អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធ Online Scams  ៩កន្លែង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង១០០នាក់

02-07-2026 21:06

(ភ្នំពេញ)៖ ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ មានការចូលរួមពីក្រុមការងារទី៤ ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ សម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យទីតាំងចំនួន៩ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស ១០៤នាក់ និងដកហូតវត្ថុតាងមួយចំនួនផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជារបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ទីតាំងទី១៖ នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ជាបន្ទប់ជួល មាន ៦បន្ទប់ មានជនជាតិថៃស្នាក់នៅចំនួន ៦នាក់ស្រី ២នាក់( ៥នាក់ស្រី ២នាក់ អត់លិខិតឆ្លងដែនជាប់ខ្លួន) ពុំមានសម្ភារ:សង្ស័យ។ សមត្ថកិច្ចជំនាញនាំយកជនជាតិថៃ ៥នាក់ស្រី ២នាក់ ដែលពុំមានលិខិតឆ្លងដែនជាប់ខ្លួន ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង និងប្រគល់ឱ្យចៅសង្កាត់ ស្វែងរកម្ចាស់ទីតាំងដើម្បីអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យ។

ទីតាំងទី២៖ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ផ្ទះជួល ២ល្វែង កម្ពស់ ២ជាន់ ១០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានម្ចាស់ឈ្មោះ អ៊ាវ ប៊ុងអាង ភេទប្រុស លេខទំនាក់ទំនង ០៦៨ ២២៧ ៩៧៩។
មានជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន ១២នាក់ស្រី ៣នាក់ ២សញ្ជាតិ ឥណ្ឌា ១១នាក់ស្រី ៣នាក់ និងនេប៉ាល់១ នាក់ប្រុស បានអប់រំណែនាំម្ចាស់ទីតាំង និងផាកពិន័យ។

ទីតាំងទី៣៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ផ្ទះ ១ល្វែងកម្ពស់ ២ជាន់ ៤បន្ទប់ រកឃើញជនជាតិថៃចំនួន ១៦នាក់ស្រី ៥នាក់ មានសម្ភារ:សង្ស័យមួយចំនួន សមត្ថកិច្ចជំនាញកំពុងរាប់ចំនួន និងធ្វើកោសល្យវិច្ច័យ អំឡុងពេលត្រួតពិនិត្យជនបរទេសបានយកអាវុធខ្លី ១ដើម បោះចោលខាងក្រៅបរិវេណក្រោយផ្ទះ សមត្ថកិច្ចបានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ាខេត្ត និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត បិទទីតាំងជាបណ្ដោះអាសន្ន។

ទីតាំងទី៤៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ផ្ទះ១ល្វែងកម្ពស់ ៣ជាន់ ១១បន្ទប់ មានជនបរទេសចំនួន១៨ ស្រី ៧នាក់ ២សញ្ជាតិ ថៃ ១៧នាក់ស្រី៧ និងចិន ១នាក់ប្រុស រកឃើញមានសម្ភារ:សង្ស័យមួយចំនួន សមត្ថកិច្ចជំនាញកំពុងរាប់ចំនួន និងធ្វើកោសល្យវិច្ច័យ។ ចំណាត់ការ៖ បញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្ដនីតិវិធីនិងដកហូតវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត បិទទីតាំងជាបណ្ដោះអាសន្ន។

ទីតាំងទី៥៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ស្នាក់នៅប្រមូលផ្ដុំ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅប្រមូលផ្ដុំចំនួន ២៤នាក់ស្រី ៥នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ទីតាំងពុំមានសម្ភារៈសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចជំនាញបន្ដនីតិវិធី។

ទីតាំងទី៦៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ផ្ទះ១ល្វែង កម្ពស់២ជាន់ ៤បន្ទប់ ឥណ្ឌូនេស៊ី ៥នាក់ស្រី ១នាក់ រកឃើញសម្ភារៈសង្ស័យមួយចំនួនរួមមាន កុំព្យូទ័រ ៨គ្រឿង, ម៉ូនីទ័រ ១៦គ្រឿង, ទូរសព្ទ ១២គ្រឿង, លិខិតឆ្លងដែនចំនួន១, ថេបផ្លេតចំនួន ១, ហាតឌីសចំនួន ២គ្រឿង និងដុំបំបែកវ៉ាយហ្វាយ៣គ្រឿង។ ចំណាត់ការ បញ្ជូនជនបរទេស ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បូបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការខេត្ត និងបិទទីតាំងជាបណ្ដោះអាសន្ន។

ទីតាំងទី៧៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ១ល្វែងកម្ពស់ ២ជាន់ ៤បន្ទប់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ២នាក់ប្រុស មានសម្ភារៈសង្ស័យមួយចំនួន សមត្ថកិច្ចជំនាញកំពុងរាប់ចំនួន និងធ្វើកោសល្យវិច្ច័យ។
ចំណាត់ការ បញ្ជូនជនបរទេសទៅអធិការដ្ឋាននគរបាលក្រុង ដើម្បូបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការខេត្ត និងបិទទីតាំងជាបណ្ដោះអាសន្ន។

ទីតាំងទី៨៖ ក្លឹបកំសាន្ដ ពិហ្វឹងកាង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មានជនជាតិចិនចំនួន ១៧នាក់ស្រី ១នាក់ និងបុគ្គលិកខ្មែរ ៨នាក់ ស្រី ៦នាក់ ។ ទីតាំងមានកម្ពស់៤ជាន់ ១២បន្ទប់ នៅជាន់ផ្ទាល់ដីមានទូហ្គេមចំនួន២ តុបាការ៉ាត់ចំនួន១ តុហាំ(នីវនីវ) ចំនួន១ នៅជាន់ទី១ កុំព្យូទ័រAll-in-one ចំនួន១ និងម៉ូនីទ័រចំនួន១ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានពិនិត្យឃើញថា ជាករណីជួញដូរផ្លូវភេទ និងហ្គេមអនឡាញ។ ចំណាត់ការ បញ្ជូនជនបរទេស និងជនជាតិខ្មែរទៅស្នងការដ្ឋាននគរបាលខេត្ត និងប្រគល់ឱ្យសមត្ថកិច្ចជំនាញ បន្ដនីតិវិធី។

ទីតាំងទី៩៖ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល មានជនបរទេសស្នាក់នៅចំនួន ៤នាក់ស្រី២ ២សញ្ជាតិ ចិន ៣នាក់ស្រី ១នាក់ និងមីយ៉ាន់ម៉ា ១នាក់ស្រី ពុំមានសម្ភារៈសង្ស័យ៕