* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិភាគអន្តរជាតិ៖ អាស៊ីអាគ្នេយ៍ជំរុញទំនាក់ទំនងការពារជាតិ​ តែគេចពីប្លុកផ្លូវការ

03-07-2026 22:19

(បែរឡាំង)៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតំបន់សមុទ្រចិនខាងត្បូង បានក្លាយជាទីលានប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ខណៈបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវកៀបនៅចំកណ្ដាលនៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងកំពូលមហាអំណាចទាំង២។ តែបច្ចុប្បន្នបរិយាកាសភូមិសាស្ត្រនយោបាយក្នុងតំបន់បានផ្លាស់ប្ដូរ ដោយបណ្ដាញសន្តិសុខថ្មីមួយកំពុងលេចចេញជារូបរាងឡើងនៅក្នុងតំបន់។ វាមិនមែនជាការកសាងប្លុក ឬបក្សសម្ព័ន្ធយោធាផ្លូវការថ្មីណាមួយនោះទេ តែជាការពង្រឹងទំនាក់ទំនងការពារជាតិ តាមរយៈការចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់មូលដ្ឋានទ័ព ការលក់មីស៊ីល សមយុទ្ធឆ្មាំសមុទ្រ ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងការពិគ្រោះយោបល់ខាងការពារជាតិ។

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហ្វីលីពីន និងវៀតណាមបានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងសំដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ហើយបានចុះហត្ថលេខាលើអនុស្សរណយោគយល់មួយ ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលនៅក្នុងនោះប្រទេសទាំង២បានឯកភាពគ្នាលើការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ កិច្ចសន្ទនាយុទ្ធសាស្ត្រ ការចែករំលែកព័ត៌មាន និងការធ្វើសកម្មភាពរួមគ្នានៅដែនសមុទ្រ។

* ការកើនឡើងកិច្ចព្រមព្រៀងការពារជាតិ
កាលពីចុងខែមិថុនា ក្រុមមន្ត្រីឥណ្ឌាបាននិយាយថាទីក្រុងញូវដែលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានទំហំទឹកប្រាក់ ៦២៩លានដុល្លារ ដើម្បីផ្គត់ផ្គង់ឱ្យវៀតណាមនូវ ប្រព័ន្ធមីស៊ីលគ្រូសស៊ូបភើសូនិក BrahMos។ វៀតណាមបានក្លាយជាប្រទេសទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានទិញអាវុធដោយបើកចំហពីឥណ្ឌា បន្ទាប់ពីហ្វីលីពីនដែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៣៧៥លានដុល្លារក្នុងឆ្នាំ២០២២ ដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos ៣គ្រឿង។ BrahMos ជាប្រព័ន្ធមីស៊ីលត្រូវបានអភិវឌ្ឍរួមគ្នាដោយ ឥណ្ឌា និងរុស្ស៉ី។ ព្រមពេលជាមួយគ្នា ទំនាក់ទំនងសន្តិសុខរបស់ជប៉ុនជាមួយហ្វីលីពីនក៏បានរីកចម្រើនធំធាត់ផងដែរ បន្ទាប់ពីប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែល អនុញ្ញាតឱ្យពង្រីកការដាក់ពង្រាយកងកម្លាំងយោធានៅលើទឹកដីគ្នាទៅវិញទៅមក។ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ អូស្រ្តាលី និងឥណ្ឌណេស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញា Jakarta Treaty ដែលជាកិច្ចព្រមព្រៀងសន្តិសុខរួមមួយដែលរដ្ឋាភិបាលនៃប្រទេសទាំង២ បានប្ដេជ្ញាចិត្តផ្លាស់ប្ដូរការពិគ្រោះយោបល់កម្រិតខ្ពស់។

យ៉ាងនេះក្ដី ក្រុមអ្នកជំនាញជាច្រើនមើលឃើញថាកិច្ចព្រមព្រៀងទាំងនេះមិនមែនជាការឆ្ពោះទៅរកការបង្កើតបក្សសម្ព័ន្ធយោធាមួយយកគំរូតាម NATO ដើម្បីរួមគ្នាប្រឆាំងនឹងចិននោះទេ។ ក៏ប៉ុន្តែ តាមរយៈការពង្រឹងទំនាក់ទំនងការពារជាតិ បណ្ដាប្រទេសក្នុងតំបន់ចង់បញ្ជូនសារថាការដាក់សម្ពាធដោយឯកតោភាគីនៅឯដែនសមុទ្រនឹងត្រូវប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ។

