អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត៖ ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺ ទាមទារឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា និងមានក្រមសីលធម៌វិជ្ជាជីវៈ ទើបការអនុវត្តទទួលបានផ្លែផ្កា

03-07-2026 12:41

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ភាពជោគជ័យរបស់បុគ្គលម្នាក់ គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ពីព្រោះថាផ្នែកវេជ្ជសាស្ត្រ ជានិមិត្តរូបនៃការចែករំលែកបទពិសោធន៍ និងកិច្ចសហការពីគ្រប់អ្នកជំនាញ។ ដូច្នេះការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា ទើបការអនុវត្តទទួលបានផ្លែផ្កា។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ គង់ សន្យា ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើក «ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៨ ក្រោមប្រធានបទ «បុរេសកម្មសមភាព ប្រសិទ្ធភាពខ្ពស់ និង នវានុវត្តន៍ ក្នុងការបម្រើសេវាសុខាភិបាល» របស់មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងបន្ដថា «ក្នុងនាមយើងជាអ្នកជំនាញរបស់វិស័យសុខាភិបាល ក្តីសង្ឃឹមថ្មីត្រូវបន្តជានិច្ច តាមរយៈការចាប់ផ្តើមអនុវត្ត ដោយផ្អែកលើឱកាស និងកាលៈទេសៈសមស្រប ហើយលទ្ធផលដែលកើតចេញពីការខិតខំរបស់យើង នឹងអាចបម្រើជូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលជួយលើកតម្កើងកេរ្តិ៍ឈ្មោះ កិត្តិយស របស់យើងទាំងអស់គ្នាឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។ ដូចនេះភាពជោគជ័យរបស់បុគ្គលម្នាក់ គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ពីព្រោះថាផ្នែកវេជ្ជសាស្ត្រ ជានិមិត្តរូបនៃការចែករំលែកបទពិសោធន៍ និងកិច្ចសហការពីគ្រប់អ្នកជំនាញ។ ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា ទើបការអនុវត្តទទួលបានផ្លែផ្កា»

នាឱកាសនោះលោកសាស្ដ្រាចារ្យ គង់ សន្យា បានជំរុញទឹកចិត្ដដល់មន្ដ្រី បុគ្គលិក និងសិក្ខាកាមចូលរួមទាំងអស់ ត្រូវបំពេញកិច្ចការងារដោយមានឆន្ទៈខ្ពស់ ទើបរាល់ការងារអ្វីៗទាំងអស់យើងអាចសម្រេចបាន ហើយសម្រេចបានក្នុងរយៈពេលយ៉ាងលឿន និងច្បាស់លាស់​ ហើយយើងបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈទៀតផងនោះ ការបម្រើសេវាសុខាភិបាលជូនប្រជាជនយើង បានកាន់ប្រសើរបន្ថែមទៀត»។

លោកសាស្ដ្រាចារ្យ គង់ សន្យា បានថ្លែងថ្លែងបន្ដថា ចំពោះប្រធានបទដែលបានលើកឡើងសម្រាប់ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យឃើញពីការបន្តខិតខំអភិវឌ្ឍន៍ នវានុវត្តន៍សេវាសុខាភិបាល របស់អង្គភាពសុខាភិបាលសាធារណៈ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត។ គោលដៅនេះ អាចសម្រេចបានតាមរយៈការចូលរួមពីគ្រប់តួអង្គសេវាសុខាភិបាល ផ្សាភ្ជាប់នឹងតួនាទី និងភារកិច្ចរបស់យើងម្នាក់ៗតាមជំនាញរៀងៗខ្លួន។ ការត្រៀមលក្ខណៈគិតគូរហ្មត់ចត់ទុកជាមុន លើការបម្រើសេវាសុខាភិបាលនឹងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសេវាប្រកបដោយសមភាព និងសមធម៌ ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ ជាពិសេសការជំរុញគំហើញបច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ សេវាអមគ្លីនិក បច្ចេកទេសថែទាំអ្នកជំងឺឱ្យបានកាន់តែល្អប្រសើរឡើងឈានទៅកម្រិតខ្ពស់មួយទៀត។

«យើងទាំងអស់គ្នាត្រូវបន្តដើរឆ្ពោះទៅមុខឥតឈប់ឈរ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ដែលជាអ្នកទទួលសេវាដោយគោរពគោលការណ៍ សមភាព និងសមធម៌។ ការអភិវឌ្ឍន៍សេវាព្យាបាល និងថែទាំ អាចធ្វើទៅបានពឹងផ្អែកលើកត្តាច្រើនរួមមានការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបន្ថែមឧបករណ៍ សម្ភារៈទំនើបៗ និងការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ»។

តាមរយៈការបង្ហាញដ៏ច្រើននាពេលបន្តិចទៀតនេះ លោកសាស្ដ្រាចារ្យបានបំផុសស្មារតីឱ្យសិក្ខាកាមទាំងអស់ មានការចូលរួមជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនគ្រប់ប្រធានបទទាំងផ្នែកវេជ្ជសាស្ត្រ- សល្យសាស្ត្រ និងផ្នែកការងារថែទាំ ដើម្បីជាចំណេះដឹង និងសម្រាប់ជាគុណប្រយោជន៍ដ៏ប្រសើរជូនអ្នកជំងឺ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបន្តកំណត់យកមនុស្សជាអាទិភាព និងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។

ក្នុងឱកាសដ៏វិសេសនេះ លោកក៏បានសម្ដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ដ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទិវាវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងវិទ្យាសាស្ត្រថែទាំ ក្នុងការរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកតាមបណ្តាខេត្ត ដែលសមាសភាពចូលរួមជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក-យិកា និងអ្នកបច្ចេកទេសពាក់ព័ន្ធ៕