ឧត្ដមសេនីយ៍ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស
03-07-2026 09:59
(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។
ពិធីនេះ ប្រារព្ធធ្វើនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ចើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ចំនួន២៣៧នាក់ ស្រី៤២នាក់។
លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បាននាំនូវមិតិផ្ដាំផ្ញើសួរសុខទុក្ខពី នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាំយកថវិកាចំនួន ១០,០០០,០០០រៀល សម្រាប់ឧបត្ថម្ភវគ្គបណ្តុះបណ្តាលនៅនឹងកន្លែងជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ឯក យឹម លាង ក៏បានមានមិតិផ្តាំផ្ញើ និងណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ នូវខ្លឹមសារមួយចំនួនដូចតទៅ៖
១៖ សិក្ខាកាម ត្រូវមានស្មារតីតស៊ូ ខិតខំប្រឹងប្រែង ជម្នះឱ្យបានរាល់ការនឿយហត់ ការលំបាក និងយកចិត្តទុកដាក់ស្វែងយល់ទាំងទ្រឹស្តី និងការហ្វឹកហាត់ជាក់ស្តែង ដើម្បីមាន សមត្ថភាពជំនាញគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន
២៖ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គសិក្សាឱ្យបានម៉ឺងម៉ាត់ គោរពពេលវេលា អនុវត្តតាមការពន្យល់ណែនាំរបស់គ្រូ និងរាល់ការណែនាំរបស់ថ្នាក់ដឹកនាំ
៣៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជៀសវាងបាននូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ
៤៖ ត្រូវមានស្មារតីចូលរួមថែរក្សាការពារ ទ្រព្យសម្បតិ្តរដ្ឋ ដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈហ្វឹកហាត់ផ្សេងៗ រៀបចំទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស
៥៖ ត្រូវមានស្មារតីសាមគ្គីភាព ជាពិសេសសិក្ខាកាម ត្រូវជួយពន្យល់គ្នាទៅវិញទៅមក ក្លាហានទទួលយកនូវបទពិសោធន៍ថ្មីៗ ដើម្បីទទួលបានលទ្ធផលល្អ
៦៖ ក្នុងពេលកំពុងសិក្សា សិក្ខាកាមទាំងអស់ត្រូវហាមមិនឱ្យពិសារគ្រឿងស្រវឹង៕















