កម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន១១ កំពុងដំណើរការ៨, មួយឆ្នាំអាចផ្គុំ និងដំឡើងរថយន្តជិត ៤ម៉ឺនគ្រឿង (Video inside)
04-07-2026 12:54
(ភ្នំពេញ)៖ មកដល់ពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន១១ក្រុមហ៊ុន តែមានដំណើរការចំនួន៨ក្រុមហ៊ុន។ ក្រុមហ៊ុនទាំង៨ ដែលកំពុងដំណើរការនេះ មានសមត្ថភាពផ្គុំ និងដំឡើងរថយន្តជិត៤គ្រឿងក្នុងមួយឆ្នាំ។
ថ្លែងក្នុងពិធីសម្ពោធការផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តទាំង១១ មានទុនវិនិយោគសរុបប្រមាណ១៥៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ១ ៣៦៥កន្លែង នារី ៦៣៣កន្លែង។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា គិតមកដល់ពេលបច្ចុប្បន្ននេះ រថយន្តដែលបានផ្គុំ និងដំឡើងនៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១៧៣ ៤៧៣គ្រឿង និងមានតម្លៃសរុបប្រមាណ ១.១ប៊ីលានដុល្លារអាមេរិក។
របាយការណ៍របស់ក្រសួងបានឱ្យដឹងថា រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត ដែលកំពុងដំណើរការនៅកម្ពុជា រួមមាន រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រថយន្ត I SUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើង រថយន្តខ្នាតធំអគ្គិសនីនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។
ដោយឡែករោងចក្ររថយន្ត GAC និងរោងចក្ររថយន្ត Chevrolet កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោក ហែម វណ្ឌី បានឱ្យដឹងថា ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តទាំងនេះ បាននិងកំពុងបង្កើនការប្រើប្រាស់គ្រឿងផ្គុំ និងបំណែករថយន្តរបស់ក្រុមហ៊ុនក្នុងស្រុក ដែលជាសញ្ញាវិជ្ជមានក្នុងឧស្សាហកម្មរថយន្តនៅកម្ពុជា។
លោករដ្ឋមន្ត្រីបន្ថែមថា តាមរយៈការវិនិយោគរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងនេះ មិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានជួយ ពន្លឿនការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពរបស់ឧស្សាហកម្មជាតិ ថែម ទៀតផង៕











