* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរងខេត្តព្រះវិហារ ជំរុញកិច្ចសហការអន្តរវិស័យ ដើម្បីសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

03-07-2026 16:25

(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវយ៉ាងទទូចដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការជាអន្តរវិស័យ និងសម្របសម្រួលការងារឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចីរភាព។

ការថ្លែងបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុងព្រះវិហារ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុងព្រះវិហារ មន្ទីរសុខាភិបាល គណៈកម្មាធិការអេដស៍ថ្នាក់ខេត្ត និងថ្នាក់ក្រុង ព្រមទាំងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានបញ្ជាក់ថា កម្ពុជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាប្រទេសមួយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ មុនពេលកំណត់។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ប្រកបដោយជោគជ័យ។ លោកស្រីបានបន្តថា ការអនុវត្តគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ ឆ្នាំ២០២៤-២០២៨ នឹងទទួលបានជោគជ័យពេញលេញ លុះត្រាតែមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តផែនការសកម្មភាពឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ជាមួយគ្នានេះ អភិបាលរងខេត្តព្រះវិហាររូបនេះ ក៏បានជំរុញឱ្យគណៈកម្មាធិការអេដស៍គ្រប់ថ្នាក់ បន្តផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ នៅតាមតំបន់ និងទីតាំងដែលមានហានិភ័យខ្ពស់។ ទន្ទឹមនឹងនេះ ក៏ត្រូវធានាការផ្គត់ផ្គង់ និងចែកចាយស្រោមអនាម័យឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ប្រកបដោយប្រសិទ្ធភាព។

លោកស្រីក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបន្តសហការជាមួយមន្ទីរជំនាញ និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យប្រជាជនគន្លឹះទទួលបានការធ្វើតេស្តរកមេរោគអេដស៍ ការពិនិត្យ និងព្យាបាលជំងឺកាមរោគ ព្រមទាំងពន្លឿនការចុះបញ្ជីផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ គោលបំណងសំខាន់គឺដើម្បីពង្រីកការទទួលបានសេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ និងសមធម៌។

ក្រៅពីការងារប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី ប៉ាង រ៉ាវី ក៏បានអំពាវនាវដល់រដ្ឋបាលក្រុង សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារសម្អាតអនាម័យបរិស្ថាន និងលើកកម្ពស់ការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តចំពោះសុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋទាំងមូល។

នៅក្នុងពិធីបិទកិច្ចប្រជុំ លោកស្រី ប៉ាង រ៉ាវី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អប្រសើររវាងគណៈកម្មាធិការអេដស៍ថ្នាក់ខេត្ត ថ្នាក់ក្រុង មន្ទីរជំនាញ និងអង្គការដៃគូអភិវឌ្ឍ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី ប្រយុទ្ធនឹងជំងឺអេដស៍នៅមូលដ្ឋាន។ លោកស្រីបានណែនាំឱ្យគណៈកម្មាធិការអេដស៍ក្រុងព្រះវិហារ បន្តផ្សព្វផ្សាយផែនការសកម្មភាព និងផែនការថវិកាទៅដល់សង្កាត់ទាំង២ ដើម្បីរៀបចំផែនការសកម្មភាព និងផែនការថវិការបស់ខ្លួនឱ្យស្របតាមតួនាទី និងភារកិច្ចដែលបានប្រគល់ជូន។ ជាមួយគ្នានេះ អនុប្រធានអចិន្ត្រៃយ៍ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយប្រធាន និងក្រុមការងារ ក្នុងការរៀបចំផែនការសកម្មភាព ផែនការថវិកា និងឯកសារពាក់ព័ន្ធ សម្រាប់ការអនុវត្ត និងការទូទាត់ថវិកាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ជាចុងក្រោយ លោកស្រី ប៉ាង រ៉ាវី ក៏បានថ្លែងជំរុញឱ្យគណៈកម្មាធិការអេដស៍សង្កាត់ទាំង២ បន្តសហការជាមួយគណៈកម្មាធិការអេដស៍ក្រុងព្រះវិហារ អនុវត្តផែនការសកម្មភាពដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការរួមចំណែកសម្រេចគោលដៅជាតិឆ្ពោះទៅការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា ដែលជាចក្ខុវិស័យដ៏ធំធេងសម្រាប់សុខភាពសាធារណៈរបស់ប្រជាជាតិទាំងមូល៕