* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិភាគអន្តរជាតិ៖ យុគសម័យនៃការសម្លុតគំរាមនុយក្លេអ៊ែរ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ

06-07-2026 21:08

(វ៉ាស៊ីនតោន)៖ តើពិភពលោកកាលពីឆ្នាំ២០២២ បានខិតជិតទៅរកសង្រ្គាមនុយក្លេអ៊ែរក្នុងកម្រិតណា? នៅកាលណោះ ក្រុមមន្ត្រីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមាន យ៉ាងប្រាកដប្រជាថាប្រធានាធិបតីរុស្ស៉ី លោក​ វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីប្ដូរយកជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។ លោក បៃដិនផ្ទាល់ធ្លាប់បានរំឮកឡើងវិញពី គ្រោះថ្នាក់នៃវិបត្តិមីស៊ីលគុយបា ដោយធ្វើការប្រៀបធៀបទៅនឹងស្ថានការណ៍សង្រ្គាមអ៊ុយក្រែន។ ប៉ុន្មានឆ្នាំក្រោយមក អតីតក្រុមមន្ត្រីក្រោមរដ្ឋបាលលោក បៃដិនបានពន្យល់ពីការសម្រេចចិត្ត ទាំងឡាយរបស់រដ្ឋបាលលោក បៃដិន។ ពិតណាស់ ការពន្យល់ទាំងនោះមិនមែនជាការសន្និដ្ឋានចុងក្រោយថាតើលោក ពូទីន ពិតជាមានបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពិតមែនឬក៏យ៉ាងណា នោះទេ? ប៉ុន្តែរឿងមួយដែលគេបានដឹង នោះគឺយុគសម័យនៃការសម្លុតគំរាមនុយក្លេអ៊ែរទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

ក្នុងឆ្នាំ២០២២ ការវាយលុករបស់រុស្ស៉ីនៅអ៊ុយក្រែនបានជាប់គាំង។ នៅឯភាគខាងជើងអ៊ុយក្រែន ប្រតិបត្តិការវាយបកដ៏ភ្ញាក់ផ្អើលរបស់អ៊ុយក្រែនបានបណ្ដេញកងកម្លាំងរុស្ស៉ីឱ្យដកថយចេញពីជុំវិញ ទីក្រុង Kharkiv។ នៅឯភាគខាងត្បូងវិញ កងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការបកមួយផ្សេងទៀតដោយធ្វើឱ្យកងទ័ពរុស្ស៉ីរាប់ពាន់នាក់ត្រូវស្ថិតនៅក្រោមការឡោមព័ទ្ធនៅម្ដុំទន្លេ Dnipro ស្ថិតនៅក្បែរទីក្រុង Kherson។ ខណៈស្ថានការណ៍នៅលើសមរភូមិមិនអំណោយផលចំពោះកងទ័ពរុស្ស៉ី លោក ពូទីន​បានកែនកងទ័ពបន្ថែម ហើយព្រមពេលជាមួយគ្នា លោកបានប្រកាសបញ្ចូល តំបន់ចំនួន៤របស់អ៊ុយក្រែនជាផ្នែកមួយនៃទឹកដីរុស្ស៉ីជាមួយការគំរាមប្រើប្រាស់គ្រប់ប្រព័ន្ធអាវុធទាំងអស់ដែលរុស្ស៉ីមាន ប្រសិនបើបូរណភាពទឹកដីរបស់រុស្ស៉ីរងការគំរាមកំហែង។

ក្រុមមន្ត្រីអាមេរិកបារម្ភយ៉ាងខ្លាំងថាប្រសិនបើកងទ័ពរុស្ស៉ីចាញ់នៅលើសមរភូមិ ឬក៏របបដឹកនាំរបស់លោកប្រឈមមុខនឹងគ្រោះថ្នាក់នៃការដួលរលំ លោក ពូទីនអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីកែខៃស្ថានការណ៍ឡើងវិញ។ នៅពេលនោះដែរ ការវិភាគលើព័ត៌មានស៊ើបការណ៍សម្ងាត់បានវាយតម្លៃថាលទ្ធភាពដែលលោក ពូទីនអាចនឹងប្រើអាវុធនុយក្លេអ៊ែរ គឺ ៥០-៥០។ ក្នុងឆ្នាំ២០២៤ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បានអះអាងថាមានហានិភ័យយ៉ាងពិតប្រាកដថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ។ រដ្ឋបាលលោក បៃដិន បានព្រមានថាជម្លោះនុយក្លេអ៊ែរនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រុស្ស៉ី ក្នុងនោះរួមទាំងការជំរុញឱ្យយោធាលោកខាងលិចធ្វើអន្តរាគមន៍នៅអ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ នៅពីក្រោយឆាក ឯណោះវិញ រដ្ឋបាលលោក បៃដិនបានបើកយុទ្ធនាការការទូតដោយជំរុញឱ្យបណ្ដាប្រទេសជាច្រើន រាប់ចាប់ពីសម្ព័ន្ធមិត្តនៅអឺរ៉ុប រហូតដល់ចិន និងឥណ្ឌា ដើម្បីឱ្យពួកគេបញ្ជាក់ជំហរច្បាស់ៗថា ការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជារឿងមួយមិនអាចទទួលយកបានដាច់ខាត។

