Fresh Exclusive: ១៥ថ្ងៃនៃការចរចា អាមេរិក-អ៉ីរ៉ង់៖ អ្វីជាវឌ្ឍនភាព? អ្វីជាឧបសគ្គ? និងពិភពលោកកំពុងចំណេញអ្វី? (Video inside)

02-07-2026 17:12

(ភ្នំពេញ)៖ ១៥ថ្ងៃកន្លងមកហើយ ដែលការចរចាអាមេរិកនិងអ៊ីរ៉ង់ បាននិងកំពុងប្រព្រឹត្តទៅលើតុចរចាក្រោយការចុះហត្ថលេខាលើអនុស្សារណៈ។ តើក្នុងរយៈពេលកន្លះខែមកនេះ ការចរចាមានលទ្ធផលយ៉ាងណា?

Fresh Exclusive មានអត្ថបទស៊ី ជម្រៅជុំវិញបញ្ហានេះ៖

សង្គ្រាមជាច្រើន ចាប់ផ្តើមដោយគ្រាប់កាំភ្លើង ខណៈសន្តិភាពភាគច្រើន ចាប់ផ្តើមដោយតុចរចា។ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដែលមនុស្សជាច្រើនមើលឃើញថា ជាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់ការប្រឈមមុខដាក់គ្នា ក្រោយវិបត្តិមួយ ដែលបានរុញមជ្ឈិមបូព៌ាទៅជិតមាត់ជ្រោះសង្គ្រាម។

គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ការចរចាបានឈានចូលដល់ថ្ងៃទី១៥ហើយ។ ទោះបីការបាញ់ប្រហារធំៗបានថមថយ ហើយការចរចានៅតែបន្តក៏ដោយ សំណួរសំខាន់នៅតែមិនទាន់បាត់ទៅណាឡើយ៖ តើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដើរទៅរកសន្តិភាពពិតប្រាកដ ឬគ្រាន់តែកំពុងគ្រប់គ្រងវិបត្តិមួយ ដើម្បីកុំឱ្យវាផ្ទុះឡើងវិញ?

ក្រោយការចរចារយៈពេល ១៥ ថ្ងៃ អ្វីដែលគួរឱ្យកត់សម្គាល់ គឺដំណើរការនេះមិនបានជាប់គាំងឡើយ។ ផ្ទុយទៅវិញ ភាគីទាំងពីរ បានបន្តជួបគ្នាតាមរយៈអ្នកសម្របសម្រួលពីប្រទេសកាតា និងប៉ាគីស្ថាន។

ទោះជាយ៉ាងណា វឌ្ឍនភាពទាំងនេះ មិនមានន័យថា ដំណើរឆ្ពោះទៅរកសន្តិភាព បានរលូននោះឡើយ។ ក្រោមរូបភាពនៃសេចក្តីថ្លែងការណ៍វិជ្ជមាននេះ នៅតែមានបញ្ហាស្នូលជាច្រើន រួមមានកម្មវិធីនុយក្លេអ៊ែរ ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក តួនាទីរបស់អ៊ីស្រាអែល ស្ថានការណ៍នៅលីបង់ និងស្ថិរភាពនៃទីផ្សារប្រេងពិភពលោក។ ដូច្នេះ សំណួរដែលគួរវាយតម្លៃ មិនមែនថា «ការចរចាបានបន្តឬក៏អត់» នោះទេ ប៉ុន្តែថា តើរយៈពេល ១៥ ថ្ងៃកន្លងមកនេះ ការចរចា បានបង្ហាញសញ្ញាគ្រប់គ្រាន់ដើម្បីជឿថាអនុស្សារណៈ MoU កំពុងវិវត្តទៅជាកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ឬគ្រាន់តែជាយន្តការមួយសម្រាប់គ្រប់គ្រងវិបត្តិ និងពន្យារពេលការផ្ទុះសង្គ្រាមប៉ុណ្ណោះ?

*វឌ្ឍនភាពដំបូង៖ ពីការចុះហត្ថលេខា ទៅការអនុវត្ត
រយៈពេល ១៥ ថ្ងៃកន្លងមកនេះ សញ្ញាវិជ្ជមានជាច្រើន បានបង្ហាញថា អនុស្សរណៈយោគយល់ (MoU) មិនបានស្ថិតនៅត្រឹមការសន្យានយោបាយនោះទេ។ វាកំពុងឈានចូលដំណាក់កាលអនុវត្តជាក់ស្តែង។
យោងតាមស៊ីអិនអិន និង អាល់ហ្សាស៊ីរ៉ា គឺរដ្ឋាភិបាលកាតា ក្នុងនាមជាអ្នកសម្របសម្រួល បានប្រកាសថា កិច្ចប្រជុំប្រយោល នៅទីក្រុងដូហា បានបង្កើត «វឌ្ឍនភាពវិជ្ជមាន ហើយ «ភាគីទាំងពីរបានយល់ព្រមបន្តការពិភាក្សាទៅមុខទៀត។ ការប្រើពាក្យនេះ បង្ហាញថា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមានឆន្ទៈនយោបាយក្នុងការរក្សាការចរចាឱ្យបន្តទៅមុខ។

