អគ្គនាយក TVK៖ ការពង្រឹងសមត្ថភាពមន្ត្រីទូរទស្សន៍ជាតិកម្ពុជា ជាយុទ្ធសាស្ត្រគន្លឹះឆ្លើយតបបដិវត្តន៍បច្ចេកវិទ្យាឌីជីថល
02-07-2026 13:21
(ភ្នំពេញ)៖ លោក ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក.) បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការនៅក្នុងស្ថាប័ន គឺជាការវិនិយោគដ៏សំខាន់លើធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ឱ្យស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការថ្មីៗរបស់សង្គម។
ការលើកឡើងបែបនេះរបស់លោក ឃឹម វុទ្ធី បានធ្វើឡើងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានទូរទស្សន៍» និង «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ឃឹម វុទ្ធី បានបញ្ជាក់ថា ក្នុងបរិបទដែលព័ត៌មានត្រូវបានផលិត ផ្សព្វផ្សាយ និងចែករំលែកក្នុងល្បឿនលឿនតាមរយៈវេទិកាឌីជីថល និងបណ្តាញសង្គម មន្ត្រីសារព័ត៌មានត្រូវតែបន្តអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ដើម្បីអាចផលិតខ្លឹមសារព័ត៌មានដែលមានគុណភាព មានភាពត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបនឹងតម្រូវការរបស់សាធារណជន។
លោក ឃឹម វុទ្ធី បានគូសបញ្ជាក់បន្ថែមថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យសារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានរបស់យើង មិនត្រឹមតែជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏រឹងមាំក្នុងការតភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋផងដែរ។
ដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏លឿននេះ ការពង្រឹងសមត្ថភាពមន្ត្រីនៅក្នុងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា គឺជារឿងចាំបាច់បំផុត។ ដូច្នេះហើយទើប អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សហការជាមួយមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន បើកវគ្គបណ្តុះបណ្តាលនាពេលនេះឡើងក្នុងគោលបំណងច្បាស់លាស់ គឺពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីឱ្យកាន់តែមានជំនាញខ្ពស់ ទាំងលើបច្ចេកទេសសរសេរអត្ថបទព័ត៌មានទូរទស្សន៍ ដែលទាមទារភាពខ្លី ខ្លឹម និងទាក់ទាញ និងជំនាញបច្ចេកទេសថតវីដេអូ ព្រមទាំងការផលិតមាតិកាឌីជីថលប្រកបដោយគុណភាព។ លើសពីនេះ ការយល់ដឹង និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ជាស្នូលដ៏សំខាន់ដែលមិនអាចរំលងបានឡើយ។
លោក ឃឹម វុទ្ធី បានគូសបញ្ជាក់ដែរថា ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបផលិត និងប្រើប្រាស់ព័ត៌មាន។ ដូច្នេះ មន្ត្រីទូរទស្សន៍ជាតិ មិនអាចពឹងផ្អែកលើចំណេះដឹង និងបទពិសោធន៍ចាស់ៗតែមួយមុខបានទេ ប៉ុន្តែត្រូវតែសិក្សារៀនសូត្របន្ថែមជានិច្ច ដើម្បីអភិវឌ្ឍជំនាញទាំងផ្នែកការសរសេរព័ត៌មាន ការថត ការកាត់ត ការផលិតកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សម្រាប់បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពផលិតកម្មព័ត៌មាន។
អគ្គនាយក TVK បានសង្កត់ធ្ងន់ថា ការកសាងធនធានមនុស្សប្រកបដោយគុណភាព គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន និងធានាឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អាចប្រកួតប្រជែងក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ។ ជាពិសេស មន្ត្រីត្រូវមានទាំងសមត្ថភាពវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្តពីសាធារណជន។
លោក ឃឹម វុទ្ធី បានបន្ថែមថា ក្រសួងព័ត៌មាន តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីពង្រឹងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីឱ្យមន្ត្រីរាជការអាចធ្វើបច្ចុប្បន្នភាពចំណេះដឹង និងទទួលបានជំនាញថ្មីៗ ស្របតាមស្តង់ដារវិជ្ជាជីវៈ និងនិន្នាការសកលនៃវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ការលើកឡើងរបស់លោក ឃឹម វុទ្ធី បានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ថ្នាក់ដឹកនាំ ក្នុងការយកធនធានមនុស្សជាស្នូលនៃការអភិវឌ្ឍស្ថាប័ន ដោយចាត់ទុកការបណ្តុះបណ្តាល និងការរៀនសូត្រពេញមួយជីវិត ជាកត្តាសម្រេចភាពជោគជ័យរបស់មន្ត្រីសារព័ត៌មានក្នុងយុគសម័យឌីជីថល។ នេះក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការកសាងកម្លាំងមន្ត្រីដែលមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់បច្ចេកវិទ្យាទំនើប ផលិតព័ត៌មានប្រកបដោយគុណភាព និងរួមចំណែកលើកកម្ពស់ភាពជឿជាក់នៃប្រព័ន្ធផ្សព្វផ្សាយជាតិ ស្របតាមការអភិវឌ្ឍសង្គមឌីជីថលរបស់កម្ពុជា៕





























