ជូនអ្នកសារព័ត៌មានថៃ «Khaosod»៖ ក្នុងពិភពលោកនេះគ្មានជាតិសាសន៍ណាមួយ អាចអត់ធ្មត់នឹងទង្វើលួចប្លន់ទឹកដីពីសំណាក់ជាតិសាសន៍ដទៃនោះឡើយ
03-07-2026 22:00
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកនិពន្ធសារព័ត៌មាន «Khaosod» ជាភាសាអង់គ្លេសរបស់ថៃ បានបញ្ចេញវិចារណកថាវាយប្រហារលើឥរិយាបថពលរដ្ឋខ្មែរមួយចំនួនលើបណ្តាញសង្គមដែលបានបញ្ចេញមតិ ឬដាក់រូបសញ្ញាផ្សេងៗក្នុងន័យសើចចំអកចំពោះហេតុការណ៍រថយន្តបុកព្រះសង្ឃថៃពេលកំពុងនិមន្តធម្មយាត្រា។
ក្នុងវិចារណកថា អ្នកនិពន្ធបានរំលេចថា ពលរដ្ឋកម្ពុជាលះបង់ក្តីអាណិតអាសូរចំពោះហេតុការណ៍សោកសង្រេងនោះ ជំនួសដោយការសើចចំអកដែលបង្ហាញពីការរើសអើង និងគុំស្អប់។
មុននឹងលើកឡើងទស្សនៈខាងលើនេះ អ្នកសារព័ត៌មានរបស់ថៃ គួរបង្វិលខួរក្បាលឱ្យបានច្រើនជុំ គិតពិចារណាឱ្យបានច្រើនដង និងស្រាវជ្រាវរកឫសគល់នៃបញ្ហាឱ្យបានល្អិតល្អន់។
ជាប្រទេសជាប់របងគ្នាពលរដ្ឋកម្ពុជា និងថៃ បានហែលឆ្លងនូវប្រវត្តិឈឺចាប់នឹងគ្នាយ៉ាងច្រើន។ ទោះបីមានរឿងឈឺចាប់ច្រើនរាប់មិនអស់ក្នុងប្រវត្តិសាស្ត្រដែលថៃ បានធ្វើមកលើជាតិ និងពលរដ្ឋកម្ពុជាយ៉ាងណាក្តី តែកម្ពុជា មិនដែលអប់រំពលរដ្ឋឱ្យរើសអើងជាតិសាសន៍ គុំស្អប់ជាតិសាសន៍ថៃនោះឡើយ។ ផ្ទុយទៅវិញ ថៃទេ ដែលបន្តអប់រំជាតិសាសន៍ខ្លួនឱ្យចងអរិភាពលើជាតិសាសន៍កម្ពុជា តាមរយៈការអប់រំពីប្រវត្តិសាស្ត្រជម្លោះទឹកដីរវាងកម្ពុជា និងថៃ ដោយគ្មានសច្ចភាព។
បន្ថែមពីលើនោះ បើទោះបីក្នុងពេលមានជម្លោះព្រំដែនកាលពីឆ្នាំ២០២៥យ៉ាងណាក្តី មេដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែផ្តល់សារអប់រំជានិច្ចដល់ពលរដ្ឋកម្ពុជា មិនឱ្យរើសអើងជាតិសាសន៍ថៃនោះឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំនៅក្នុងប្រទេសថៃ ធ្លាប់បានផ្ញើសារអប់រំពលរដ្ឋខ្លួនមិនឱ្យរើសអើងជាតិសាសន៍កម្ពុជាដែរទេ? គេនៅចាំបានថា ក្រោយពេលមានជម្លោះព្រំដែនមានពលរដ្ឋថៃជាច្រើន បានបង្កហិង្សាលើពលរដ្ឋខ្មែររស់នៅក្នុងប្រទេសថៃ ក្នុងនោះសូម្បីតែកូនសិស្សដែលមានម្តាយជាជនជាតិខ្មែរ ក៏ត្រូវបានរើសអើង និងបញ្ឈប់ការសិក្សា។ តើនោះបង្ហាញពីឥរិយាបថជាមនុស្សជាតិមានភាពយល់ដឹងខ្ពស់ និងថ្លៃថ្នូរឬ?
