អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មី
07-07-2026 14:27
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ និងសម្បទានដីធ្លី ដើម្បីបើកផ្លូវថ្មី និងពង្រីកផ្លូវដែលមានស្រាប់នៅក្នុងឃុំទ្រា។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាល និងដឹកនាំការបើកពង្រីកស្ថាបនាផ្លូវថ្មីជាច្រើនខ្សែ ដែលមានប្រវែងសរុបជាង ២ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិលាបទង ភូមិទ្រា ភូមិតាចរ និងភូមិច្រាំងស នៃឃុំទ្រា ស្រុកស្ទោង។ គម្រោងនេះមានគោលបំណងសំខាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័សជាងមុន។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការចូលរួមលះបង់ សហការ និងសម្បទានដីធ្លី ឬផលដំណាំ ព្រមទាំងផលប៉ះពាល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍ ស្រុកភូមិរបស់យើង។ លោកបានបញ្ជាក់ថា តាមរយៈការចូលរួមនេះ យើងនឹងទទួលបានផ្លូវធំទូលាយ ល្អស្អាត និងរឹងមាំ ហើយផ្លូវទាំងនេះទាមទារឱ្យមានការចូលរួមថែរក្សាពីយើងទាំងអស់គ្នា ជាពិសេសពុកម៉ែបងប្អូនដែលរស់នៅជាប់នឹងផ្លូវថ្មីនេះ។
លោក សាយ គឹមឡម ក៏បានលើកទឹកចិត្តបន្ថែមទៀតថា ដើម្បីជាគុណតម្លៃ និងគុណប្រយោជន៍តកូនតចៅ សូមពុកម៉ែបងប្អូនទាំងអស់ចូលរួមរៀបចំ និងការពារប្រព័ន្ធរំដោះទឹក លូបង្ហូរទឹក ឱ្យបានល្អប្រសើរ ដើម្បីជៀសវាងការដក់ទឹកលើផ្ទៃផ្លូវ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច។ ជាមួយគ្នានេះ លោកបានហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ឬដាក់តាំងលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈនោះឡើយ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងគោរពច្បាប់ភូមិបាលឱ្យបានល្អប្រសើរ។ ការអនុវត្តតាមការណែនាំទាំងនេះ នឹងជួយបង្ការទំនាស់ដីធ្លី និងសម្រួលដល់រដ្ឋបាលស្រុក ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដែលដឹកនាំផ្ទាល់ដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរឃុំទ្រា ឱ្យពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំសម្រាប់ឆ្នាំ ២០២៦ និងឆ្នាំ ២០២៧ ព្រមទាំងលើកគម្រោងអភិវឌ្ឍន៍ទៅក្រុមការងារចុះមកឃុំទ្រា ដើម្បីឱ្យការធ្វើផ្លូវនេះប្រព្រឹត្តទៅបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការរស់នៅរបស់ពួកគាត់។ ពួកគាត់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងចូលរួមសហការជាមួយអាជ្ញាធរគ្រប់បែបយ៉ាង ដើម្បីឱ្យគម្រោងផ្លូវថ្មីនេះលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការចូលរួមរបស់ប្រជាពលរដ្ឋនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយល់ដឹង និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកក្នុងការលើកកម្ពស់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕





















