* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) (Video inside)

06-07-2026 11:15

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)។

នៅក្នុងព្រះរាជសារនេះ មានខ្លឹមសារបញ្ជាក់ដូចនេះថា៖ នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជន រួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង។ ការចុះបញ្ជីនេះ ជួយថែរក្សា និងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយ ព្រះជន្មព្រះអង្គ ។

ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស នឹងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ ក្រោមកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា រវាងមនសិការស្នេហាជាតិនឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយ៍នេះ ស្ថិតក្រោមអធិបតេយ្យភាព របស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន ។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ICC/PREAH VIHEAR និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋ ឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ ថ្វាយព្រះពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នឹងសូមជូនពរ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងសូមព្រះមេត្តាទទួលនូវ​វត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងមេត្តាទទួលនូវ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ៕