World Cup 2026៖ អង់គ្លេស ទម្លាក់កុងហ្គោត្រឹម ២-១ មុនពេលប៊ែលហ្ស៊ិក បញ្ជូនសេណេហ្គាល់ទៅផ្ទះក្នុងម៉ោងថែម

02-07-2026 07:39

(បរទេស)៖ ក្រុមតោកំណាចអង់គ្លេស អតីតជើងឯក World Cup តែ ១លើកក្នុងទឹកដីរបស់ខ្លួនកាលឆ្នាំ១៩៦៦ បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ដែរហើយ ជាមួយនឹងជ័យជម្នះត្រឹម ២ទល់នឹង១ ទៅលើកុងហ្គោ គ្រាដែលប៊ែលហ្ស៊ិកយកឈ្នះសេណេហ្គាល់ ៣-២ ក្នុងម៉ោងថែម ១៥នាទី ២ដង។

នេះមានន័យថា អង់គ្លេស ដែលមានគ្រូបង្វឹកអាល្លឺម៉ង់ លោក Thomas Tuchel ដឹកនាំនោះ ត្រូវប្រឈមមុខនឹងសហម្ចាស់ផ្ទះមិចស៊ិក ដែលពុំទាន់របូត ១គ្រាប់នៅឡើយទេ និងជាគូដែលតានតឹងបំផុតផងដែរ នៅពេលដែលបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក ត្រូវរង់ចាំរវាងក្រុមឈ្នះបូស្នី ឬក៏សហម្ចាស់ផ្ទះអាមេរិក ក្នុងវគ្គ ១៦ក្រុមនៃ World Cup ជំនាន់ទី២៣។

ក្នុងជំនួប ៩០នាទីពេញនៅឯទីក្រុង Atlanta តោកំណាចអង់គ្លេសបានវាយបកឈ្នះក្រុមមកពីអាហ្រ្វិក កុងហ្គោដោយ ភាពតានតឹងបំផុត ពោលគឺត្រូវរង់ចាំរហូតដល់នាទី៧៥ និងនាទី៨៦ ទើបប្រធានក្រុម Harry Kane ស៊ុតវាយបកបាន ២គ្រាប់ម្នាក់ឯងតែម្តង ក្រោយពេលកុងហ្គោបានបើកការនាំមុខ ១គ្រាប់មុនតាំងពីនាទីទី៧ មកម្ល៉េះ។

ចំណែកឯប៊ែលហ្ស៊ិកវិញ ក៏បានវាយបកទម្លាក់ក្រុមមកពីអាហ្រ្វិក សេណេហ្គាល់ ៣-២ ក្នុងម៉ោងថែម ១៥នាទី ២ដង ក្រោយប្រកួតពេញម៉ោង ៩០នាទី ស្មើគ្នា ២-២ ពីក្នុងវគ្គ ៣២ក្រុមនេះដែរ។

ប៊ែលហ្ស៊ិក ដែលធ្លាប់ជាក្រុមឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង FIFA World Ranking ផងនោះ បានវាយបកតាមស្មើ ២-២ វិញ ក្រោយពេលក្រុមជើងឯកមកពីតំបន់អាហ្រ្វិក សេណេហ្គាល់បានបើកការនាំមុខ ២គ្រាប់មុនគិតត្រឹមនាទី៥១ និងគ្រាប់ទី៣ ជ័យជម្នះធ្វើបានដោយបាល់ពិន័យប៉េណាល់ទី ទាត់ដោយកីឡាករ Yuri Tielemans ក្នុងនាទី១២០+៥៕