បើនិយាយពីមតិ ឬការដាក់រូបសញ្ញាបែបសើចចំអកឡកលើយចំពោះរឿង ឬហេតុការណ៍ទុក្ខសោកទាំងឡាយ មិនមែនមានតែពលរដ្ឋកម្ពុជានោះទេ ប្រជាពលរដ្ឋថៃ លើបណ្តាញសង្គមក៏តែងតែធ្វើបែបនោះ ក្នុងហេតុការណ៍ទុក្ខសោក និងក្រៀមក្រំផ្សេងៗកើតមាននៅកម្ពុជា។
កាយវិការទាំងនេះជារឿងអកុសលណាស់សម្រាប់មនុស្សជាតិដែលមានភូមិផងរបងជាប់គ្នា។ តែគេត្រូវមើលពីឫសគល់រឿងរ៉ាវទាំងនេះ កើតឡើងដោយសារតែអ្វី?
បើទោះបីក្នុងប្រវត្តិសាសន៍ ជាតិសាសន៍ថៃ បានបន្សល់នូវរឿងរ៉ាវឈឺចាប់លើជាតិសាសន៍កម្ពុជាយ៉ាងណាក្តី តែពលរដ្ឋកម្ពុជា ជាជាតិសាសន៍សន្តិភាពនិយម ប្រកបដោយធម៌មេត្តា ករុណា ការអាណិតអាសូរយ៉ាងជ្រាលជ្រៅ ហើយក៏មានសមានចិត្តខ្ពស់ចំពោះជាតិសាសន៍ថៃ។ មានហេតុការណ៍សោកសង្រេងជាច្រើនក្នុងប្រទេសថៃ ជាក់ស្តែងហេតុការណ៍គ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីខែមីនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរលើបណ្តាញសង្គម បានចូលទៅសម្តែងក្តីអាណិតអាសូរ និងចូលរួមសម្តែងការសោកស្តាយចំពោះហេតុការណ៍ដ៏អកុសលនោះ។
សង្គ្រាមឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជានៅឆ្នាំ២០២៥ បានធ្វើឱ្យជីវិតយោធា និងជនស៊ីវិលខ្មែរច្រើនរូប ត្រូវបានស្លាប់ របួសពិការ។ ផ្ទះសម្បែងពលរដ្ឋខ្មែរច្រើនខ្នងត្រូវបានបំផ្លាញ ហើយរហូតមកដល់ពេលបច្ចុប្បន្នដីធ្លី និងផ្ទះសម្បែងពលរដ្ឋខ្មែរច្រើនខ្នង ត្រូវបានកងទ័ពថៃរំលោភបំពានយកដោយខុសច្បាប់។ បើទោះបីសំឡេងអាវុធលែងផ្ទុះ តែពលរដ្ឋខ្មែររាប់ពាន់គ្រួសារ រាប់សិបម៉ឺននាក់ មិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងដែលពួកគេបានរស់នៅ ៣០ឆ្នាំ ទៅ៤០ឆ្នាំនោះទេ ព្រោះតែកងទ័ពថៃ បន្តកាន់កាប់ទាំងខុសច្បាប់។
ទង្វើដ៏ព្រៃផ្សៃរបស់កងទ័ពថៃ បាននាំមកនូវក្តីឈឺចាប់មហិមាសម្រាប់ពលរដ្ឋកម្ពុជា។ ក្តីឈឺចាប់ដ៏ធំធេងនេះ បានសម្លាប់ទឹកចិត្តដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រកាន់យកចំពោះជាតិសាសន៍ថៃនាពេលកន្លងមក។
សរុបសេចក្តីពលរដ្ឋកម្ពុជា ក្នុងនាមជាជាតិសាសន៍មានអរិយធម៌ខ្ពង់ខ្ពស់ និងជាជាតិសាសន៍ គោរពប្រណិប័តន៍ព្រះពុទ្ធសាសនា គឺមានធម៌មេត្តា ការអាណិតអាសូរ ហើយបែងចែកខុស និងត្រូវយ៉ាងច្បាស់លាស់បំផុត។ ទស្សនៈរបស់អ្នកសារព័ត៌មានថៃ «Khaosod» មិនឆ្លុះបញ្ចាំងពីឥរិយាបថពិតរបស់ពលរដ្ឋកម្ពុជានោះឡើយ។ អ្នកកាសែតថៃ ក៏ត្រូវក្លាហានហ៊ានទទួលស្គាល់ថា ក្នុងប្រវត្តិសង្គ្រាមឈ្លានពានទឹកដីលើពិភពលោកនេះ គ្មានជាតិសាសន៍ណាមួយអាចអត់ធ្មត់ និងរក្សាបានឥរិយាបថល្អ ជាមួយជាតិសាសន៍ដែលធ្វើទង្វើព្រៃផ្សៃឈ្លានពានលួចប្លន់ទឹកដីរបស់គេនោះឡើយ៕




