ដំណើរទស្សនកិច្ចសិក្សានៅក្រុមហ៊ុន BRM Agro បង្ហាញពីសក្តានុពលវិស័យកសិកម្ម និងជំរុញស្មារតីសហគ្រិនភាពយុវជន

02-07-2026 13:44

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនភ្នំពេញ (Centre d’Employabilité Francophone – CEF) បានរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់មួយទៅកាន់ក្រុមហ៊ុន BRM Agro ក្នុងខេត្តកំពង់ធំ សម្រាប់និស្សិតចំនួន ៩០នាក់ ដែលកំពុងសិក្សាកម្មវិធីបណ្តុះបណ្តាលផ្នែកសហគ្រិនភាព មកពីសាកលវិទ្យាល័យសមាជិកនានារបស់ទីភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសប្រើប្រាស់ភាសាបារាំង (AUF) នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគាំទ្រដោយស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈមូលនិធិ Fonds Équipe France (FEF) ដែលមានគោលបំណងផ្តល់ឱកាសឱ្យយុវជនបានស្វែងយល់ស៊ីជម្រៅអំពីប្រតិបត្តិការអាជីវកម្ម ជាក់ស្តែង ជាពិសេសក្នុងវិស័យកសិកម្ម។

ក្រុមហ៊ុន BRM Agro គឺជាក្រុមហ៊ុនឈានមុខគេមួយ ដែលមានឯកទេសក្នុងការផលិត និងកែច្នៃអង្ករគុណភាពខ្ពស់សម្រាប់នាំចេញ។ ដំណើរទស្សនកិច្ចនេះបានផ្តល់នូវបទពិសោធន៍ផ្ទាល់ដល់និស្សិត តាមរយៈការធ្វើបទបង្ហាញ អំពីក្រុមហ៊ុន និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃពីលោក ចាន់ អង ដែលជាអគ្គនាយកក្រុមហ៊ុន BRM Agro Co., Ltd។

លោក ចាន់ អង គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (URDSE) ដែលបានបន្តការសិក្សានៅវិទ្យាស្ថានល្បីៗជាច្រើននៅបរទេស ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) គ្រឹះស្ថានឧត្តមសិក្សា Grande école- ESCP នៅទីក្រុងប៉ារីស និងនៅ Babson College & MIT សហរដ្ឋអាមេរិក។ មុននឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន លោកធ្លាប់បានបម្រើការងារនៅស្ថាប័នអន្តរជាតិ និងក្រុមហ៊ុនធំៗជាច្រើនដូចជា ធនាគារពិភពលោក (World Bank) ក្រុមហ៊ុនប្រេងអាមេរិក Shell ធនាគារ ANZ និងក្រុមហ៊ុន Sokimex។

ក្រុមហ៊ុន BRM Agro ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានគំរូអាជីវកម្មដ៏ពិសេសមួយ ដោយជួលដីស្រែ សាងសង់ប្រព័ន្ធធារាសាស្ត្រ និងផ្គត់ផ្គង់វត្ថុធាតុចាំបាច់សម្រាប់ការដាំដុះ ដូចជា ពូជស្រូវ ជី និងថ្នាំការពារសត្វល្អិត ជូនកសិករ ព្រមទាំងធានាទិញស្រូវរបស់ពួកគេវិញក្នុងតម្លៃដែលបានកំណត់ជាមុន។

លោក ចាន់ អង បានមានប្រសាសន៍ថា៖ «យើងយកកសិករនៅតំបន់ជុំវិញជាដៃគូរ គឺយើងជួលដីស្រែអោយគាត់ និងផ្គត់ផ្គង់វត្ថុធាតុដើមអោយគាត់ គាត់មានតែកម្លាំងពលកម្មទេមកធ្វើ។ បើបានផលល្អ គាត់ចំណេញច្រើនព្រោះយើងធានាថាល្អជាងទីផ្សារ ហើយគាត់អត់មានការបារម្ភអំពីការមិនប្រាកដប្រជាផ្នែកតម្លៃលក់ នោះទេនៅពេលប្រមូលផល។ អញ្ចឹងយើងជួយកសិករបានច្រើន រហូតមកដល់ពេលនេះ យើងមានកសិករដែលចូលរួមក្នុងកម្មវិធីស្រូវយើងប្រហែល ៧៥០ គ្រួសារ គឺនៅក្នុងតំបន់ជុំវិញនេះ ហើយយើងសង្ឃឹមថានឹងពង្រីកថែមទៀត។»

