លោក ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រសៀមរាប ចែកអំណោយដល់គ្រួសារកងទ័ព ៥០គ្រួសារ នៅឃុំស្វាយស ស្រុកវ៉ារិន
05-07-2026 10:55
(សៀមរាប)៖ លោក ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួមជាមួយក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាជូនដល់ក្រុមគ្រួសារកងទ័ពចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ព និងក្រុមគ្រួសាររបស់ពួកគាត់។
ក្នុងឱកាសនោះ លោក ប៊ុន ថាឫទ្ធិ បានគូសបញ្ជាក់ថា គ្រួសារកងទ័ពនៅសមរភូមិក្រោយមិនមានការខ្វះខាតឡើយ ចំណែកកងទ័ពនៅជួរមុខក៏មិននៅឯកោដែរ គឺដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល។ លោកបានបន្តថា ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ពួកគាត់នៅតាមមូលដ្ឋាន។ សកម្មភាពនេះក៏ជាផ្នែកមួយនៃការលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន។
លោកតំណាងរាស្ត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុខសាន្ត កុមារអាចទៅសាលារៀនដោយរីករាយ និងប្រទេសជាតិអាចអភិវឌ្ឍន៍ទៅមុខបាន។ លោកក៏បានលើកឡើងពីការលះបង់ដ៏មានតម្លៃរបស់ភរិយា មាតាបិតា ឬកូនៗរបស់យុទ្ធជន ដែលត្រូវរស់នៅឆ្ងាយពីស្វាមី កូន ឬឪពុក ខណៈពួកគាត់កំពុងបំពេញភារកិច្ចការពារជាតិ។ លោកបានចាត់ទុកបងប្អូនទាំងនេះថាជា «បង្អែកដ៏រឹងមាំផ្នែកខាងក្រោយ» ដែលធ្វើឱ្យយុទ្ធជននៅជួរមុខមានទឹកចិត្តបំពេញភារកិច្ចដោយគ្មានការបារម្ភ។
លោក ប៊ុន ថាឫទ្ធិ បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព ប្រសិនបើមានការលំបាកអ្វីមួយ សូមប្រាប់ទៅអាជ្ញាធរភូមិ ឃុំ ដើម្បីរួមគ្នាដោះស្រាយការងារ និងកង្វល់ជូន។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យជាតិ តាមរយៈការងារការទូតច្បាប់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា រាល់គោលនយោបាយទាំងអស់ គឺសំដៅលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពឱ្យកាន់តែប្រសើរឡើង។
ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន លោក ប៊ុន ថាឫទ្ធិ បានអំពាវនាវឱ្យប្រជាពលរដ្ឋអត់ធ្មត់ចំពោះសកម្មភាពនៃការឈ្លានពានមួយចំនួន ហើយសូមកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួន ដែលរិះរកវិធីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។
ជាចុងក្រោយ លោកបានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដែលបានចែកជូននាពេលនេះ គឺជាទឹកចិត្តសប្បុរសធម៌ ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនមួយគ្រា។ ទោះបីជាអំណោយទាំងនេះមិនអាចបំពេញរាល់តម្រូវការទាំងអស់ក៏ពិតមែន ប៉ុន្តែវាជា «ទឹកចិត្ត គិតគូរ និងការដឹងគុណ» យ៉ាងជ្រាលជ្រៅបំផុតចេញពីបេះដូងរបស់លោក និងក្រុមការងារ ចំពោះវីរភាពរបស់គ្រួសារកងទ័ពទាំងអស់៕




















