រដ្ឋមន្ត្រី ហួត ហាក់ ដាក់ចេញទិសដៅយុទ្ធសាស្ត្រ ៤ចំណុច ដើម្បីធានាថា ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់

02-07-2026 15:15

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី ខេត្ត និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើគោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម»។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូួលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទាំង២៥ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិជាច្រើននាក់ទៀតផងដែរ។

ដើម្បីធានាថាគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម ដែលយើងប្រកាសដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្លាយជាត្រីវិស័យសម្រាប់អភិវឌ្ឍគោលដៅទេសចរណ៍តាមបណ្តារាជធានី-ខេត្ត លោករដ្ឋមន្ត្រី ហួត ហាក់ បានដាក់ចេញនូវអនុសាសន៍ និងទិសដៅយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

* ទី១៖ ស្នើមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកគោលការណ៍ណែនាំនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ អ្វីដែលសំខាន់បំផុតនោះ គឺរាល់ផែនការសកម្មភាពនៅថ្នាក់រាជធានី-ខេត្ត ត្រូវតែមានភាពស៊ីសង្វាក់គ្នា និងបន្ស៊ីគ្នាទាំងស្រុងទៅនឹងក្របខ័ណ្ឌថ្នាក់ជាតិ ជាពិសេស «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ២០២៦-២០៣៥» និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍តំបន់គោលដៅជាក់លាក់ ពិសេសការតម្រង់ទិសតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ដូចជា៖ ខេត្តសៀមរាប ២០២១-២០៣៥, ខេត្តមណ្ឌលគិរី ២០២១-២០៣៥, និងខេត្តកែប ២០២៣-២០៣៥) និងផែនការមេផ្សេងៗទៀត។

ទន្ទឹមនឹងនេះត្រូវមានយន្តការត្រួតពិនិត្យដោយរៀបចំកិច្ចប្រជុំបច្ចេកទេសរៀងរាល់ ៦ខែម្តង ហើយត្រូវត្រៀមលក្ខណៈធ្វើការវាយតម្លៃពាក់កណ្តាល អាណត្តិ (Mid-term Review) នៅពាក់កណ្តាលឆ្នាំ២០២៨ និងការវាយតម្លៃបញ្ចប់អាណត្តិ (Final Review) នៅឆ្នាំ២០៣០ ឱ្យបានម៉ត់ចត់បំផុត។

* ទី២៖ សូមស្នើដល់រដ្ឋបាលរាជ ធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សាព្វផ្សាយលើគោលការណ៍ណែនាំ និងផែនការការយុទ្ធសាស្ត្រទាំងនេះ ឱ្យបានទូលំទូលាយ និងជ្រួតជ្រៀបដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅថ្នាក់មូលដ្ឋាន។

* ទី៣៖ សូមដាក់ចេញឱ្យមានការប្រលងប្រណាំងមន្ទីរទេសចរណ៍ឆ្នើមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ឆ្នាំ២០២៦-២០៣០ ដោយអាចចែកជ័យលាភីលើកទី១ នាឱកាសកិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិ (Mid-term Review) នៅពាក់កណ្តាលឆ្នាំ២០២៨។ ក្នុងន័យនេះលោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ត្រូវរៀបចំលក្ខណៈវិនិច្ឆ័យ និងនីតិវិធីចាំបាច់នានា ដើម្បីគាំទ្រការដាក់ចេញការប្រលងប្រណាំងនេះ។

* ទី៤៖ ប្រគល់ភារកិច្ចជូនលោក ជុក ជំនោរ ត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ចំនួន២ រួមមាន៖ (១) បន្តដឹកនាំក្រុមការងាររៀបចំជា «ផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់តំបន់ (២០២៦-២០៣០)» សម្រាប់តំបន់ទេសចរណ៍អាទិភាពនៃព្រះរាជាណាចក្រកម្ពុជា ពិសេសសម្រាប់តំបន់ឥសាន្ត តំបន់ឆ្នេរ និងតំបន់ជុំវិញបឹងទន្លេសាប ដើម្បីធានាថាខេត្តដែលនៅក្បែរគ្នា មានការអភិវឌ្ឍបំពេញឱ្យគ្នាទៅវិញទៅមក។

(២) ត្រូវបន្តដឹកនាំ និងសម្របសម្រួល ដើម្បីធានាថា សកម្មភាពនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិរបស់យើង ដើរស្របគ្នាទៅនឹងចរន្តនៃការអភិវឌ្ឍក្នុងតំបន់អន្តរជាតិ។ ជាក់ស្តែងយើងត្រូវបន្ស៊ីផែនការរបស់យើងទៅនឹង «ផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០២៦-២០៣០ (ASEAN ATSP 2026-2030)» និង «ផែនការយុទ្ធសាស្ត្រទេសចរណ៍មហាអនុតំបន់មេគង្គ ២០៣០ (GMS Tourism Strategy 2030)» ដើម្បីធានាថាកម្ពុជាទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីសមាហរណកម្មតំបន់។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសនៃអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការតាក់តែង ចងក្រង និងរៀបចំបញ្ចប់នូវឯកសារ «គោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» ព្រមទាំងរបាយការណ៍វាយតម្លៃបញ្ចប់អាណត្តិយ៉ាងក្បោះក្បាយនាពេលនេះផងដែរ៕