ក្រុមហ៊ុន X Capital Investment ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន និងអន្តរជាតិ តាមរយៈ Angkor App, Cambodia National Shop និង Angkor Smile Exhibition
07-07-2026 15:29
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Tong David អគ្គនាយកក្រុមហ៊ុន X Capital Investment Co., Ltd. និងជាប្រធានកិត្តិយសសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពី វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការអភិវឌ្ឍទេសចរណ៍ឌីជីថល និងការជំរុញគម្រោងអាទិភាពរបស់ក្រុមហ៊ុន X Capital Investment ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើយន្តការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ លោក Tong David បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនក្រុមហ៊ុនចូលជួបពិភាក្សាការងារ និងបានរាយការណ៍អំពីលទ្ធផលនៃការងាររបស់ក្រុមហ៊ុន X Capital Investment Co., Ltd. និងសមាគម លើការចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឌីជីថល ដែលជាគម្រោងអាទិភាពរបស់ក្រុមហ៊ុន ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងសំខាន់ៗចំនួន៣ រួមមាន Angkor Smile Exhibition (ការរៀបចំពិព័រណ៍ផ្សព្វផ្សាយកម្ពុជានៅប្រទេសចិន), Cambodia National Shop (ការបង្កើតហាងទំនិញជាតិកម្ពុជានៅប្រទេសចិន) និង Angkor App (ការអភិវឌ្ឍកម្មវិធីទូរស័ព្ទផ្តល់ព័ត៌មាន និងសេវាកម្មដល់ភ្ញៀវទេសចរ)។ គម្រោងទាំងនេះមានគោលបំណងផ្សព្វផ្សាយអរិយធម៌អង្គរ បេតិកភណ្ឌវប្បធម៌ ផលិតផលជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ តាមរយៈបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអនុវត្តគម្រោងទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
ជាកិច្ចឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងសមាគម ដែលបានចូលរួមយ៉ាងសកម្មលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន តាមរយៈការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបន្តជំរុញការអភិវឌ្ឍកម្មវិធីទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងស្នើឱ្យភាគីក្រុមហ៊ុនបន្តផ្សព្វផ្សាយពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ជាឆ្អឹងខ្នងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ក្រុមហ៊ុន X Capital Investment ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការវិនិយោគ និងអភិវឌ្ឍគម្រោងលើវិស័យវប្បធម៌ ទេសចរណ៍ និងឌីជីថល។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអនុវត្តគម្រោងអាទិភាពចំនួន៣ រួមមាន Angkor Smile Exhibition, Cambodia National Shop និង Angkor App ដែលមានគោលបំណងផ្សព្វផ្សាយអរិយធម៌អង្គរ បេតិកភណ្ឌវប្បធម៌ ផលិតផលជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
ក្នុងនោះ Angkor Smile Exhibition លើកទី១ ដែលបានរៀបចំនៅទីក្រុងប៉េកាំង បានទទួលអ្នកចូលទស្សនាជាង ៧,០០០នាក់ និងបានផ្សព្វផ្សាយដល់ប្រជាជនចិនជាង ២លាននាក់ តាមរយៈយុទ្ធនាការឌីជីថល ដែលបង្ហាញពីសក្តានុពលនៃការពង្រីកទីផ្សារទេសចរណ៍ និងការលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅប្រទេសចិន៕














