កុមារ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ
03-07-2026 17:57
(ភ្នំពេញ)៖ កុមារចំនួន ៤៩រូប ដែលកំពុងសិក្សានៅសាលាមត្តេយ្យសហគមន៍ព្រែកលាប ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានទទួលអំណោយជាកាតាប Panda ពីមូលនិធិចិន ដេីម្បីអភិវឌ្ឍជនបទ តាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងគោលបំណងលើកទឹកចិត្តដល់ការសិក្សារបស់កុមារ និងរួមចំណែកលើកកម្ពស់ការអប់រំនៅថ្នាក់មូលដ្ឋាន។
ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកស្រី Wang Yahui តំណាងភាគីចិន ដោយមានការចូលរួមពី លោកចៅសង្កាត់ព្រែកលាប ព្រមទាំងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម អោក បូរ៉ា បានថ្លែងកោតសរសើរចំពោះមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល ដែលបានបន្តយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និងសុខុមាលភាពកុមារនៅកម្ពុជា តាមរយៈការផ្តល់សម្ភារៈសិក្សា ចាំបាច់ដល់សិស្សានុសិស្ស។ ឯកឧត្តមបានលើកឡើងថា ការវិនិយោគលើការអប់រំកុមារ គឺជាការវិនិយោគលើអនាគត របស់ប្រទេសជាតិ និងជាការរួមចំណែកក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព។
លោកស្រី Wang Yahui ប្រធាន ការិយាល័យ មូលនិធិ ចិន ដើម្បី សន្តិភាព និង ការអភិវឌ្ឍ ប្រចាំ កម្ពុជា បានថ្លែងថាសកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីពាក់ព័ន្ធ ជាពិសេសវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍកុមារនៅកម្ពុជា ស្របតាមចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលបន្តផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតាមសហគមន៍។
ក្នុងនាមតំណាងសិស្សទទួលផល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ព្រាប មុនី ចៅសង្កាត់ព្រែកលាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានរួមចំណែកចូលរួមកៀគរជំនួយនានា និងតែងផ្តល់ការលើកទឹកចិត្ត ដល់កុមារក្នុងសហគមន៍។ លោកបានបញ្ជាក់ថា អំណោយកាតាប Panda ទាំងនេះ គឺជាអំណោយរបស់សង្គមស៊ីវិល នៃប្រទេសយេីងទាំងពីរ កម្ពុជា និងចិន នឹងជួយសម្រួលដល់ការសិក្សារបស់កុមារ និងបង្កើនទឹកចិត្ត ឱ្យកុមារខិតខំរៀនសូត្របន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន










