អភិបាលខេត្តកំពង់ស្ពឺ ចុះអប់រំណែនាំប្រជាពលរដ្ឋពីបញ្ហាដីចំណីផ្លូវ ដើម្បីគាំទ្រគម្រោងជួសជុលផ្លូវក្នុងឃុំសំបូរ
03-07-2026 16:21
(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះជួបសំណេះសំណាល និងអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគម្រោងជួសជុលផ្លូវមួយខ្សែក្នុងឃុំសំបូរ នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការចូលរួមពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លោកអភិបាលស្រុកសំរោងទង ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងពីតម្រូវការចាំបាច់ក្នុងការជួសជុលផ្លូវមួយខ្សែនេះ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍតែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីចំណីផ្លូវ ដែលជាករណីជៀសមិនផុតឡើយ ហើយទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់យ៉ាងច្បាស់ៗអំពីបទប្បញ្ញត្តិច្បាប់ស្តីពីការប្រើប្រាស់ដីចំណីផ្លូវនៅកម្ពុជា។ លោកបានពន្យល់ថា ដីចំណីផ្លូវសំដៅលើការគ្រប់គ្រងដីដែលស្ថិតនៅអមសងខាងផ្លូវសាធារណៈ ដែលមានគោលបំណងរក្សាសុវត្ថិភាព ការធ្វើចរាចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ។ យោងតាមច្បាប់ ដីចំណីផ្លូវគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយប្រជាពលរដ្ឋមិនអាចកាន់កាប់ ឬអះអាងជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា ច្បាប់បានហាមឃាត់ដាច់ខាតការសាងសង់ ឬការរំលោភបំពានលើដីចំណីផ្លូវ។ មិនអនុញ្ញាតឱ្យសង់ផ្ទះ រោង ស្តង់លក់ដូរ របង ឬសំណង់ផ្សេងៗ លើដីចំណីផ្លូវដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ចំពោះការប្រើប្រាស់បណ្ដោះអាសន្នដូចជាការដាក់សម្ភារៈ លក់ដូរ ឬប្រើប្រាស់ផ្សេងៗ ក៏តម្រូវឱ្យមានការសុំអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានជាមុនសិន។ លោកបានព្រមានថា ប្រសិនបើមានការកាន់កាប់ខុសច្បាប់ អាជ្ញាធរអាចចេញបញ្ជាឱ្យរុះរើ ឬពិន័យតាមច្បាប់ជាធរមាន។
លោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ទំហំដីចំណីផ្លូវអាចខុសគ្នាតាមប្រភេទផ្លូវ ដូចជាផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រុង និងផ្លូវជនបទ ដែលទាំងអស់នេះគឺអាស្រ័យលើច្បាប់ស្តីពីផ្លូវថ្នល់របស់រាជរដ្ឋាភិបាលកម្ពុជា និងបទប្បញ្ញត្តិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈការចុះអប់រំនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយល់ដឹង និងគោរពច្បាប់ស្តីពីការប្រើប្រាស់ដីចំណីផ្លូវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងសណ្តាប់ធ្នាប់ល្អ។ ការយល់ដឹង និងការអនុវត្តតាមច្បាប់ គឺជាកត្តាសំខាន់ក្នុងការធានាបាននូវសុវត្ថិភាពសាធារណៈ និងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា៕


























