រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះ World Universal Pageants 2026 ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក

05-07-2026 16:45

(សៀមរាប)៖ បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦–២០២៨ រួចមក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានឆ្លៀតជួបសំណេះសំណាល និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ក្រុមបវរកញ្ញាអន្តរជាតិ World Universal Pageants 2026 ដែលកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ ដែលជាឱកាសដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ទៅកាន់ពិភពលោក។

ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិ និងពង្រឹងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ៕