កាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» (Video inside)
04-07-2026 13:38
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងយុវជនកាកបាទក្រហមកម្ពុជាប្រមាណ ១១៩នាក់ នៅទីស្នាក់ការកណ្តាកកាកបាទក្រហមកម្ពុជា។
នាឱកាសនោះលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថាគោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីបណ្តុះបណ្តាល និងពង្រឹងចំណេះដឹងយុវជនលើវិស័យចំនួនពីរគឺ៖ (១)ចំណេះដឹងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ(IHL) និងគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិ។ (២)ចំណេះដឹងផ្នែកកសាងសន្តិភាព ការជំរុញឱ្យមានការសន្ទនា ការយល់ដឹងពីអន្តរវប្បធម៌ និងការរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាក្នុងសង្គម។
អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជាបានបន្តថា «សន្តិភាព» មិនមែនគ្រាន់តែជាអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាដំណើរការដ៏រស់រវើកមួយនៃការសហប្រតិបត្តិការ ដែលផ្អែកលើការគោរពសេរីភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ សច្ចធម៌ សិទ្ធិមនុស្ស និងការបែងចែកធនធានដោយសមធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ ជាងនេះទៀតសន្តិភាព គឺផ្តើមចេញពីចិត្តស្ងប់ ឆ្ងាយពីកិលេស (លោភៈ ទោសៈ មោហៈ) និងការអនុវត្តគោរពតាមគោលការណ៍អហិង្សា មិនធ្វើបាបខ្លួនឯង និងអ្នកដទៃ ព្រមទាំងការប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ (មេត្តា ករុណា មុទិតា ឧបេក្ខា)។
លោកបានរំលឹកថា «កម្ពុជាបានឆ្លងកាត់ការចរចាស្វែងរកសន្តិភាពយ៉ាងលំបាក តាមរយៈ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១) និងទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិទាំងស្រុងទូទាំងប្រទេសក្រោម «នយោបាយឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨ ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយស្ថេរភាព (បច្ចុប្បន្នមានអត្រាកំណើនប្រហែល ៤.៦%)។ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង អាចផលិត និងនាំចេញផលិតផលទៅក្រៅប្រទេស ព្រមទាំងបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ លើសពីនេះពីប្រទេសដែលទទួលកងទ័ពរក្សាសន្តិភាព កម្ពុជាបានក្លាយជាប្រទេសដែលបានបញ្ជូន កងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) នៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក»។
នៅក្នុងសិក្ខាសាលានេះលោកស្រី ហួន ចន្ទបូរ៉ា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងជាវាគ្មិនកិត្តិយស បានរំលឹកពីដែលផលវិបាកនៃសង្គ្រាមបានទាញទម្លាក់ការអភិវឌ្ឍ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កត្តាភូមិសាស្ត្រមនុស្ស និងសេចក្តីសុខសាន្តទាំងផ្លូវកាយនិងផ្លូវចិត្តឱ្យធ្លាក់ចុះដល់កម្រិតសូន្យ។ ក្រោយឆ្លងកាត់សង្គ្រាម ជាពិសេសនៅក្នុងឆ្នាំ ១៩៧៩ ប្រជាជនប្រឈមនឹងការខ្វះខាតស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រកសមរម្យ ថ្នាំសង្កូវ និងគ្មានសូម្បីតែទឹកស្អាតប្រើប្រាស់។ ហើយការស្តារប្រទេសឡើងវិញពីផលវិបាកនៃសង្គ្រាម ទាមទារឱ្យមានរយៈពេលវែង មិនអាចធ្វើឡើងក្នុងរយៈពេលខ្លីបានឡើយ ដែលនេះទាមទារឱ្យមានការកែទម្រង់ ការបណ្តុះបណ្តាល និងការខិតខំប្រឹងប្រែងរួមគ្នាពីសង្គមជាតិ និងរាជរដ្ឋាភិបាល។
លោកស្រីបន្តថា យុវជនសម័យបច្ចេកវិទ្យាឌីជីថលសតវត្សរ៍ទី ២១ គឺជាក្រុមមនុស្សដែលមានសំណាង ដោយសារបានកើតមកក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវបានស្តារឡើងវិញជាជំហានៗ មិនសូវលំបាកដូចមុន។ ប៉ុន្តែពួកគេបានឆ្លងកាត់ជម្លោះកាលពីឆ្នាំ២០២៥ កន្លងទៅ និងប្រហែលជាបានទៅដល់មណ្ឌលសុវត្ថិភាពនៅតាមបណ្តោយព្រំដែន ដែលធ្វើឱ្យពួកគេបានឃើញផ្ទាល់ភ្នែកនូវភាពសោកសង្រេង និងផលវិបាកនៃជម្លោះ។ ដូចនេះយុវជនត្រូវផ្តល់តម្លៃដល់ការតស៊ូ ការលះបង់ជីវិត ការឈឺចាប់ ការព្រាត់ប្រាសរបស់យុទ្ធជន អ្នកការពារទឹកដី ដើម្បីការពារបូរណភាពទឹកដី និងរក្សាសន្តិភាព។ ហើយយុវជនត្រូវចូលរួមបណ្តុះស្មារតីស្នេហាជាតិ និងសន្តិភាពទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមន៍សាលារៀន។ ជាពិសេស យុវជនកាកបាទក្រហមត្រូវចែករំលែកចំណេះដឹងពី «វប្បធម៌ ឬមនសិការមនុស្សធម៌» នៅក្នុងក្លឹបយុវជន និងសាលារៀន ដើម្បីជាគ្រឹះក្នុងការកសាងសន្តិភាព។
នៅក្នុងឱកាសនោះយុវតី ហាក់ ពេជ្រសៀន ដែលជាអ្នកស្ម័គ្រចិត្ត និងជាអ្នកសម្របសម្រួលកម្មវិធីរបស់កាកបាទក្រហមកម្ពុជា បានឱ្យដឹងថាសិក្ខាសាលានេះ នឹងធ្វើឱ្យយុវជនទទួលបានចំណេះដឹងកាន់តែច្បាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ ព្រមទាំងបណ្តុះគំនិតឱ្យពួកគេចេះចែករំលែកចំណេះដឹងទាំងនេះទៅកាន់មិត្តភក្តិ គ្រួសារ និងអ្នកជុំវិញខ្លួន ក្នុងនាមជាចលករដ៏សំខាន់ក្នុងការកសាងសន្តិភាព។
ជាពិសេសក្រុមយុវជនតំណាង នឹងនាំយកសកម្មភាព និងការប្តេជ្ញាចិត្តដែលបានអនុវត្តកន្លងមក ទៅចែករំលែកនៅក្នុងវេទិកាបណ្តាញយុវជនអាស៊ីអាគ្នេយ៍ ដែលរៀបចំក្នុងឆ្នាំនេះ ជាមួយការរំពឹងថានឹងទទួលបានការកោតសរសើរ និងមតិយោបល់ស្ថាបនា ក៏ដូចជាបានរៀនសូត្រពីបទពិសោធន៍ និងសកម្មភាពផ្សេងៗគ្នារបស់សមាគមជាតិដទៃទៀត ដើម្បីយកមកពង្រឹងសមត្ថភាពខ្លួនឯង និងបន្តអនុវត្តគម្រោងនៅឆ្នាំក្រោយៗ៕



