ក្នុងពេលដែលយុទ្ធនាការការទូតកាន់តែមានសន្ទុះ ស្ថានការណ៍យោធាបែរជាអំណោយផលចំពោះលោក ពូទីន ដោយកងទ័ពរុស្ស៉ីរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Kherson ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយកងទ័ពរុស្ស៉ីអាចរក្សាបាននូវស្ថិរភាពនៅតាមសមរភូមិមុខ ជាហេតុធ្វើឱ្យការភ័យខ្លាចពីសង្រ្គាមនុយក្លេអ៊ែរបានធូរស្រាល ខណៈប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានថមថយ សន្ទុះ។ ក្រុមមន្ត្រីអតីតរដ្ឋបាលលោក បៃដិន បានអះអាងថាហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរគឺមានពិតមែន។ ពួកគេបានចាត់ទុកអ៊ុយក្រែនជាឧទាហរណ៍មួយនៃជោគជ័យរបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងកុំឱ្យជម្លោះកើនឡើង និងអាចទាញលោក ពូទីនចេញពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថាលោក ពូទីន គ្រាន់តែយកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មកបំភ័យលោក បៃដិនប៉ុណ្ណោះដោយសង្ឃឹមថាលោកនឹងជួយរារាំងភាពរីកចម្រើនរបស់កងទ័ពអ៊ុយក្រែន។ ពួកគេក៏បានសង្កត់ធ្ងន់ដែរថាការភ័យខ្លាចទាំងនោះបានធ្វើឱ្យសហរដ្ឋអាមេរិកស្ទាក់ស្ទើរ ក្នុងការបញ្ជូនអាវុធមួយចំនួន តួយ៉ាងដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែនដែលជាហេតុធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកខានឱកាសក្នុងការបិទបញ្ចប់សង្រ្គាមនៅក្រោមលក្ខខណ្ឌរបស់ អ៊ុយក្រែន។ ក្នុងន័យនេះពួកគេចង់ប្រដូចថាលោក ពូទីនបានត្រឹមតែកម្លារ រីឯលោក បៃដិនត្រចៀកស។

សង្រ្គាមនៅអ៊ុយក្រែន វាបានបញ្ជាក់រួចទៅហើយថាយុគសម័យនៃការសម្លុតគំរាមនុយក្លេអ៊ែរទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ សម្រាប់ក្រុមអ្នកជំនាញ ដូចជាលោក Hal Brands មកពីវិទ្យាស្ថាន American Enterprise Institute for Public Policy Research (AEI) មានមូលដ្ឋាន ក្នុងសហរដ្ឋអាមេរិក រុស្ស៉ីអាចនឹងងើបចេញពីសង្រ្គាមអ៊ុយក្រែនជាមួយបញ្ហាសេដ្ឋកិច្ច ហើយ យោធារងការខូចខាតដែលត្រូវការពេលវេលាដើម្បីជួសជុលឡើងវិញ។ ដូច្នេះរុស្ស៉ីអាចនឹងកាន់តែពឹងផ្អែកលើការសម្លុតគំរាមនុយក្លេអ៊ែរ នៅក្នុងការដោះស្រាយ ឬប្រឈមមុខជាមួយសត្រូវដូចជា លោកខាងលិច។

ប៉ុន្តែ ប្រសិនបើការសម្លុតគំរាមរបស់រុស្ស៉ីទទួលបានផល នោះវានឹងផ្ដល់គំរូមួយទៅឱ្យចិនដែលកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈបង្កើនការដាក់សម្ពាធលើតៃវ៉ាន់។ ក្នុងជម្លោះណាមួយ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ចិនអាចនឹងយកការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក៕