ជាមួយគ្នានេះដែរ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់ CNN ថា «ការចរចាកំពុងដំណើរការល្អ (the talks are going well)» ហើយបានបញ្ជាក់ថា ការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ «នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ នេះ»។ នេះបង្ហាញថា ការចរចាបានឆ្លងផុតដំណាក់កាលកសាងទំនុកចិត្ត ហើយកំពុងឈានទៅដល់បញ្ហាស្នូល ដែលជាប្រភពនៃវិវាទអស់រយៈពេលជាច្រើនឆ្នាំ។

អ្វីគួរឱ្យចាប់អារម្មណ៍ជាងគេក្នុងរយៈពេល១៥ថ្ងៃនេះ គឺព័ត៌មានពីអាល់ហ្សាស៊ីរ៉ា ដែលបានរាយការណ៍ថា ភាគីទាំងពីរបានព្រមព្រៀងបង្កើត «បណ្តាញទំនាក់ទំនង (Communication Channel)» ដើម្បីរាយការណ៍ និងពិភាក្សាអំពីករណីដែលមានការរំលោភលើអនុស្សរណៈយោគយល់គ្នា។ ក្នុងទំនាក់ទំនងអន្តរជាតិ យន្តការបែបនេះ មានសារៈសំខាន់ខ្លាំង ព្រោះវាអនុញ្ញាតឱ្យភាគីទាំងពីរដោះស្រាយការយល់ច្រឡំ និងការរំលោភកិច្ចព្រមព្រៀង តាមរយៈការទំនាក់ទំនងគ្នា មុនពេលវិបត្តិអាចវិវត្តទៅជាការប្រឈមមុខផ្នែកយោធា។

អង្គហេតុទាំងនេះ បង្ហាញថា ការចរចាបានផ្លាស់ប្តូរពីដំណាក់កាលកិច្ចព្រមព្រៀងនយោបាយ «Political Agreement» ទៅកាន់ដំណាក់កាលអនុវត្តជាក់ស្តែង «Operational Implementation» ដែលជាដំណាក់កាលសាកល្បងថា តើការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ អាចបម្លែងទៅជាលទ្ធផលជាក់ស្តែងបានដែរឬទេ។។ នេះជាវឌ្ឍនភាពសំខាន់មួយ ព្រោះក្នុងប្រវត្តិសាស្ត្រការទូត អនុស្សរណៈជាច្រើន បានបញ្ចប់ត្រឹមការចុះហត្ថលេខា ប៉ុន្តែមិនអាចឈានដល់ការអនុវត្តបានឡើយ។ ចំណែកឯអនុស្សារណៈ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏កំពុងបង្ហាញសញ្ញាថា ភាគីទាំងពីរមានបំណងបម្លែងការសន្យានៅលើក្រដាស ឱ្យក្លាយទៅជាយន្តការអនុវត្តជាក់ស្តែងដែរ។

*បញ្ហាធំៗដែលនៅសេសសល់៖ សន្តិភាពនៅមិនទាន់ចេញរូចពីការសាកល្បង
ទោះបីការចរចា បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក៏ដោយ បញ្ហាស្នូលដែលជាមូលហេតុនៃវិបត្តិ មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ផ្ទុយទៅវិញ ការចរចាទើបតែចាប់ផ្តើមឈានចូលដល់ប្រធានបទដែលពិបាក និងរសើបបំផុតនោះទេ។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់ CNN ថា «យើងនឹងចាប់ផ្តើមពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ (We're going to start talking about the nuclear issue)»។ សេចក្តីថ្លែងការណ៍នេះ បង្ហាញថា ១៥ ថ្ងៃដំបូងនៃការចរចា គឺផ្តោតលើការកសាងទំនុកចិត្ត និងយន្តការសហប្រតិបត្តិការ មុនឈានទៅដល់ស្នូលនៃវិវាទ ដែលភាគីទាំងពីរខ្វែងគំនិតអស់ជាច្រើនឆ្នាំ។

