លោកស្រី ឱ វណ្ណឌីន ជំរុញការអនុវត្តក្របខ័ណ្ឌថែទាំសុខភាពបឋមនៅស្រុករមាសហែក ខេត្តស្វាយរៀង និងពង្រឹងគុណភាពសេវាសុខាភិបាលមូលដ្ឋាន

02-07-2026 22:01

(ស្វាយរៀង)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប)(PHC-BIF) នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់ៗជាបន្តបន្ទាប់នៅខេត្តស្វាយរៀង ដើម្បីពង្រឹង និងជំរុញការអនុវត្តការងារថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន។

វត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងខេត្តស្វាយរៀង គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព។

កិច្ចប្រជុំដំបូងត្រូវបានធ្វើឡើងនៅសាលាឃុំដូង ដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ។ បន្ទាប់មកលោកស្រីវេជ្ជបណ្ឌិត បានបន្តដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត នៅសាលាស្រុករមាសហែក។ កិច្ចប្រជុំទាំងនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ព្រមទាំងអាជ្ញាធរឃុំ ភូមិ មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងស្ថាប័នពាក់ព័ន្ធនានា។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នៅមណ្ឌលសុខភាពដូង ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលត្រូវបានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការថែទាំសុខភាពបឋមកម្រិតថ្នាក់ស្រុក។ ការចុះពិនិត្យនេះមានគោលបំណងវាយតម្លៃពីស្ថានភាពជាក់ស្តែង និងផ្តល់អនុសាសន៍បន្ថែម ដើម្បីបន្តពង្រឹងគុណភាពសេវា។ លោកស្រីវេជ្ជបណ្ឌិត បានណែនាំឲ្យប្រធានមណ្ឌលសុខភាពដូង បន្តពង្រឹងសេវាព្យាបាលផ្នែកថែទាំសុខភាពបឋមឲ្យបានល្អប្រសើរ និងបន្ថែមសេវាពិនិត្យព្យាបាលមាត់ធ្មេញ បន្ទាប់ពីមានសេវាពិនិត្យភ្នែករួចហើយនោះ។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពដ៏ទូលំទូលាយដល់ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានថ្លែងនូវការកោតសរសើរ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកខេត្តស្វាយរៀង ក្នុងការចូលរួមជំរុញការអនុវត្តក្របខ័ណ្ឌ PHC-BIF និងការរៀបចំផែនការអន្តរាគមន៍ថែទាំសុខភាពបឋមនៅស្រុកប្រតិបត្តិ។ លោកបានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងកិច្ចការងារជំរុញសុខភាពសាធារណៈ ក៏ដូចជាការលើកកម្ពស់ការថែទាំសុខភាពបឋមនៅទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀង បានរួមចំណែកយ៉ាងធំធេងក្នុងការកែលម្អគុណភាពសេវាថែទាំសុខភាព ជួយពង្រឹងសុខុមាលភាព និងការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បាននាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោកបានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសុខាភិបាលក្នុងស្រុកប្រតិបត្តិទាំងអស់ ចំពោះការខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើននៃវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង។ ការថែទាំសុខភាពបឋម គឺជាកិច្ចការអន្តរវិស័យ ដែលទាមទារការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត អង្គការដៃគូ និងជាពិសេសគឺប្រជាពលរដ្ឋផ្ទាល់ ដើម្បីធានាបាននូវសុខុមាលភាពសាធារណៈប្រកបដោយប្រសិទ្ធភាព។

ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹងអំពីសុខភាព លោកស្រីវេជ្ជបណ្ឌិត បានស្នើដល់ព្រះសង្ឃតាមវត្តអារាម នៅពេលសម្ដែងធម្មទាន សូមជួយបញ្ជ្រាបការយល់ដឹងអំពីសុខភាព ដូចជា តិចអំបិល តិចខ្លាញ់ តិចស្ករ និងចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជក់បារី និងកាត់បន្ថយការពិសារស្រា ជូនដល់ពុទ្ធបរិស័ទឲ្យបានយល់ដឹង ដើម្បីលើកកម្ពស់សុខមាលភាពនៅក្នុងសហគមន៍។ ការចូលរួមរបស់ព្រះសង្ឃក្នុងកម្មវិធីនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពសាធារណៈ។

ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានមានភូមិ ឃុំ ស្រុក ព្រមទាំងក្រុមទ្រទ្រង់សុខភាពភូមិទាំងអស់ សូមបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ បង្កើនការអនុវត្តក្របខ័ណ្ឌ PHC-BIF នៅតាមសហគមន៍របស់ខ្លួន។ ក្នុងនោះក៏មានការជំរុញបន្តកែលម្អគុណភាពសេវាសុខាភិបាល និងការចូលរួមរបស់ដៃគូពាក់ព័ន្ធក្នុងសហគមន៍ ក្នុងការការពារ ថែទាំសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងចាត់ទុកកិច្ចការ PHC-BIF ជាការទទួលខុសត្រូវក្នុងបរិបទសង្គមជាតិទាំងមូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