លោក Hunter Marston ជានាយកកម្មវិធីអាស៊ីអាគ្នេយ៍មកពីវិទ្យាស្ថាន Lowy Institute បាននិយាយថាបណ្ដាប្រទេសទាំងនេះមានការព្រួយបារម្ភរួមចំពោះចិន និងផលប្រយោជន៍ ក្នុងការថែរក្សានីតិរដ្ឋនៅឯដែនសមុទ្រ និងការពារតំបន់ពីការសម្លុតគំរាមដោយកំពូលមហាអំណាចណាមួយ។ លោកបន្ថែមថាក្នុងពេលដំណាលគ្នា ពួកគេបានទទួលស្គាល់ក្នុងកម្រិតខុសគ្នា ពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខតំបន់ដែលអាចនឹងធ្វើឱ្យតុល្យភាពអំណាចក្នុងតំបន់កាន់តែធ្លាក់ចូលក្នុងស្ថានភាពមិនច្បាស់លាស់ និងពិបាកព្យាករ។ «ខណៈពួកគេមើលឃើញមិនដូចគ្នាលើបញ្ហាសន្តិសុខតំបន់ ឬការគាំទ្រពីវត្តមានយោធាអាមេរិកក៏ពិតមែន តែនេះជាពេលដែលមហាអំណាចកម្រិតមធ្យមត្រូវរួបរួមគ្នា ដើម្បីការពារផលប្រយោជន៍របស់ពួកគេ ដ្បិតគ្មានប្រទេសណាមួយក្នុងចំណោមពួកគេមានអំណាចគ្រប់គ្រាន់អាចដោះស្រាយបញ្ហាបានតែម្នាក់ឯងបាននោះទេ»។ នេះជាការយល់ឃើញរបស់ លោក Hunter Marston ដោយបន្ថែមថាសូម្បីតែឥណ្ឌូណេស៊ី និងឥណ្ឌា ដែលសុទ្ធសឹងតែជាប្រទេសធំក្នុងតំបន់របស់ពួកគេ ក៏សម្លឹងរកគ្នាទៅវិញទៅមកដើម្បីពង្រឹងសន្តិសុខខ្លួនឯង ដែរ។

* យុទ្ធសាស្ត្រស្វ័យភាព
តាមពិតទៅ ឥណ្ឌាមិនមែនជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ហើយការប្រកួតប្រជែងរបស់ឥណ្ឌាជាមួយចិន គឺផ្ដោតលើតំបន់ព្រំដែនតាមបណ្ដោយជួរភ្នំហិមារល័យ និងផ្នែក មួយចំនួននៃមហាសមុទ្រឥណ្ឌា។ ប៉ុន្តែ កិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល BrahMos អាចនឹងធ្វើឱ្យគោលនយោបាយឆ្ពោះទៅទិសខាងកើត និងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ឥណ្ឌាកាន់តែមាន លក្ខណៈប្រាកដនិយមជាងមុន។ សម្រាប់ហាណូយ ប្រព័ន្ធមីស៊ីល BrahMos នឹងជួយពង្រឹងខ្សែការពាររបស់ខ្លួននៅតាមបណ្ដោយឆ្នេរ ហើយអាចនឹងធ្វើឱ្យប្រតិបត្តិការទ័ពជើងទឹក ឬឆ្មាំសមុទ្រណាមួយរបស់សត្រូវនៅក្បែរតំបន់ឆ្នេររបស់ខ្លួនជួបបញ្ហាស្មុគស្មាញ។ សម្រាប់ទីក្រុងញូដែលីវិញ ការលក់ប្រព័ន្ធមីស៊ីលនេះបានបង្ហាញថាគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក របស់ខ្លួនលែងផ្តោតលើត្រឹមតែការទូត និងពាណិជ្ជកម្មទៀតហើយ តែក៏ផ្តោតលើការនាំចេញអាវុធ សន្តិសុខសមុទ្រ និងយុទ្ធសាស្ត្រផងដែរ។