បញ្ហាទីពីរ គឺទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅបរទេស។ អាល់ហ្សាស៊ីរ៉ា បានរាយការណ៍ថា មន្ត្រីអ៊ីរ៉ង់អះអាងថា សហរដ្ឋអាមេរិក យល់ព្រមដោះលែងថវិកាប្រមាណ ១២ ពាន់លានដុល្លារ បន្ទាប់ពីការចុះហត្ថលេខាលើ MoU។ ប៉ុន្តែ ភាគីអាមេរិកបញ្ជាក់ថា ខ្លួននឹងគ្រប់គ្រងការប្រើប្រាស់មូលនិធិនេះ ខណៈទីក្រុងតេហេរ៉ង់អះអាងថា វាជាទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ ជាអ្នកសម្រេចថា នឹងប្រើប្រាស់ប្រាក់នោះដោយរបៀបណា។ ដូច្នេះ បញ្ហានេះមិនមែនជាជម្លោះអំពីប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែជាជម្លោះអំពីអធិបតេយ្យភាព និងសិទ្ធិក្នុងការគ្រប់គ្រងធនធានរបស់រដ្ឋ។

បញ្ហាទីបី គឺកត្តាខាងក្រៅដែលអាចរំខានដល់ការចរចា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតប «ភ្លាមៗ និងដោយកម្លាំងខ្លាំង (an immediate powerful response)» ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei ស្ថិតក្នុង «បញ្ជីគោលដៅតាមសម្លាប់ (marked for death)»។ សង្គ្រាមពាក្យសម្ដីបែបនេះ បង្ហាញថា ទោះមានវឌ្ឍនភាពនៅលើតុចរចាក៏ដោយ ហានិភ័យនៃការប្រឈមផ្នែកយោធា នៅតែអាចបំផ្លាញការចរចាបានគ្រប់ពេល។

បញ្ហាទីបួន គឺស្ថានការណ៍នៅលីបង់។ ទោះបី MoU ផ្តោតលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ការប៉ះទង្គិចនៅភាគខាងត្បូងលីបង់ និងតួនាទីរបស់ Hezbollah នៅតែជា បញ្ហាដែលអាចប៉ះពាល់ដល់ការអនុវត្តកិច្ចព្រមព្រៀងទាំងមូល។ ដរាបណាសមរភូមិនៅលីបង់ មិនទាន់មានស្ថិរភាព ការចរចានៅ ដូហា ក៏នៅតែស្ថិតក្រោមសម្ពាធនៃព្រឹត្តិការណ៍នៅក្រៅបន្ទប់ចរចាដែរ។

អង្គហេតុទាំងនេះ បង្ហាញថា បើទោះបីការចរចាកំពុងដំណើរការទៅមុខក៏ដោយ ភាគីទាំងពីរនៅមិនទាន់ឆ្លងផុតដំណាក់កាលលំបាកបំផុតនៅឡើយ។ ការសម្រេចលើកម្មវិធីនុយក្លេអ៊ែរ ការដោះស្រាយទ្រព្យសម្បត្តិដែលត្រូវបានបង្កក និងការគ្រប់គ្រងកត្តាខាងក្រៅ ដូចជាអ៊ីស្រាអែល និងលីបង់ នឹងក្លាយជាការសាកល្បងដ៏ធំបំផុតថា តើ MoU អាចវិវត្តទៅជាកិច្ចព្រមព្រៀងសន្តិភាពដ៏យូរអង្វែងបានដែរឬទេ។

*តើពិភពលោកកំពុងចំណេញអ្វី?
បើវាយតម្លៃរយៈពេល ១៥ ថ្ងៃកន្លងមក អ្នកដែលទទួលផលចំណេញមុនគេ មិនមែនមានតែសហរដ្ឋអាមេរិក ឬអ៊ីរ៉ង់នោះទេ ប៉ុន្តែគឺសេដ្ឋកិច្ចពិភពលោកទាំងមូល។ មូលហេតុ គឺការចរចាបានជួយកាត់បន្ថយហានិភ័យ ដែលធ្លាប់គំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

ភស្តុតាងជាក់ស្តែង គឺ CNN បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មាននាវាពាណិជ្ជកម្មយ៉ាងហោចណាស់ ៣៥ គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមិនមានការរំខានធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំមជ្ឈិមបូព៌ា ក៏បានពិភាក្សាជាមួយមេបញ្ជាការយោធាក្នុងតំបន់ អំពីស្ថានភាពសន្តិសុខនៅច្រកសមុទ្រនេះ ដែលបង្ហាញថា ភាគីពាក់ព័ន្ធនៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាស្ថិរភាពនៃផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

