សមរភូមិក្រោយ មិនបំភ្លេចសមរភូមិមុខ!​ ពលរដ្ឋ និងអាជ្ញាធរឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្តឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ជូនកងទ័ពជួរមុខនៅភ្នំខ្មោច ប្រាសាទព្រះវិហារ

07-07-2026 12:48

(ព្រះវិហារ)៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានបន្តបង្ហាញនូវទឹកចិត្តសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជាតិ ដោយបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ បន្លែ ផ្លែឈើ និងថវិកាមួយចំនួន ប្រគល់ជូនដល់កងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅចំណុចភ្នំខ្មោច សមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។

ពិធីប្រគល់-ទទួលជំនួយនេះ ត្រូវបានដឹកនាំដោយផ្ទាល់ដោយលោក រស់ វីរ៉េត មេឃុំអារក្សត្នោត រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអាជីវករក្នុងឃុំ។ លោកមេឃុំ រស់ វីរ៉េត បានថ្លែងបញ្ជាក់ពីការគាំទ្រឥតងាករេរបស់អាជ្ញាធរ និងប្រជាពលរដ្ឋឃុំអារក្សត្នោត ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈ។

លោកបានសង្កត់ធ្ងន់ថា ទោះបីការឧបត្ថម្ភនាពេលនេះមិនមានចំនួនច្រើនក្តី ក៏ប៉ុន្តែវាគឺជាការបង្ហាញនូវសាមគ្គីភាព ទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់កងទ័ព ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ។

លោកក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ប្រជាពលរដ្ឋ និងអាជីវករទូទាំងឃុំ ដែលតែងតែចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈនានា តាមរយៈរដ្ឋបាលឃុំ ដើម្បីជួយសម្រាលការលំបាកដល់កងទ័ពជួរមុខ។ គិតមកដល់ពេលនេះ រដ្ឋបាលឃុំអារក្សត្នោតបានឧបត្ថម្ភជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលឈរជើងនៅភ្នំខ្មោច សរុបចំនួន ១០លើកហើយ។

ជាមួយគ្នានេះដែរ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ក៏បានថ្លែងអំណរគុណ និងផ្ញើកម្លាំងចិត្តយ៉ាងជ្រាលជ្រៅជូនដល់វីរកងទ័ព។ លោកបានថ្លែងក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ ដោយបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងជូនដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

លោកអភិបាលស្រុកបានសន្យាថា សមរភូមិក្រោយនឹងបន្តគាំទ្រ សហការ និងផ្គត់ផ្គង់តាមលទ្ធភាព ដើម្បីឱ្យសមរភូមិមុខមានទឹកចិត្តរឹងមាំក្នុងការបំពេញភារកិច្ច។

លោកបានបន្ថែមថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតែរួមសុខរួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធ និងរួមគ្នាថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប។

ជាការឆ្លើយតប លោកអនុសេនីយ៍ឯក សួន តៃហេង តំណាងលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ព្រមទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអាជីវករទូទាំងឃុំ-ស្រុក ដែលតែងតែគិតគូរ និងផ្តល់ការឧបត្ថម្ភដល់កងទ័ពជួរមុខជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីសមរភូមិក្រោយ គឺជាកម្លាំងចិត្តដ៏មានតម្លៃ ដែលជំរុញឱ្យកងទ័ពបន្តបំពេញភារកិច្ចដោយស្មារតីមុតមាំ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ដោយមិនរាថយឡើយ។ ការគាំទ្រទាំងនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតី និងកម្លាំងចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតំបន់ព្រំដែន ដើម្បីធានាបាននូវសុវត្ថិភាព និងសន្តិសុខជូនជាតិមាតុភូមិ៕