លោក ឈួរ សុបញ្ញា៖ ព្រះពុទ្ធសាសនាជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព

07-07-2026 09:19

(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានផ្តល់នូវគោលការណ៍ដ៏មានតម្លៃសម្រាប់ការកសាងមនុស្សឱ្យមានគុណភាព តាមរយៈការអប់រំចិត្ត ការរក្សាសីល ការបណ្តុះបញ្ញា និងការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃ។

ការលើកឡើងរបស់លោក ឈួរ សុបញ្ញា បានធ្វើឡើងក្នុងឱកាសនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសមាគមអប់រំសីលធម៌អន្តរជំនាន់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងក្រោមការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំវេទិកាស្តីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត» នៅវិទ្យាល័យបាក់ទូក។

វេទិកានេះមានការចូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៣០០រូប ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីព្រះពុទ្ធសាសនាក្នុងការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងអត្តសញ្ញាណពុទ្ធសាសនាខ្មែរ និងផ្សារភ្ជាប់គោលការណ៍ព្រះធម៌ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យុវជន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពព្រះឥន្ទមុនី សំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងអធិបតីភាពលោក ហ៊ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ការរៀបចំវេទិកានេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស និងលើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីលធម៌សង្គម តាមរយៈការផ្តល់ចំណេះដឹងផ្នែកផ្លូវចិត្ត និងស្មារតីដល់យុវជន ដោយយកពុទ្ធសាសនោវាទជាគន្លងបំពេញបន្ថែមលើការសិក្សារៀនសូត្រ និងការរស់នៅប្រចាំថ្ងៃ។

ក្នុងមតិបើកវេទិកា លោក ហ៊ឺ វិរៈ បានគូសបញ្ជាក់ថា «ពិពិធកម្មសាសនោវាទ» មិនមែនជាការសិក្សាព្រះធម៌ក្នុងក្របខណ្ឌទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការបំលែងគុណតម្លៃព្រះពុទ្ធសាសនាឱ្យក្លាយជាឥរិយាបថ និងសកម្មភាពជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។

លោកបានបន្តថា ការកសាងជាតិឱ្យរឹងមាំ និងមានភាពប្រកួតប្រជែងក្នុងសកលភាវូបនីយកម្ម ត្រូវចាប់ផ្តើមពីការកសាងមូលធនមនុស្សដែលមានចំណេះដឹង បំណិន សីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ លោកក៏បានអំពាវនាវឱ្យយុវជនទាំងអស់ស្វែងយល់ឱ្យបានស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងត្រៀមខ្លួនជាពលរដ្ឋសកលប្រកបដោយគុណភាព និងសីលធម៌។

ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយបានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិខ្មែរ។ ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃសីលធម៌ គុណធម៌ និងការអប់រំចិត្ត ដែលរួមចំណែកយ៉ាងធំធេងដល់ការកសាងមនុស្ស និងសង្គមប្រកបដោយសុខដុមរមនា និងវឌ្ឍនភាព។

ដោយឡែក លោក ង៉ែត ចាន់សុខ បានលើកឡើងថា ការអប់រំពិតប្រាកដត្រូវមានការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាងចំណេះដឹង ជំនាញ និងសីលធម៌។ លោកបានបញ្ជាក់បន្ថែមថា សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបណ្តុះចរិតលក្ខណៈ មនសិការ និងការទទួលខុសត្រូវរបស់យុវជនផងដែរ។ លោកបានជំរុញឱ្យសិស្សានុសិស្សទាំងអស់គោរពវិន័យ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ខិតខំរៀនសូត្រឱ្យបានពូកែ និងចៀសវាងអបាយមុខផ្សេងៗ ដែលអាចប៉ះពាល់ដល់អនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។

ក្នុងធម្មបរិយាយដ៏មានអត្ថន័យស្តីពី «សុខភាពផ្លូវចិត្តតាមពុទ្ធមាគ៌ា» ព្រះឥន្ទមុនី សំ សុខា បានមានថេរដីកាថា សុខភាពផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះនៃសេចក្តីសុខ និងភាពជោគជ័យក្នុងជីវិត។ ព្រះអង្គបានបញ្ជាក់ថា បញ្ហាជាច្រើនក្នុងសង្គមសព្វថ្ងៃ កើតឡើងដោយសារមនុស្សមិនអាចគ្រប់គ្រងចិត្ត និងអារម្មណ៍របស់ខ្លួនបានល្អ។ ព្រះអង្គបានពន្យល់យ៉ាងក្បោះក្បាយអំពីការអនុវត្តសតិ សមាធិ និងបញ្ញា តាមគន្លងអរិយមគ្គមានអង្គ៨ ដើម្បីជួយឱ្យមនុស្សមានភាពស្ងប់ស្ងាត់ កាត់បន្ថយភាពតានតឹង និងរស់នៅដោយសុខដុមរមនាប្រកបដោយសន្តិភាព។ ព្រះអង្គក៏បានដាស់តឿនយុវជនឱ្យប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវខ្ពស់ ពង្រឹងស្មារតីវិជ្ជមាន និងបណ្តុះចិត្តឱ្យស្ថិតនៅក្នុងផ្លូវកុសលជានិច្ច។

ក្នុងបទបង្ហាញដ៏សំខាន់ស្តីពី «ការកសាងមូលធនមនុស្សតាមពុទ្ធមាគ៌ា» ឯកឧត្តម ឈួរ សុបញ្ញា បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សត្រូវមានការអភិវឌ្ឍពេញលេញទាំងផ្នែកចំណេះដឹង បំណិន សីលធម៌ និងសុខភាព។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាអាទិភាពគន្លឹះទីមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

ក្នុងនោះ មនុស្សដែលមានគុណភាពត្រូវប្រកបដោយសមាសធាតុសំខាន់ៗរួមមាន វិជ្ជាសម្បទា (ចំណេះដឹង) បំណិនសម្បទា (ជំនាញ) កាយសម្បទា (សុខភាពកាយ) សីលសម្បទា (សីលធម៌) និងគុណសម្បទា (គុណធម៌)។

លោកបានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានផ្តល់នូវគោលការណ៍ដ៏មានតម្លៃសម្រាប់ការកសាងមនុស្សឱ្យមានគុណភាព តាមរយៈការអប់រំចិត្ត ការរក្សាសីល ការបណ្តុះបញ្ញា និងការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃ។

ការកសាងមូលធនមនុស្សមិនអាចផ្អែកតែលើចំណេះដឹង ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ និងការអនុវត្តព្រះធម៌ជាគ្រឹះដ៏រឹងមាំ។ យុវជនដែលមានទាំងវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា សីលសម្បទា និងគុណសម្បទា នឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃ អាចចូលរួមកសាងសង្គមជាតិឱ្យមានសុខដុមនីយកម្ម វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់កម្ពុជានាពេលអនាគតដ៏ភ្លឺស្វាង។

វេទិកា «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត» ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ ប្រកបដោយគុណធម៌ សីលធម៌ និងចំណេះដឹងទូលំទូលាយ៕