទុកកិច្ចចរចារវាងជប៉ុន និងហ្វីលីពីនខុសច្បាប់ គ្មានន័យ និងដាក់កំណត់ទូតតវ៉ា ប៉ុណ្ណោះទេ ប៉ុន្តែប៉េកាំងក៏បានធ្វើសកម្មភាពជាក់ស្ដែងបន្ថែមពីលើវោហាសាស្ត្ររបស់ខ្លួនផងដែរ តាមរយៈការបញ្ជូននាវាឆ្មាំសមុទ្រធ្វើបេសកកម្មដែលខ្លួនហៅថាជាប្រតិបត្តិការល្បាតពង្រឹងការអនុវត្តច្បាប់ នៅប៉ែកខាងកើតនៃកោះតៃវ៉ាន់ដែលចិនចាត់ទុកថាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ តាមរយៈការពង្រីកការធ្វើប្រតិបត្តិការពីភាគខាងត្បូងកោះ Yonaguni ចូលទៅក្នុងដែនទឹកដែលទីក្រុងតូក្យូចាត់ទុកជា ផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ខ្លួន ចិនបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តប្រឆាំងជំទាស់ទៅនឹងកិច្ចចរចារវាងជប៉ុន និងហ្វីលីពីន ទាំងតាមផ្លូវការទូត និងការធ្វើសកម្មភាពជាក់ស្ដែង នៅដែនសមុទ្រ។

* លើសពីកិច្ចចរចាធម្មតា
ដូច្នេះតើហេតុអ្វីបានជាចិនខឹងសម្បារទៅនឹងកិច្ចចរចារវាងជប៉ុន និងហ្វីលីពីន? ចម្លើយនៅទីនេះ មានជាប់ពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រដ៏វិសេសនៃតំបន់ដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ជាទីដែលច្បាប់អន្តរជាតិ ភាពចម្រូងចម្រាសនៃឋានៈរបស់តៃវ៉ាន់ និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិនបានជួបប្រសព្វគ្នា។ និយាយឱ្យខ្លី កិច្ចចរចាស្ដីពីការកំណត់ព្រំដែនសមុទ្របានក្លាយទៅជា ជម្លោះភូមិសាស្ត្រនយោបាយដែលនឹងកំណត់ថាតើនរណាមានឥទ្ធិពល ឬមានសមត្ថភាពគ្រប់គ្រងចាត់ចែងលើដែនទឹកភាគខាងកើតកោះតៃវ៉ាន់ដែលជាចំណុចដ៏សើបបំផុតមួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជប៉ុន និងហ្វីលីពីនមិនមានព្រំដែនគោកជាប់គ្នានោះទេ។ ប៉ុន្តែតំបន់ EEZ និងខ្ពង់រាបបាតសមុទ្ររបស់ប្រទេសទាំង២ស្ថិតនៅត្រួតស៊ីគ្នា ដោយសារតែដែនកោះភាគនីរតីរបស់ជប៉ុន និងដែនកោះភាគខាងជើងបំផុតរបស់ ហ្វីលីពីនស្ថិតនៅចម្ងាយពីគ្នាត្រឹមតែ ៧៤០គីឡូម៉ែត្រប៉ុណ្ណោះ។

ព្រមពេលជាគ្នា តៃវ៉ាន់ស្ទើរតែស្ថិតនៅកៀបចំកណ្ដាលចន្លោះរវាងជប៉ុន និងហ្វីលីពីន។ ការកំណត់ព្រំដែនសមុទ្រណាមួយនៅពេលអនាគតអាចនឹងត្រូវឆ្លងកាត់តាមដែនទឹកជាទីដែលតៃវ៉ាន់ត្រូវបានសន្មត់ថាមាន សិទ្ធិដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយដែនទឹកទាមទារដោយទីក្រុងតូក្យូ និងទីក្រុងម៉ានីល។ ដោយសារតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ម្លោះហើយសិទ្ធិដែនសមុទ្ររបស់តៃវ៉ាន់ក៏ត្រូវបានប៉េកាំង ចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។ ដូច្នេះកិច្ចចរចារវាងជប៉ុន និងហ្វីលីពីនប្រាកដជាមានជាប់ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ដោយចៀសមិនរួចដែលនេះធ្វើឱ្យកិច្ចចរចាមួយដែលគួរតែជានីតិវិធីច្បាប់ធម្មតាមួយក្លាយ ទៅជាបញ្ហាមួយខាងយុទ្ធសាស្ត្រ និងនយោបាយ។

* ហេតុអ្វីចិនខ្វាយខ្វល់ខ្លាំងម្ល៉េះ?

ចិនបានអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលមិនអាចកាត់ផ្ដាច់ចេញដាច់ខាត ហើយថាសិទ្ធិដែនសមុទ្ររបស់តៃវ៉ាន់ក៏ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។ ផ្អែកលើការទទូចបែបនេះ កិច្ចចរចាណាមួយលើការកំណត់ព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីនគឺមិនអាចធ្វើឡើងដោយមិនមានការចូលរួមពីចិនបាននោះទេ។ ជប៉ុន និងហ្វីលីពីនបានច្រានចោលការយល់ឃើញដូច្នេះ ហើយខណៈ ទទួលស្គាល់ «គោលនយោបាយចិនតែមួយ» ប្រទេសទាំង២មិនបានទទួលស្គាល់ការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់នោះឡើយ។ តាមរយៈការចរចានៅក្រោមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ជប៉ុន និងហ្វីលីពីនបានចាត់ទុកបញ្ហាកំណត់ព្រំដែនសមុទ្រគឺជាកិច្ចការទ្វេភាគីដែលមិនចាំបាច់តម្រូវឱ្យចិនចូលរួមនោះទេ។

ប៉ុន្តែប្រសិនបើកិច្ចចរចាទទួលបានជោគជ័យ នោះកិច្ចព្រមព្រៀងស្ដីពីការកំណត់ព្រំដែនសមុទ្រនឹងជួយពង្រឹងក្របខណ្ឌមួយសម្រាប់ការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នា។ «កិច្ចចរចាត្រូវបានធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន តាមរយៈការបញ្ជាក់ឱ្យច្បាស់ៗពីព្រំដែន និងការសម្របសម្រួលទំនាក់ទំនងកាន់តែជិតស្និទ្ធទាំងនយោបាយ យោធា និងសេដ្ឋកិច្ច»។ នេះតាមលោក James Kraska ជាអ្នកជំនាញម្នាក់ស្ដីពីច្បាប់សមុទ្រអន្តរជាតិមកពីសាកលវិទ្យាល័យ U.S. Naval War College។ ក្នុងន័យនេះកិច្ចព្រមព្រៀងព្រំដែនសមុទ្រ នឹងនាំទៅរកការបង្កើតក្របខណ្ឌច្បាប់ ជាក់លាក់មួយនៅក្នុងដែនទឹកយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់សមុទ្រចិនខាងកើត ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

លើសពីការកំណត់ព្រំដែនសមុទ្រ កិច្ចព្រមព្រៀងណាមួយរវាងជប៉ុន និងហ្វីលីពីននឹងចូលរួមចំណែកបន្តិចម្ដងៗ ទៅក្នុងយុទ្ធសាស្ត្រមួយរបស់សហរដ្ឋអាមេរិកដែលគេស្គាល់ថា «first island chain»។ សហរដ្ឋអាមេរិកបានចាត់ទុកតៃវ៉ាន់ជាទីភូមិសាស្ត្រដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រយោធាដែលគេស្គាល់ថា «first island chain» រត់កាត់ចាប់ពីទីប្រជុំកោះ Borneo ទៅកាន់ ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសទាំង៣នេះសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងទទួលឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ពួកគេ។ first island chain មានសារៈសំខាន់សម្រាប់ សហរដ្ឋអាមេរិក ក៏ព្រោះតែការកាន់កាប់ទីតាំងយុទ្ធសាស្ត្របែបនេះនឹងផ្ដល់ផលចំណេញយ៉ាងធំធេងដល់យោធាអាមេរិក ក្នុងការរាំងខ្ទប់ការដាក់ពង្រាយកងទ័ពរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ បែបនេះហើយ ប៉េកាំងបានចាត់ទុក first island chain គឺជាយុទ្ធសាស្ត្រហ៊ុមព័ទ្ធចង់គ្រប់គ្រងលើចិន។

សម្រាប់ចិនវិញ ដែនទឹកដែលតភ្ជាប់សមុទ្រចិនខាងកើតច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីអាចបាចសាចអំណាចក្នុងតំបន់ប៉ាស៊ីហ្វិក។ ខុសពីច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់ទឹករាក់ និងមានចរាចរណ៍សមុទ្រមមាញឹក តំបន់ទឹកជ្រៅនៃសមុទ្រហ្វីលីពីននឹងផ្ដល់ឱ្យកងទ័ពចិននូវផ្លូវទឹកដ៏សំខាន់មួយចូលកាន់តំបន់ប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ។ ក្រុមអ្នកវិភាគខាងយោធាបានចាត់ទុក ជាយូរមកហើយថាផ្លូវទឹកនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការធ្វើប្រតិបត្តិការរបស់កងទ័ពជើងទឹកចិនហួសពីតំបន់យុទ្ធសាស្ត្រ first island chain ហើយនៅក្រោមហេតុផលដូចគ្នានេះដែរ ទើបការពង្រឹង កិច្ចសហប្រតិបត្តិការនៅទូទាំងផ្លូវទឹកដដែលនេះបានក្លាយជាកម្មវត្ថុរឹតតែសំខាន់ឡើងសម្រាប់ជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពល និងសកម្មភាពយោធារបស់ចិន៕