ក្រសួងការងារ បង្ហាញ «កញ្ចប់ស្តង់ដាជាតិមុខរបរ» ចំនួន១៦មុខ ដែលប្រទេសចិនបានឱ្យមកកម្ពុជា ដើម្បីពង្រឹងគុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យមានស្តង់ដាអន្តរជាតិ
02-07-2026 17:15
(ភ្នំពេញ)៖ ក្រោយពីប្រទេសចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួន ១៦មុខរបរ ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ និងមានលក្ខណៈស្តង់ដារអន្តរជាតិ។
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានប្រគល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួតរវាងកម្ពុជា-ចិនកាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៦។
សៀវភៅទាំង ១៦មុខជំនាញ រួមមាន៖ ទី១. សៀភៅកត់ត្រាពីជំនាញការងាររៀបឥដ្ឋ, ទី២. ការកែច្នៃនិងដំឡើងដែកសរសៃសម្រាប់សំណង់, ទី៣. ការសាងសង់ផ្លូវថ្នល់, ទី៤. ការសាងសង់ស្ពាន និងផ្លូវទូនែល (ឬផ្លូវក្រោមដី), ទី៥. ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនហ្វ្រែស, ទី៦. ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនក្រឡឹង, ទី៧. ការដំឡើងប្រព័ន្ធអ៊ីនធឺណិត, ទី៨. ការដំឡើង និងថែទាំបណ្តាញខ្សែកាបទូរគមនាគមន៍, ទី៩. ការដំឡើងនិងថែទាំជណ្តើរយន្តប្រភេទបន្ទប់យោងនិងកាំជណ្តើរ, ទី១០. ការដំឡើង និងថែទាំប្រព័ន្ធទូរទឹកកក និងម៉ាស៊ីនត្រដាក់, ទី១១. ការថែទាំគ្រឿងនិងបរិក្ខារអេឡិចត្រូនិចក្នុងគេហដ្ឋាន, ទី១២. ការដំឡើងនិងថែទាំអគ្គិសនីនិងប្រព័ន្ធអេឡិចត្រូនិក, ទី១៣. ការថែទាំនិងជួសជុលទោចក្រយានយន្ត(ម៉ូត), ទី១៤. ការថែទាំរថយន្ត, ទី១៥. ការដំឡើង និងថែទាំប្រព័ន្ធទាញយកថាមពលពន្លឺព្រះអាទិត្យ និងទី១៦. សេវាកម្មការងារក្នុងគេហដ្ឋាន(សេវាកម្មមេផ្ទះ)។
សៀវភៅនេះ បានកត់ត្រាយ៉ាងលម្អិតពីជំនាញ និងការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទ និងកម្រិតជំនាញផ្សេងៗគ្នា ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមពង្រឹងស្តង់ដាជាតិសម្រាប់ទីផ្សារការងារនៅកម្ពុជា។ សៀវភៅនេះ ក៏ជាផែនទីថ្មីសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្លែងថា សៀវភៅដែលទទួលបានពីប្រទេសចិននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើកំណែទម្រង់លើមុខជំនាញដែលយកមកបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា។ លោកបន្តថា នាពេលខាងមុខនេះ យុវជនកម្ពុជានឹងមានជំនាញច្បាស់លាស់ មានស្ដង់ដា និងគុណភាពប្រហាក់ប្រហែលនឹងប្រទេសចិនដែរ ដើម្បីចូលរួមប្រឡូកក្នុងវិស័យការងារនៅកម្ពុជា និងក្នុងតំបន់។ ជាពិសេសវាជាការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ទទួលយកក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ដែលមានគម្រោងវិនិយោគនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមក្រសួងការងារ គឺសូមថ្លែងអំណរគុណចំពោះមិត្តចិនដែលបានបរិច្ចាគសៀវភៅដ៏មានតម្លៃមកដល់ក្រសួង ហើយយើងនឹងយកមកប្រើប្រាស់សម្រាប់បំពេញបន្ថែមនូវចំណុចខ្វះចន្លោះរបស់យើង ក៏ដូចជាធ្វើបច្ចុប្បន្នភាពមុខជំនាញឱ្យស្របទៅតាមទីផ្សារការងារ និងការប្រែប្រួលបច្ចេកវិទ្យាជាសកលផងដែរ»។
គួររំឭកថា ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន បានបោះពុម្ពផ្សាយសៀវភៅ«ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដែលមានការចូលរួមចងក្រងពីអ្នកជំនាញខាងវិស័យការងារនៅមកពីស្ថាប័នរដ្ឋចិនជាង ៥០ ដោយផ្ដោតសំខាន់យ៉ាងលម្អិតពីការរៀបចំមុខជំនាញ និងការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទទៅតាមលំដាប់លំដោយ និងកម្រិតជំនាញផ្សេងៗគ្នាយ៉ាងច្បាស់លាស់៕














