បុរសម្នាក់បើករថយន្តបុកម៉ូតូ រួចទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឱ្យស្លាប់ខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ៨
06-07-2026 14:40
(កណ្តាល)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ២១៖៤០ នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្ដាលឱ្យបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបានស្លាប់ ក្រោយបើកបុកម៉ូតូពីក្រោយ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុ មានរថយន្តម៉ាក NAVARA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2V2046 បើកបរដោយឈ្មោះ ទៀង ប៊ុនហើ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិតាគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ រថយន្តបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ជួង សុខរឿន ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យស្ត្រីរងគ្រោះជិះម៉ូតូរបួសស្រាល។
ក្រោយពីបង្កហេតុរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទៅមុខទៀត។ លុះទៅដល់ចំណុចគល់ស្ពានព្រែករូងទី១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ រថយន្តបង្កបានបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរស្លាប់នៅក្នុងរថយន្តតែម្ដង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ សហការជាមួយផ្នែកចរាចរណ៍ស្រុក បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ។ សមត្ថកិច្ចបានបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស និងបានទំនាក់ទំនងទៅក្រុមគ្រួសាររបស់តៃកុងរថយន្តដែលស្លាប់ ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរ គឺរថយន្ត និងម៉ូតូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តបង្កហេតុបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះជាមេរៀនមួយ ដែលគួរឱ្យគិតពិចារណាសម្រាប់អ្នកបើកបរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ជានិច្ច ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់ និងការបាត់បង់ជីវិតដោយសារការធ្វេសប្រហែស៕







