ប្រកាសចូលកាន់តំណែងលោក យ៉ុម ហឿន ជាអភិបាលរងស្រុកស្ទោង
03-07-2026 16:09
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក យ៉ុម ហឿន ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទោង។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោក តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ការតែងតាំងនេះ គឺក្នុងគោលបំណងចម្បងដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការជំរុញដំណើរការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានស្រុកស្ទោងឱ្យកាន់តែមានភាពរីកចម្រើន។
លោក តាំង ម៉េងលាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រពីថ្នាក់ដឹកនាំខេត្ត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកស្ទោងទាំងអស់ ដែលកន្លងមកបានខិតខំ បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ លោកអភិបាលរងខេត្ត ក៏បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក យ៉ុម ហឿន ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃឱ្យចូលកាន់តំណែងជាអភិបាលរងស្រុកស្ទោង។
ជាមួយគ្នានេះ លោក តាំង ម៉េងលាន ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំថ្មី ដោយបានណែនាំឱ្យលោក យ៉ុម ហឿន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដឹកនាំប្រកបដោយតម្លាភាព គណនេយ្យភាព វិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់។
លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំថ្មីត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលឱ្យទទួល បានលទ្ធផលកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកក៏បានក្រើនរំលឹកឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់គុណភាពសេវាសាធារណៈ និងបំពេញការងារដោយឈរលើគោលការណ៍ «បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានប្រសិទ្ធភាព» សំដៅធ្វើឱ្យប្រជាពលរដ្ឋទទួលបានទំនុកចិត្តកាន់តែខ្លាំងចំពោះរដ្ឋបាលថ្នាក់មូលដ្ឋាន។
លោក យ៉ុម ហឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ទំនុកចិត្ត និងឱកាសដ៏ថ្លៃថ្លា តែងតាំងលោកឱ្យកាន់តំណែងជាអភិបាលរងស្រុកស្ទោង។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ គោរពវិន័យរដ្ឋបាល ប្រកាន់ខ្ជាប់នូវគោលការណ៍បម្រើប្រជាពលរដ្ឋ និងសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ការប្តេជ្ញាចិត្តនេះ គឺក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍស្រុកស្ទោងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល៕















