ឆមាសទី១ ឆ្នាំ២០២៦ មន្ត្រីក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិជិត ១០០០ករណី ឆ្លុះបញ្ចាំងពីការយល់ដឹង ការអនុវត្តច្បាប់តឹងរ៉ឹង និងការចូលរួមរបស់ពលរដ្ឋបានចាប់ផ្តើមផ្តល់ផ្លែផ្កាជាវិជ្ជមាន
03-07-2026 10:31
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបង្ហាញពីរបាយការណ៍នៃការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦។ របាយការណ៍បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់បច្ចុប្បន្ន និងអនាគត។
យោងតាមរបាយការណ៍ផ្លូវការរបស់ក្រតសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្ត្រីក្រសួងបរិស្ថាន បានចុះល្បាតចំនួន ៥ ៩៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៩៦៧ករណី នៅទូទាំងប្រទេស។ ក្នុងចំណោមករណីទាំងនេះ បទល្មើសព្រៃឈើមានចំនួន ៣១៨ករណី ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ១២ករណី ការឈូសឆាយរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ១៣២ករណី។
ការបង្ក្រាបទាំងនេះបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ គ្រឿងចក្រអេស្កាវ៉ាទ័រ ២គ្រឿង, ត្រាក់ទ័រ ៥គ្រឿង, រថយន្ត ៥គ្រឿង, រថយន្តកែច្នៃ ២គ្រឿង, គោយន្ត ២១គ្រឿង, ម៉ូតូ ៣៥គ្រឿង, ទូក ៥គ្រឿង និងរណាយន្ត ២៤១គ្រឿង។ លើសពីនេះ មន្ត្រីឧទ្យានុរក្សក៏បានដោះអន្ទាក់ឆក់ចំនួន ១ ៣៩៥គ្រឿង, អន្ទាក់ខ្សែ ១១ ៤២៨ខ្សែ, អាវុធ ៥ដើម, គ្រាប់កាំភ្លើង ៥១គ្រាប់, អាវុធកែច្នៃ ៩៤ដើម និងគ្រាប់ ១៧គ្រាប់។ ករណីបទល្មើសចំនួន៧៤ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយជនសង្ស័យចំនួន ៤៤នាក់ត្រូវបានឃាត់ខ្លួន។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺទិន្នន័យនៃការបង្ក្រាបបទល្មើសសរុបក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះមានការថយចុះចំនួន ១៩ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានចំនួន ៩៨៦ករណី។ ការថយចុះនេះឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ នេះបង្ហាញថាកិច្ចខិតខំប្រឹងប្រែងអប់រំ និងផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការអនុវត្តច្បាប់តឹងរ៉ឹង បានចាប់ផ្តើមផ្តល់ផ្លែផ្កាជាវិជ្ជមាន។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបន្តពង្រឹងសាមគ្គីភាពជាតិ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន។ កិច្ចសហការនេះមានគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។
លើសពីនេះ ក្រសួងបរិស្ថានក៏បានជំរុញការចូលរួមពង្រីកភាពបៃតងតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដោយចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម លំនៅឋាន និងដាំស្តារព្រៃនៅតាមសហគមន៍។ ក្រសួងក៏កំពុងលើកកម្ពស់ភាពជាម្ចាស់លើធនធានធម្មជាតិ ដោយធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងថា ធនធានធម្មជាតិជាទ្រព្យសម្បត្តិរួម ដែលត្រូវថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយ។ ស្របគ្នានេះ គម្រោងលើកកម្ពស់ជីវភាពសហគមន៍ក៏ត្រូវបានជំរុញ និងជួយបង្កើតមុខរបរថ្មី តាមរយៈការអភិវឌ្ឍគោលដៅលម្ហបៃតង និងការរស់នៅប្រកបដោយចីរភាព។
សរុបមក លទ្ធផលការងារក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងបរិស្ថាន ក៏ដូចជាការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ដែលជាកត្តាគន្លឹះឆ្ពោះទៅរកកម្ពុជាប្រកបដោយចីរភាព និងភាពបៃតង៕


























