អ្នកជំងឺម្នាក់ធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួននៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ សង្ស័យមានជំងឺសរសៃប្រសាទ
02-07-2026 16:23
(រតនគិរី)៖ មានករណីអ្នកជំងឺម្នាក់បានធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួននៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី កាលពីវេលាម៉ោង ២៖៥៥នាទីទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅបន្ទប់លេខ១៤ ជាន់ទី១។ ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺដទៃទៀត ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
បើតាមការរៀបរាប់របស់ក្រុមគ្រូពេទ្យប្រចាំការ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ២០៖៥៥នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចូលមកក្នុងមន្ទីរពេទ្យ ដោយប្រាប់ថាមានបំណងមកពិនិត្យជំងឺ។ បន្ទាប់មក គ្រូពេទ្យបានរៀបចំឲ្យជនរងគ្រោះសម្រាកនៅក្នុងបន្ទប់លេខ១៥ ដើម្បីរង់ចាំការព្យាបាល។
លុះដល់ម៉ោង២២៖០០នាទី ជនរងគ្រោះបានចាប់ផ្តើមមានអាការៈនិយាយរវើរវាយ ដោយស្រែកថាឲ្យជួយផង ខ្លាចប៉ូលីសចាប់។ ពេលនោះ ជនរងគ្រោះបានចុះពីលើគ្រែមកអង្គុយពួននៅចុងគ្រែ។ ឃើញសភាពបែបនេះ គ្រូពេទ្យបានព្យាយាមលួងលោម ដោយប្រាប់ថាកុំឲ្យខ្លាចអី គ្មានអ្នកណាមកចាប់ទេ ហើយឲ្យសម្រាកឲ្យស្ងៀមទៅ។ ជនរងគ្រោះក៏បានសំងំស្ងៀមមួយសន្ទុះ។
រហូតដល់ម៉ោង២៖៤៥នាទីជិតភ្លឺ ជនរងគ្រោះបានចាប់ផ្តើមវង្វេងវង្វាន់ រត់ពេញមន្ទីរពេទ្យ រួចក៏បានចូលទៅក្នុងបន្ទប់លេខ១៤។ នៅក្នុងបន្ទប់នោះ ជនរងគ្រោះបានសំឡុតអ្នកជំងឺចំនួន៣នាក់ ដែលកំពុងដេកក្នុងបន្ទប់នោះ ឲ្យពួកគាត់ទាញខ្សែភ្លើងឲ្យ បើមិនទាញឲ្យទេ វានឹងរករឿងទាំងអស់គ្នា។ អ្នកជំងឺទាំងនោះ ដោយភ័យខ្លាច ក៏បានទាញខ្សែភ្លើងឲ្យ ហើយអ្នកជំងឺខ្លះទៀត ដោយមានការភ័យស្លន់ស្លោ ក៏បានដកសេរ៉ូមរត់ចេញពីក្នុងបន្ទប់។ ក្រោយមក គ្រូពេទ្យបានមកដល់ ហើយបានជម្លៀសអ្នកជំងឺទាំងនោះ ឲ្យទៅដេកក្នុងបន្ទប់ផ្សេង ដោយទុកឲ្យជនរងគ្រោះនៅសម្រាកសំងំនៅក្នុងបន្ទប់នោះម្នាក់ឯង។
លុះដល់ម៉ោង ៣៖០៥នាទីទៀបភ្លឺ គ្រូពេទ្យបានដើរមកម្តងទៀត ហើយឃើញបន្ទប់បិទភ្លើង រួចចាក់គន្លឹះទ្វារពីខាងក្នុង។ ឃើញសភាពចំលែកបែបនេះ គ្រូពេទ្យក៏បានដើរទៅយកកូនសោមកចាក់ រួចបើកភ្លើងក៏បានប្រទះឃើញ ជនរងគ្រោះ ចងកនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ គ្រូពេទ្យក៏បានរាយការណ៍ជូនប្រធានមន្ទីរពេទ្យ។
ប្រធានមន្ទីរពេទ្យក៏បានរាយការណ៍បន្តមកប៉ុស្តិ៍នគរបាលឃុំឡាមិញ ដើម្បីរង់ចាំមន្ត្រីជំនាញចុះពិនិត្យ។ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី មន្ត្រីជំនាញការិយាល័យបច្ចេកទេសនៃស្នងការនគរបាលខេត្ត សហការជាមួយមន្ត្រីជំនាញអធិការដ្ឋានស្រុកបរកែវ បានធ្វើការត្រួតពិនិត្យសាកសព។
បើតាមមន្ត្រីជំនាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណម ថេន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។ ជនរងគ្រោះបានមកចាំចំការ និងដាំបន្លែឲ្យឈ្មោះ ចយ នៅជិតភ្នំដាង ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។
ការពិនិត្យសាកសពបានបង្ហាញថា សាកសពមានសភាពរឹង គ្មានក្លិន។ សពត្រូវបានមន្ត្រីជំនាញស្រាយចុះពីចំរឹងបង្អួច។ នៅលើដងខ្លួនសពមានស្នាមជប់ខ្យល់ រាងមូលៗក្រហម (កែវជប់) នៅលើអវយវៈពុំមានស្នាមអ្វីឡើយ។ ជនរងគ្រោះស្លៀកពាក់អាវដៃវែងពណ៌ក្រហមក្រឡាការ៉ូ និងខោជើងខ្លីពណ៌ផ្កាឈូក។ នៅត្រង់កមានស្នាមជាំទ្រុត ផុងខ្សែរឹតដល់ឆ្អឹងកទៅតាមទ្រង់ទ្រាយនៃរង្វង់ខ្សែចង។
ផ្អែកតាមការសន្និដ្ឋាន ការពិនិត្យកន្លែងកើតហេតុ និងសាកសព ព្រមទាំងយោងតាមការបញ្ជាក់ពីគ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិតដោយសារការចងក រឹតបិទបំពង់ខ្យល់ និងបិទសរសៃឈាម (ចងក)។ ក្រោយពីបញ្ចប់នីតិវិធី សពត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ករណីនេះបានបង្ហាញពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្ត ជាពិសេសចំពោះអ្នកជំងឺដែលមានអាការៈផ្លូវចិត្តមិនប្រក្រតី ដើម្បីបង្ការនូវហេតុការណ៍អកុសលបែបនេះកុំឲ្យកើតមានឡើងទៀត៕




