មន្ត្រីជាន់ខ្ពស់អាជ្ញាធរគ្រឿងញៀន៖ គម្រោងគ្រួសាររឹងមាំ ពិតជាផ្ដល់សុភមង្គល និងជួយទប់ស្កាត់គ្រឿងញៀនដល់ប្រជាពលរដ្ឋ

05-07-2026 16:26

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា គម្រោង «គ្រួសាររឹងមាំ» (Strong Family) ពិតជាបានផ្ដល់នូវសុភមង្គលផ្លូវកាយ និងផ្លូវចិត្តដល់គ្រួសារប្រជាពលរដ្ឋ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍។

ការថ្លែងបែបនេះរបស់លោកត្តមសេនីយ៍ឯក លឹម តុងហួត បានធ្វើឡើងក្នុងឱកាសដែលលោកបានចុះពិនិត្យ និងបន្តអនុវត្តការងារគម្រោងនេះនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

គម្រោង «គ្រួសាររឹងមាំ» នេះ គឺជាគំនិតផ្តួចផ្តើមមួយដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលមានគោលបំណងពង្រឹងចំណងមិត្តភាព និងការប្រាស្រ័យទាក់ទងគ្នារវាងសមាជិកគ្រួសារ ដើម្បីបង្កើតបរិយាកាសកក់ក្តៅ និងសុវត្ថិភាព ដែលអាចការពារកូនចៅពីការធ្លាក់ខ្លួនចូលក្នុងអំពើអបាយមុខ ជាពិសេសគឺបញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចុះសហការជាមួយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្នុងការបន្តពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃគម្រោងនេះ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ប្រជាសហគមន៍ដែលនឹងក្លាយជាគ្រួសារគំរូ និងមានបទពិសោធន៍ក្នុងការអប់រំកូនចៅកុំឱ្យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន តាមរយៈការចូលរួមយ៉ាងសកម្មក្នុងគម្រោង «គ្រួសាររឹងមាំ» នេះ។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់គ្រួសារនីមួយៗ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍មួយដែលគ្មានគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពន្យល់លម្អិតថា គម្រោង «គ្រួសាររឹងមាំ» នេះ គឺជាមាគ៌ាមួយដែលផ្តោតសំខាន់ទៅលើវេទិកាគ្រួសារ ដែលតម្រូវឱ្យឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលយ៉ាងតិច ៥នាទីឡើងទៅក្នុងមួយថ្ងៃ ដើម្បីប្រាស្រ័យទាក់ទងជាមួយកូនចៅ។ តាមរយៈការស្តាប់ និងទទួលព័ត៌មានពីកូនចៅ ការឆ្លើយតបរាល់សំណើ សំណូមពរ និងការផ្ដល់ភាពកក់ក្តៅដល់ពួកគេ នឹងធ្វើឱ្យកូនចៅមានអារម្មណ៍ជឿជាក់ និងហ៊ានសហការផ្ដល់នូវព័ត៌មានផ្សេងៗដែលពួកគេបានជួបប្រទះនៅសង្គមខាងក្រៅគ្រួសារ។ វិធីសាស្ត្រនេះនឹងជួយឱ្យឪពុក ម្តាយ ឬអាណាព្យាបាលងាយទទួលបាននូវរាល់ការប្រព្រឹត្តរបស់កូនចៅនៅខាងក្រៅ ហើយក៏ងាយនឹងអាចបង្ការ និងដោះស្រាយបាននូវរាល់បញ្ហា ជាពិសេសគឺបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា។

ការអនុវត្តគម្រោង «គ្រួសាររឹងមាំ» មិនត្រឹមតែជាការការពារកូនចៅពីគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារនីមួយៗឱ្យមានសុភមង្គល ភាពកក់ក្តៅ និងការយោគយល់គ្នាទៅវិញទៅមក។ តាមរយៈការយកចិត្តទុកដាក់ និងការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ គ្រួសារនឹងអាចក្លាយជាទីពឹងដ៏សំខាន់សម្រាប់សមាជិកគ្រប់រូប ដែលជាកត្តាជំរុញឱ្យសង្គមជាតិទាំងមូលមានការរីកចម្រើនប្រកបដោយចីរភាព និងគ្មានការគំរាមកំហែងពីគ្រឿងញៀន។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្តេជ្ញាបន្តពង្រឹង និងពង្រីកគម្រោងនេះឲ្យកាន់តែទូលំទូលាយ ដើម្បីធានាបាននូវសុខុមាលភាព និងអនាគតដ៏ភ្លឺស្វាងរបស់កូនចៅជំនាន់ក្រោយ៕