លោកអគ្គនាយកក៏បានលើកឡើងពីមូលហេតុចម្បងបីដែលជំរុញឱ្យលោកវិនិយោគក្នុងវិស័យកសិកម្ម រួមមាន៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករចំនួនមួយលានតោន ប្រវត្តិគ្រួសាររបស់លោកដែលជាកូនកសិករ ប្រកបរបរជួញដូរស្រូវនៅស្រុកថ្មគោល ខេត្តបាត់ដំបង និងយល់ឃើញថា នៅកម្ពុជានៅមានអ្នកមានចំណេះដឹងតិចតួចប៉ុណ្ណោះ ដែលចូលមកវិនិយោគក្នុងវិស័យកសិកម្ម។

ក្នុងអំឡុងពេលទស្សនកិច្ច និស្សិតបានទស្សនាក្រុមហ៊ុនពេញមួយថ្ងៃ ដោយបានស្វែងយល់អំពីគ្រប់ដំណាក់កាលនៃការកែច្នៃស្រូវ ចាប់ពីការសម្ងួត ការកិន ការបំបែកគុណភាព ការស្តុក និងការវេចខ្ចប់ ព្រមទាំងបានទស្សនាផ្នែក និងឃ្លាំងផ្សេងៗរបស់ក្រុមហ៊ុន។ លើសពីនេះ ពួកគេក៏បានទៅទស្សនាប្រព័ន្ធធារាសាស្ត្រ កសិដ្ឋានផលិតកម្ម រោងជួសជុលម៉ាស៊ីនកសិកម្ម និងអង្គភាពផលិតថ្នាំការពារសត្វល្អិត។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានកំណត់ការប្រើប្រាស់សារធាតុគីមីឱ្យនៅកម្រិតទាបបំផុត ហើយផ្តោតលើការប្រើប្រាស់ថ្នាំការពារសត្វល្អិតដែលមានលក្ខណៈធម្មជាតិ ឬបែបប្រពៃណី ដើម្បីជួយដល់កសិករ និងគោរពតាមស្តង់ដារគុណភាពដ៏តឹងរ៉ឹង ដែលកំណត់ដោយទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោក ចាន់ អង បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានទទួលនិស្សិតជិតមួយរយនាក់ ហើយបានកោតសរសើរចំពោះសំណួរល្អៗរបស់ពួកគេ ពាក់ព័ន្ធនឹងការលំបាក និងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម។ លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំចង់អោយធនធានមនុស្សយើងអ្នកដែលមានសមត្ថភាពអោយចូលរួមបានច្រើន យើងមិនអាចរែករួចតែម្នាក់ឯងទេ»។ នៅពេលត្រូវបានសួរអំពីមូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តចាកចេញពីការងារដែលមានផាសុកភាពនៅការិយាល័យដែលមានម៉ាស៊ីនត្រជាក់ក្នុងទីក្រុង មកធ្វើការក្នុងកំដៅថ្ងៃជាមួយកសិករ លោកបានឆ្លើយថា៖ «ប៉ុន្តែជាបេះដូង យើងស្រឡាញ់ចូលចិត្ត ហើយយើងជាកូនខ្មែរម្នាក់ដែរ យើងរៀនសូត្របានច្រើនគួរសមដែរ បើយើងមិនធ្វើ អ្នកណាមកធ្វើជំនួសយើង? នេះជាការចាប់ផ្តើមប៉ុណ្ណោះ ខ្ញុំគិតថាមិត្តភក្តិឬបងប្អូនខ្មែរយើង ជាពិសេសក្មេងៗជំនាន់ក្រោយ មើលឃើញគំរូហ្នឹង ជួយបន្តទៀត ធ្វើការអភិវឌ្ឍទាំងអស់គ្នា មិនមែនតែវិស័យទេ វិស័យផ្សេងៗទៀត»

