ខួប ១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងររបស់ប្រាសាទព្រះវិហារពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥
06-07-2026 10:42
(ភ្នំពេញ)៖ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ក្រោមប្រធានបទ «ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ»។
ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក Flavio BONETTI ប្រធានការិយាល័យអង្គការ យូណេស្កូប្រចាំកម្ពុជា តំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋក្នុង សហគមន៍មូលដ្ឋានសរុបប្រមាណ៥០០នាក់។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា អង្គពិធីក៏បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការ អភិរក្សនិងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់បានខិតខំប្រឹងប្រែងសម្រេចបានក្នុង រយៈពេល១៨ឆ្នាំកន្លងមក។
ទន្ទឹមនឹងនេះអង្គពិធីក៏បាន រំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពី ឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន ៥៦២កន្លែង បានបង្ខំប្រជាជនប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។
អង្គពិធីក៏បានស្ដាប់របាយការណ៍របស់លោកអភិបាលខេត្តព្រះវិហារ ដែលបានបញ្ជាក់ឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះការរៀបចំមណ្ឌលសុវត្ថិភាព និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋភៀសសឹក ហើយបាន រៀបចំលំនៅឋានស្នាក់នៅរយៈពេលយូរជូនប្រជាពលរដ្ឋដែលមិនទាន់អាចវិលទៅកាន់ភូមិរបស់ខ្លួនបាន។
អាជ្ញាធរជាតិព្រះវិហារ ក៏បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាមអនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear រួមមាន៖ (១)ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម (២)ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត (៣) ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល (៤)ការថតឯកសារ 3D ប្រាសាទ ទាំងមូល និង(៥)ការស្តារប្រព័ន្ធផ្លូវទឹកបុរាណ។ កិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។
ទន្ទឹមនឹងនេះ អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។
នៅក្នុងឱកាសនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងជូនអង្គពិធីអំពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្ត កិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ជាមួយគ្នានេះលោកស្រីបណ្ឌិត បានណែនាំអាជ្ញាធរជាតិព្រះវិហារ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូ អន្តរជាតិដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុង តំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ និងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធចំពោះការធានាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អង្គការ យូណេស្កូ និងដៃគូអន្តរជាតិនានាដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ហើយអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអនុវត្តបេសកកម្ម នេះឱ្យបានជោគជ័យ។
អង្គពិធីទាំងមូលក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងវីរយុទ្ធជនគ្រប់ជំនាន់ ដែលបានដឹកនាំ ការពារ ថែរក្សា បូរណភាពទឹកដី និងសម្បត្តិបេតិកភណ្ឌវប្បធម៌នានារួមទាំងប្រាសាទព្រះវិហារ៕