នេះមានន័យថា ការភ័យខ្លាចដែលទីផ្សារធ្លាប់មានថា អ៊ីរ៉ង់អាចបិទច្រកសមុទ្រ Hormuz ឬរំខានដល់ការដឹកជញ្ជូនប្រេង កំពុងថយចុះ។ នៅក្នុងភាសាសេដ្ឋកិច្ច ហានិភ័យបែបនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ «ប្រាក់បន្ថែមសម្រាប់ហានិភ័យ» (Risk Premium) ដែលអ្នកទិញ និងអ្នកវិនិយោគបន្ថែមចូលក្នុងតម្លៃប្រេង ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជា។ នៅពេលហានិភ័យធ្លាក់ចុះ ប្រាក់បន្ថែមនេះក៏មាននិន្នាការធ្លាក់ចុះដែរ ដែលជួយធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាពជាងមុន។

ទោះជាយ៉ាងណា ស្ថិរភាពនេះ នៅតែផុយស្រួយ។ ការគំរាមប្រើកម្លាំងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាហានិភ័យនៃការប៉ះទង្គិចនៅលីបង់ អាចធ្វើឱ្យទំនុកចិត្តរបស់ទីផ្សារប្រែប្រួលយ៉ាងឆាប់រហ័ស។ ដូច្នេះ ការរក្សាឱ្យច្រកសមុទ្រ Hormuz នៅតែបើកចំហ និងការចរចានៅតែបន្ត មិនមែនគ្រាន់តែជាផលប្រយោជន៍របស់ភាគីទាំងពីរនោះទេ ប៉ុន្តែជាផលប្រយោជន៍រួមរបស់សេដ្ឋកិច្ចពិភពលោក។

សេចក្តីសន្និដ្ឋាន
ដំណើរ ១៥ ថ្ងៃកន្លងមកនេះ បានបង្ហាញថា ការចរចា អាចបញ្ឈប់ការបាញ់ប្រហារបាន ប៉ុន្តែមិនទាន់អាចលុបបំបាត់ការមិនទុកចិត្តដែលបានកកើតអស់ជាច្រើនទសវត្សរ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បាននៅឡើយទេ។

អ្វីដែលកើតឡើងនៅទីក្រុងដូហា គឺជាសញ្ញាវិជ្ជមានមួយ។ ការចាប់ផ្តើមចរចាបច្ចេកទេស ការបង្កើតបណ្តាញទំនាក់ទំនង និងការរក្សាបាននូវស្ថិរភាពនៅច្រកសមុទ្រ Hormuz សុទ្ធតែបង្ហាញថា MoU បានឈានផុតពីដំណាក់កាលនៃកិច្ចព្រមព្រៀងនយោបាយ ទៅកាន់ដំណាក់កាលអនុវត្តហើយ។ ប៉ុន្តែ ដំណាក់កាលនេះក៏ជាដំណាក់កាលដែលពិបាកបំផុតដែរ ព្រោះជោគជ័យរបស់វា នឹងត្រូវវាស់ដោយសមត្ថភាពរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាស្នូល មិនមែនដោយសេចក្តីថ្លែងការណ៍វិជ្ជមាននោះទេ។

ដូច្នេះ បើវាយតម្លៃនៅពេលនេះ MoU មិនទាន់អាចចាត់ទុកថា ជាកិច្ចព្រមព្រៀងសន្តិភាពដែលទទួលបានជោគជ័យ ហើយវាក៏មិនមែនជាកិច្ចព្រមព្រៀងដែលបរាជ័យដែរ។ អ្វីដែលអាចនិយាយបាន គឺវាបានបង្ហាញពីភាពជោគជ័យក្នុងការគ្រប់គ្រងវិបត្តិ និងបង្កើតឱកាសឱ្យការទូតជំនួសការប្រឈមមុខផ្នែកយោធា។

នៅទីបញ្ចប់នេះ ប្រវត្តិសាស្ត្រ នឹងមិនវិនិច្ឆ័យ MoU ដោយផ្អែកលើចំនួនថ្ងៃដែលការចរចាបានបន្តនោះទេ ប៉ុន្តែនឹងវិនិច្ឆ័យថា តើភាគីទាំងពីរអាចបម្លែងការប្តេជ្ញាចិត្តនៅលើក្រដាស ទៅជាការអនុវត្តនៅលើដីបានដែរឬទេ។ ព្រោះសន្តិភាពពិតប្រាកដ មិនមែនកើតឡើងនៅពេលកាំភ្លើងស្ងប់ស្ងាត់ឡើយ ប៉ុន្តែកើតឡើងនៅពេលអតីតសត្រូវ អាចបម្លែងការមិនទុកចិត្ត ទៅជាទំនុកចិត្ត និងបម្លែងការប្រឈមមុខ ទៅជាកិច្ចសហប្រតិបត្តិការ ដែលអាចស្ថិតស្ថេរបានយូរអង្វែង៕