អាជ្ញាធររាជធានីភ្នំពេញ និងអាជីវករតំបន់ដីក្រហម ជាប់ផ្សារដើមគរ ព្រមព្រៀងគ្នាលើគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវនៅជុំវិញផ្សារដើមគរ

05-07-2026 17:26

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានជួបសម្របសម្រួលដោយផ្ទាល់ជាមួយបងប្អូនអាជីវករលក់ដូរ នៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគរ។

ការសម្របសម្រួលនេះមានគោលបំណងស្វែងរកដំណោះស្រាយរួមមួយ ដើម្បីអនុញ្ញាតឱ្យគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវនៅជុំវិញផ្សារដើមគរ អាចដំណើរការទៅមុខដោយរលូន និងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ទាប់ពីការជជែកពិភាក្សាយ៉ាងលម្អិត និងស្មោះត្រង់ គ្រប់ភាគីទាំងអស់ រួមទាំងអាជ្ញាធរ និងបងប្អូនអាជីវករ បានឈានដល់ការយោគយល់គ្នាទៅវិញទៅមក និងសម្រេចបាននូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ។ អាជីវករទាំងអស់បានបង្ហាញពីការយល់ដឹងច្បាស់លាស់អំពីសារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍នេះ និងបានព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធររាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានសម្តែងនូវការសាទរយ៉ាងខ្លាំង ចំពោះគម្រោងរៀបចំជួសជុលផ្លូវ ដាក់លូ និងរៀបចំខឿនចិញ្ចើមផ្លូវ ដែលនឹងនាំមកនូវសោភ័ណភាព និងអនាម័យកាន់តែប្រសើរឡើងនៅក្នុងតំបន់។

នាឱកាសនោះដែរ លោក សុខ ពេញវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអាជីវករទាំងអស់ ដែលបានបង្ហាញនូវស្មារតីសហការ និងឯកភាពគ្នា ដើម្បីអនុញ្ញាតឱ្យគម្រោងដ៏មានសារៈសំខាន់មួយនេះ ដំណើរការទៅតាមផែនការដែលបានគ្រោងទុកដោយរដ្ឋបាលរាជធានីភ្នំពេញ។ លោកបានសង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់បរិស្ថាន អនាម័យ និងសោភ័ណភាពតាមដងផ្លូវ និងបរិវេណផ្សារដើមគរទាំងមូល ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងប្រកបអាជីវកម្មក្នុងតំបន់នេះ។

យោងតាមការបញ្ជាក់ពីលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផែនការដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដែលរួមមាន៖

ទី១៖ ការជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ នៅផ្លូវលេខ ២៣៥ (ចាប់ពីផ្លូវ ៣៣៦ ដល់ផ្លូវ ២១៧) ប្រវែង ១៧៦ម៉ែត្រ ទទឹង ១២ម៉ែត្រ និងការដាក់លូទំហំ ០.៨ម៉ែត្រ ផ្នែកខាងកើត ប្រវែង ៨៣ម៉ែត្រ។

ទី២៖ ការជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ នៅផ្លូវលេខ ៣៤៦ (ចាប់ពីផ្លូវ ២៤៥ ដល់ផ្លូវ ២៣៥) ប្រវែង ១៥០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងការដាក់លូទំហំ ០.៨ម៉ែត្រ ផ្នែកខាងជើង ប្រវែង ១៦០ម៉ែត្រ។

និងទី៣៖ ការរៀបចំខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែងសរុប ៦៥២ម៉ែត្រ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

គម្រោងអភិវឌ្ឍន៍នេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យកាន់តែទំនើប និងស្របតាមស្តង់ដារ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកកសាងរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត បរិស្ថានល្អ និងមានសណ្តាប់ធ្នាប់៕