កម្លាំងនគរបាលខេត្តកណ្ដាល ឆ្មក់ចាប់ថ្នាំពេទ្យគ្មានលិខិតអនុញ្ញាតជាង ២ម៉ឺនប្រអប់

02-07-2026 13:40

(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំពេទ្យខុសច្បាប់ចំនួន ៤៥កេសធំ ស្មើនឹងជាង ២៣,៤០០ប្រអប់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះបានធ្វើឡើងនៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចែកចាយផលិតផលឱសថដែលគ្មានគុណភាព និងគ្មានការអនុញ្ញាតត្រឹមត្រូវ។

ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមានការចូលរួមពីលោក កូ តាត ប្រធានការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្ដាល។

ការបង្ក្រាបនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ ដើម្បីធានាថាការអនុវត្តច្បាប់ប្រព្រឹត្តទៅបានត្រឹមត្រូវ និងយុត្តិធម៌។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 ដែលមានអ្នកបើកបរឈ្មោះ ភាព ស្រី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយការិយាល័យជំនាញនិយ័តកម្មសុខាភិបាល រកឃើញថាថ្នាំពេទ្យសរុបចំនួន ៤៥កេសធំ ដែលមាន ១២០ប្រភេទ ត្រូវនឹង ២៣,៤០០ប្រអប់ គឺសុទ្ធតែជាថ្នាំពេទ្យដែលពុំមានច្បាប់អនុញ្ញាត និងពុំបានចុះបញ្ជីការត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលឡើយ។ ការរកឃើញនេះបានបង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ស្ដីពីឱសថ និងការការពារសុខភាពសាធារណៈ។

បច្ចុប្បន្ន ថ្នាំពេទ្យខុសច្បាប់ទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ករណីនេះជាការក្រើនរំលឹកដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញ និងប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ ឬគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ក៏ជាសារមួយទៅកាន់អ្នកចែកចាយ និងអ្នកលក់ឱសថទាំងអស់ ឲ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែក ក្នុងការកសាងសង្គម មួយដែលមានសុខុមាលភាព។ កម្លាំងសមត្ថកិច្ចនឹងបន្តពង្រឹងការងារបង្ក្រាបបទល្មើសសេដ្ឋកិច្ច ជាពិសេសបទល្មើសទាក់ទងនឹងឱសថខុសច្បាប់ ដើម្បីការពារផលប្រយោជន៍ និងសុខភាពរបស់ប្រជាជនកម្ពុជា៕