* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រកាសតែងតាំងលោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ ជាឧត្តមទីប្រឹក្សាផ្ទាល់រប​ស់សម្តេច

03-07-2026 16:15

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរពិធី ត្រូវបានប្រកាសតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅវត្តបទុមធម្មយុត្ត ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អង្គពិធីបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃជាច្រើនអង្គ និងភ្ញៀវកិត្តិយសជាក្រុមគ្រួសារយ៉ាងច្រើនកុះករ។ ការតែងតាំងនេះ គឺយោងតាមព្រះរាជសង្ឃប្រកាសរបស់គណៈសង្ឃពុទ្ធសាសនារដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ធម្មយុត្តិកនិកាយខ្មែរ និងតម្រូវការចាំបាច់របស់គណៈសង្ឃធម្មយុត្តិកនិកាយខ្មែរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ ការស្នើសុំនេះបានធ្វើឡើងតាមរយៈលោក គា អ៊ាវ។

ក្នុងព្រះសង្ឃដីកាដ៏មានអត្ថន័យជ្រាលជ្រៅ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានលើកឡើងអំពីគុណបំណាច់ស្នាដៃ និងការលះបង់ដ៏ធំធេងរបស់លោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ ដែលកន្លងមកបានរួមចំណែកយ៉ាង សកម្មក្នុងការគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងបានបំពេញសកម្មភាពមនុស្សធម៌ និងសង្គមជាច្រើនប្រកបដោយមនសិការ។

សម្ដេចបានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងបានប្រទានព្រះពរជ័យដល់លោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ ជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្ដេច ឱ្យបន្តខិតខំបំពេញតួនាទីប្រកបដោយភាពជោគជ័យ និងរួមចំណែកអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត។ ពិធីប្រកាសតែងតាំងនេះ ក៏ត្រូវបានសម្ដេចព្រះមហាសង្ឃរាជ អញ្ជើញប្រោះព្រំប្រសិទ្ធពរជ័យដល់លោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ ដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងជូនពរឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច។

ក្នុងវេលាដ៏មហោឡារិកនេះ ក្រុមគ្រួសាររបស់លោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ បានចូលរួមអបអរសាទរយ៉ាងសោមនស្សរីករាយ និងទទួលយកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ។ ក្រុមគ្រួសារក៏បានអញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងអ្នកមានគុណ ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមគ្រួសារទាំងអស់ សូមឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ប្រាជ្ញាវាងវៃ និងសម្រេចបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ប្រការតរៀងទៅ។

ជាពិសេស ក្នុងពិធីនេះដែរ ក្រុមគ្រួសាររបស់លោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តបទុមធម្មយុត្ត រួមមាន៖ អង្ករ១តោនកន្លះ ទឹកបរិសុទ្ធចំនួន៣០កេស ចានបាយចំនួន២០០ ចានសម្ល២០០ ស្លាបព្រា២០០ សម២០០ បំពង់ទឹកក្តៅ១០០ដប កែវទឹកធំ២ឡូ កាធន់ជ័រធំ២ឡូ ថាស់ដែក១ឡូ កែវសូទឹក១ឡូ ទឹកអប់៣ឡូ ផ្លែឈើ២កន្ត្រក ផ្កាស្រស់៦កន្ត្រក រួមទាំងបច្ច័យសម្រាប់ថ្វាយសម្ដេចចំនួន៤លានរៀល បច្ច័យប្រគេនព្រះសង្ឃ៩អង្គ ក្នុង១អង្គចំនួន១០ម៉ឺនរៀល ក្រុមការងារ-ក្រុមលេខាសម្តេច១លានរៀល និងសម្រាប់ធ្វើចង្ហាន់វេរថ្វាយ ព្រះសង្ឃចំនួន១លានរៀល។ អំណោយ និងបច្ច័យទាំងនេះ គឺដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងជួយសម្រួលដល់ការបដិបត្តិធម៌របស់ព្រះសង្ឃឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។

ការតែងតាំងលោកព្រឹទ្ធអគ្គមហាឧបាសក យ៉ត សួរ ជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាការទទួលស្គាល់នូវគុណតម្លៃ និងការលះបង់ដ៏ថ្លៃថ្លារបស់លោកក្នុងការបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ ដែលនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើននាពេលអនាគត៕