* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលខណ្ឌដង្កោ បន្តពន្លឿនការងារស្តារប្រឡាយចំនួន៣ខ្សែ ដើម្បីត្រៀមរំដោះទឹកជំនន់ក្នុងរដូវវស្សា

02-07-2026 13:00

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ បាននិងកំពុងបន្តពន្លឿនការងារស្តារប្រឡាយចំនួន៣ខ្សែនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងគោលបំណងត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ និងទប់ស្កាត់ការជន់លិចផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរដូវវស្សានេះ។

កិច្ចការដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការគ្រប់គ្រង និងរំដោះជំនន់ទឹកភ្លៀងប្រកបដោយប្រសិទ្ធភាព។

លោក សំ ញ៉ូវ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខណ្ឌដង្កោ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីធានាថាប្រព័ន្ធបង្ហូរទឹកនៅក្នុងមូលដ្ឋានមានដំណើរការល្អប្រសើរ។ ប្រឡាយទាំង៣ខ្សែដែលកំពុងត្រូវបានស្តារឡើងវិញ រួមមាន៖

*ទី១៖ ប្រឡាយម័រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងសរុប ៣.៣០០ ម៉ែត្រ។ ក្រុមការងារបានចាប់ផ្តើមប្រតិបត្តិការកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយប្រើប្រាស់គ្រឿងចក្រចំនួន២គ្រឿង។ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នេះ ការងារបានសម្រេចប្រវែង ៥៥០ ម៉ែត្រ ហើយត្រូវបានរំពឹងថានឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល២សប្តាហ៍ទៀត។

*ទី២៖ ប្រឡាយជប៉ុន (MCC) ស្ថិតក្នុងសង្កាត់រលួស ដែលមានប្រវែង ២.៣៥០ ម៉ែត្រ។ ប្រឡាយនេះត្រូវបានស្តាររួចរាល់ជាស្ថាពរ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីតំបន់នេះ។

*ទី៣៖ ប្រឡាយនៅព្រំប្រទល់សង្កាត់ព្រែកកំពឺស និងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដែលមានប្រវែងសរុប ៣.៤៧០ ម៉ែត្រ។ មកទល់ពេលនេះ ការងារស្តារបានសម្រេចប្រវែងជាង ១.០០០ ម៉ែត្រហើយ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានថ្លែងថា ការងារស្តារប្រឡាយម័រ ក្នុងសង្កាត់ដង្កោ ពិតជាបានជួបប្រទះនូវការលំបាកមួយចំនួន ដោយសារតែប្រឡាយនេះមានស្ពានឆ្លងកាត់ច្រើន ដែលបង្កការរអាក់រអួល ដល់ការចល័តគ្រឿងចក្រធុនធ្ងន់ដើម្បីកាយល្បាប់ និងភក់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការយកចិត្តទុកដាក់ និងការណែនាំផ្ទាល់ពីលោក ឃួង ស្រេង រដ្ឋបាលខណ្ឌដង្កោ បាននិងកំពុងខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ ដើម្បីធានាថាការងារនេះប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី គឹម ញឹប បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះលោក ឃួង ស្រេង ដែលបានផ្តល់ការណែនាំ និងការគាំទ្រដល់ក្រុមការងារក្នុងការស្តារប្រឡាយទាំង៣ខ្សែនេះ។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ប្រឡាយទាំងអស់ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាអនាម័យ បរិស្ថានល្អប្រសើរ បញ្ចៀសការលិចលង់ និងរួមចំណែកលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញរបស់យើង។

ពាក់ព័ន្ធនឹងការងារនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ ដែលបានយក ចិត្តទុកដាក់ស្តារប្រឡាយរំដោះទឹកទាំងនេះ។ ពួកគាត់បានលើកឡើងថា ការស្តារប្រឡាយខាងលើនេះ នឹងធ្វើឱ្យទឹកហូរបានលឿន កាត់បន្ថយបាននូវការលិចលង់ផ្ទះសម្បែង និងផលប៉ះពាល់ផ្សេងៗទៀតក្នុងរដូវវស្សា ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺការបាត់បង់ជម្រកមូស ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រុនឈាមផងដែរ។ កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខណ្ឌដង្កោ ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