លោកស្រី ហែម សុគុណពិសី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅឃុំគូលែនត្បូង ខេត្តព្រះវិហារ
04-07-2026 16:11
(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី អនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំគូលែនត្បូង រួមជាមួយលោក ស៊ុន កុសល ប្រធានគណៈកម្មាធិការបក្សឃុំគូលែនត្បូង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋចាស់ជរា និងគ្រួសារដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះ នៅក្នុងភូមិសាស្ត្រឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលងាយរងគ្រោះ និងត្រូវការជំនួយ។
នៅក្នុងឱកាសប្រកបដោយភាពស្និទ្ធស្នាលនោះ លោកស្រី ហែម សុគុណពិសី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ រួមមាន លោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ព្រមទាំងលោក សួស សុខដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន។
ការផ្តាំផ្ញើសាកសួរសុខទុក្ខនេះ គឺជូនចំពោះបងប្អូនប្រជាពលរដ្ឋឃុំគូលែនត្បូង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកគូលែនទាំងអស់ផងដែរ ដែលជាការបង្ហាញពីចំណងសាមគ្គីភាព និងការយកចិត្តទុកដាក់ឥតឈប់ឈររបស់គណបក្សចំពោះប្រជាជន។
លោកស្រីប្រធានក្រុមការងារ និងសហការី ក៏បានឆ្លៀតឱកាសចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខផ្ទាល់មាត់ ប្រកបដោយភាពកក់ក្តៅ និងបានថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្ត ថែរក្សាសុខភាពឱ្យបានល្អប្រសើរ រស់នៅដោយអនាម័យខ្ពស់ និងចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ ការលើកទឹកចិត្តនេះ មានគោលបំណងរួមចំណែកលើកកម្ពស់សុខុមាលភាពគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាឆ្អឹងខ្នង។
លោកស្រី ហែម សុគុណពិសី បានសង្កត់ធ្ងន់ថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការចែករំលែកសេចក្តីស្រឡាញ់របស់ គណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសចំពោះបងប្អូនចាស់ជរា និងគ្រួសារដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ គណបក្សប្រជាជនកម្ពុជា មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោឡើយ ហើយតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជារៀងរហូតមក ស្របតាមទិសដៅដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់គណបក្ស ដែលតែងតែចាត់ទុកប្រជាជនជាបេះដូង និងជាគោលដៅចម្បងនៃការអភិវឌ្ឍ។
ជាការឆ្លើយតប ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ហែម សុគុណពិសី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខ និងនាំយកអំណោយមកជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ សកម្មភាពដ៏ប្រពៃនេះ បានធ្វើឱ្យពួកគាត់ចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នេះជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្សក្នុងការបម្រើប្រជាជន និងរួមចំណែកកសាងសង្គមជាតិមួយប្រកបដោយភាពសុខដុមរមនា និងវិបុលភាព៕

