ក្រុមហ៊ុន BRM Agro ក៏ផ្តល់ឱកាសកម្មសិក្សា និងការងារជាច្រើនដល់យុវជន ក្នុងផ្នែកកសិដ្ឋាន រោងម៉ាស៊ីនកិនស្រូវ បច្ចេកទេស អគ្គិសនី ការគ្រប់គ្រង និងគណនេយ្យ។ ទោះជាយ៉ាងណា ការស្វែងរកយុវជនដែលមានឆន្ទៈធ្វើការ និងរស់នៅតំបន់ជនបទ ឆ្ងាយពីទីក្រុង នៅតែជាបញ្ហាប្រឈមរួមមួយ។ លោក ចាន់ អង បានបញ្ជាក់ថា ការជួយគាំទ្រកសិករឱ្យបានយូរអង្វែង មិនអាចធ្វើទៅបានឡើយ ប្រសិនបើគ្មានការវិនិយោគដោយផ្ទាល់នៅក្នុងតំបន់ផលិតនៅទីស្រែ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច និស្សិតក៏បានចែករំលែកចំណាប់អារម្មណ៍របស់ពួកគេផងដែរ។ កញ្ញា អែម រីណា និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខាកែប) បានចាប់អារម្មណ៏ថា៖ «សម្រាប់ដំណើរទស្សនកិច្ចថ្ងៃនេះ ខ្ញុំបានរៀនច្រើនពីបទពិសោធន៍របស់លោកអគ្គនាយក។ លោកជាមនុស្សម្នាក់ដែលមានទេពកោសល្យ ពូកែមែនទែននិងអាចបត់បែនបានល្អតាមស្ថានភាព។ ក្រុមហ៊ុនរបស់លោកមានការអភិវឌ្ឍយ៉ាងល្អ ឃើញថាមានបំពាក់ម៉ាស៊ីនទំនើបៗជាច្រើននៅក្នុងរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាការគ្រប់គ្រងផ្នែកបច្ចេកទេស អាជីវកម្មនិងបុគ្គលិកក្នុងក្រុមហ៊ុនគាត់»។

ចំណែកឯ កញ្ញា ហាវ រដ្ឋា និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានលើកឡើងថា សហគ្រិនភាពមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យុវជន។ «ខ្ញុំកាន់តែយល់ថាសហគ្រិនភាពមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់យុវជន។ ការមានចំណេះដឹងខាងសហគ្រិនភាពនេះមិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ គឺបានជួយដល់សហគមន៍និងបង្កើតការងារជាច្រើនដោយមិនដឹងខ្លួន»។

បច្ចុប្បន្នក្រុមហ៊ុន BRM Agro មានសមត្ថភាពសម្ងួតស្រូវបាន ៨០០ តោនក្នុងមួយថ្ងៃ អាចស្តុកស្រូវបាន ២០ ០០០ តោន និងកិនកែច្នៃ ព្រមទាំងនាំចេញអង្ករបាន ៣ ០០០ តោនក្នុងមួយខែ។ លោក ចាន់ អង មានគោលបំណងបង្កើនសមត្ថភាពផលិតកម្មឱ្យបានដប់ដង ដើម្បីអាចជួយគាំទ្រគ្រួសារកសិកររហូតដល់ ១០ ០០០ គ្រួសារ បង្កើតការងារបន្ថែម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធារាសាស្ត្រថ្មីៗនាពេលអនាគត។ ដំណើរទស្សនកិច្ចសិក្សានេះ មិនត្រឹមតែបានផ្តល់ចំណេះដឹងជាក់ស្តែងដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសគំនិត និងជំរុញស្មារតីសហគ្រិនភាពរបស់យុវជនជំនាន់ក្រោយឱ្យចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