កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បង្ក្រាបករណីបាញ់សម្លាប់ប្លន់ និងលួចកាច់កម៉ូតូយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យ៣នាក់
04-07-2026 16:44
(កណ្តាល)៖ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានដោយ ជោគជ័យនូវករណីបាញ់សម្លាប់ប្លន់ដោយអាវុធវែង AK-47 និងករណីលួចកាច់កម៉ូតូយ៉ាងសកម្មចំនួន ៤លើក នៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងគូសង្ស័យជាជនដៃដល់ និងអ្នកទទួលផលចោរកម្ម។
ការបង្ក្រាបនេះបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ម៉ឺងម៉ាត់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែជំរុញឲ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ។ កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រកាន់ខ្ជាប់នូវទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា។
ករណីឃាតកម្មប្លន់បាញ់សម្លាប់ជនរងគ្រោះឈ្មោះ សូនី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅរោងចាំចំការពោត ចម្ងាយប្រមាណ ៥គីឡូម៉ែត្រក្រោយភូមិក្នុងសង្កាត់សំពៅពូន ត្រូវបានបង្កឡើងដោយជនសង្ស័យពីរនាក់ជាគូសង្សារ គឺឈ្មោះ មិនា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ចាន់តុលា ភេទស្រី អាយុ១៨ឆ្នាំ។ ជនសង្ស័យទាំងពីរបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះដោយអាវុធ AK-47 មួយគ្រាប់ចំក្បាល ហើយបានយកម៉ូតូ និងសម្ភាររបស់ជនរងគ្រោះទៅបាត់។
ក្រៅពីករណីឃាតកម្មនេះ ជនសង្ស័យទាំងពីរនាក់ក៏បានសារភាពថា បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើកផងដែរ។ ជាក់ស្តែង នៅវេលាម៉ោង ៩:០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ពួកគេបានលួចម៉ូតូម៉ាក HONDA DREAM C125 របស់ជនរងគ្រោះឈ្មោះ សុខុម ភេទស្រី អាយុ៤៤ឆ្នាំ នៅចំណុចមុខវត្តសំពៅមាស ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។ លើសពីនេះ ឈ្មោះ មិនា ក៏ធ្លាប់បានធ្វើសកម្មភាពកាច់កម៉ូតូពីរលើកទៀត កាលពីខែមេសា ឆ្នាំ២០២៦ ជាមួយបក្ខពួកម្នាក់ឈ្មោះ ពី (ខ្លា) នៅក្រុងសំពៅពូន ដោយលួចបានម៉ូតូម៉ាក C125 មួយគ្រឿង និងម៉ូតូម៉ាក SCOOPY មួយគ្រឿង។ ម៉ូតូដែលលួចបានទាំងអស់ ត្រូវបានជនសង្ស័យយក ទៅលក់ឲ្យឈ្មោះ ធូ ហៅ ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ម្ហូប រស់នៅរាជធានីភ្នំពេញ ដែលជាមុខសញ្ញាធ្លាប់ចេញពីពន្ធនាគារករណីទទួលផលចោរកម្ម។
ក្រោយទទួលបានព័ត៌មានពីហេតុការណ៍ទាំងនេះ ថ្នាក់ដឹកនាំពាក់ព័ន្ធបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានក្រុងសំពៅពូន ចុះស្រាវជ្រាវស្វែងរកជនដៃដល់។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងឆន្ទៈសាមគ្គីសហការគ្នា កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ តុលា នៅចំណុចស្ពានលេខ៦៥ ភូមិព្រែកគង់ សង្កាត់សំពៅពូន ខណៈកំពុងជិះម៉ូតូដែលបានប្រើប្រាស់ក្នុងការបាញ់សម្លាប់ប្លន់ និងលួចកាច់កម៉ូតូ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ មិនា ពេលចុះពីលើរថយន្តឈ្នួលនៅចំណុចស្ពាន៦៧ ក្រោយវត្តកោះទៀវ ភូមិកោះទៀវ(ខ) សង្កាត់សំពៅពូន។ តាមចម្លើយសារភាពរបស់ជនសង្ស័យ មិនា ម៉ូតូដែលខ្លួនលួចបានយកទៅលក់ឲ្យឈ្មោះ ធូ ហៅ ធី។
បន្តមក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធូ ហៅ ធី ដែលជាអ្នកទទួលផលចោរកម្ម នៅចំណុចភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងម៉ូតូចំនួន ០២គ្រឿង ក្នុងនោះមានម៉ូតូ ០១គ្រឿងជារបស់ជនរងគ្រោះឈ្មោះ សុខុម ដែលឈ្មោះ ធូ ហៅ ធី យកទៅឲ្យជាងជួសជុល។ ចំពោះអាវុធ AK-47 ដែលជនសង្ស័យ មិនា បានប្រើប្រាស់ ក៏ត្រូវបានប្រជាពលរដ្ឋរើសបាន និងប្រគល់ជូននគរបាលប៉ុស្តិ៍រកាខ្ពស់ រួចបានប្រគល់បន្តមកជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងនីតិវិធីតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ កម្លាំងសមត្ថកិច្ចនៅតែបន្តខិតខំស្រាវជ្រាវតាមរុករកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់។
អាជ្ញាធរមានសមត្ថកិច្ចក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាទ្រព្យសម្បត្តិ និងមធ្យោបាយធ្វើដំណើររបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីកុំឲ្យចោរងាយលួច ឬប្លន់បាន៕




