យ៉ាងណាក៏ដោយ លោក Kei Koga ជាសាស្ត្រចារ្យរងម្នាក់មកពីកម្មវិធីគោលនយោបាយសាធារណៈ និងកិច្ចការសកលនៃសាកលវិទ្យាល័យ Nanyang Technological បាននិយាយថា បើទោះជាវៀតណាមមានជម្លោះដែនទឹកជាមួយចិនក៏ដោយ តែទីក្រុងហាណូយនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយបន្តដើរតាមយុទ្ធសាស្រ្តស្វ័យភាព និងចៀសវាងការចូលរួមក្នុងប្លុក ឬបក្សសម្ព័ន្ធយោធាផ្លូវការណាមួយ។ តាមអ្នកជំនាញរូបនេះ កិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល BrahMos ជាមួយវៀតណាម គឺដើរស្របទៅនឹងយុទ្ធសាស្ត្រស្វ័យភាពរបស់ហាណូយ ខណៈវា ជួយពង្រឹងសមត្ថភាពយោធាដោយមិនធ្វើឱ្យវៀតណាមក្លាយជាផ្នែកមួយនៃប្លុក ឬបក្សសម្ព័ន្ធយោធាណាមួយប្រឆាំងនឹងចិននោះទេ។

ឥណ្ឌូណេស៊ីវិញកាន់តែមានការប្រុងប្រយ័ត្នទៅទៀត។ ទីក្រុងហ្សាការតាមិនបានចាត់ទុកខ្លួនឯងជាភាគីកំពុងស្ថិតក្នុងជម្លោះដែនទឹកជាមួយចិនឡើយ។ តែឥណ្ឌូណេស៊ីនៅតែមានការព្រួយបារម្ភ ចំពោះការទាមទាររបស់ចិនដែលត្រួតស៊ីគ្នាជាមួយដែនទឹកនៅជុំវិញកោះ Natuna។

* ការជឿទុកចិត្តលើសហរដ្ឋអាមេរិកកំពុងថយចុះ
ចិននៅតែជាដៃគូពាណិជ្ជធំបំផុតរបស់បណ្ដាប្រទេសមួយភាគធំក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ទំនាក់ទំនងបែបនេះហើយបានធ្វើឱ្យបណ្ដា ប្រទេសក្នុងតំបន់មានការប្រុងប្រយ័ត្ន និងចៀសវាងកុំធ្វើឱ្យចិនខឹងសម្បារប្រសិនបើអាចធ្វើទៅបាន។ តាមលោក Koga កិច្ចព្រមព្រៀងភាពជាដៃគូការពាររវាងប្រទេសក្នុងតំបន់នៅតែមាន លក្ខណៈធូររលុង និងមានភាពបត់បែន ដោយមិនមានទីបញ្ជាការរួម ឬការប្ដេជ្ញាចិត្តការពារគ្នាជាសមូហភាពផ្លូវការ ហើយក៏មិនមានការទាមទារឱ្យប្រទេសនីមួយៗមានកាតព្វកិច្ចត្រូវការពារគ្នា ទៅវិញទៅមកនោះទេ។ លោក Koga យល់ថាកិច្ចព្រមព្រៀងនេះផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាព ជាជាងការបង្កើតប្រព័ន្ធមួយដែលពួកគេត្រូវពឹងផ្អែកលើភាគីម្ខាងទៀតដើម្បីការពារ ផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ បើតាមលោក Marston បណ្ដាប្រទេសក្នុងតំបន់កាន់តែមានការព្រួយបារម្ភ និងការសង្ស័យលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់ ពួកគេ។ ដូច្នេះហើយពួកគេ រត់រកគ្នាទៅវិញទៅមកដើម្បីសាកល្បងបង្កើតទំនាក់ទំនងសន្តិសុខពហុភាគីមួយ ជាជាងពឹងផ្អែកតែមួយគត់លើសហរដ្ឋអាមេរិក។

នៅពេលដែលគេនិយាយដល់សមុទ្រចិនខាងត្បូង គេតែងតែនឹកដល់មុនគេពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ តែបច្ចុប្បន្ន គេកំពុងមើលឃើញដែរថាបណ្ដាប្រទេសជាមហាអំណាច កម្រិតមធ្យមកំពុងរៀនសម្របខ្លួន និងរកវិធីសាស្ត្រដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ពួកគេរៀងៗខ្លួន ប្រសើរជាងពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ឬចិន៕