ពីព្រឹត្តិការណ៍ឆ្ងាយជើងមេឃ មកជាជោគវាសនារួម៖ ការផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋក្នុងរបត់ពិភពលោកថ្មី

07-07-2026 19:32

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន តាមរយៈបណ្ដាញព័ត៌មាន Fresh News បានលើកឡើងថា ឆ្លងផុតឆមាសទីមួយនៃឆ្នាំ២០២៦នេះ បានធ្វើឱ្យប្រជាពលរដ្ឋទូទៅចាប់ផ្តើមមើលឃើញពិភព លោកក្នុងរូបភាពថ្មីមួយ។ កាលពីមុន រឿងរ៉ាវអន្តរជាតិហាក់ដូចជាសមរភូមិដ៏ឆ្ងាយមួយដែលមានតែ អ្នកជំនាញ ឬអ្នកវិភាគទើបត្រូវខ្វល់ខ្វាយ។

ប៉ុន្តែបច្ចុប្បន្ន ត្រូវបានលោកបណ្ឌិត កៅ មុយថង មើលឃើញថា ស្ថិរភាពសកលដែលកំពុងរង្គោះរង្គើ និងការកើតឡើងនៃ «ពហុវិបត្តិ (Polycrisis)» បានបង្ខំឱ្យមនុស្សគ្រប់រូបលះបង់ការគិតបែបចាស់ ហើយទទួលស្គាល់ថា វិបត្តិផ្នែកសង្គម បរិស្ថាន និងបច្ចេកវិទ្យា មិនបានកើតឡើងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាបានប្រទាក់ក្រឡាគ្នាយ៉ាងស្អិតល្មួត ហើយជះឥទ្ធិពលត្រួតគ្នាមកលើជីវភាពប្រចាំថ្ងៃរបស់ មនុស្សគ្រប់រូប និងបង្ខំឱ្យប្រជាពលរដ្ឋត្រូវលះបង់ការគិតបែបចាស់ចេញពីរឿងផ្ទាល់ខ្លួន មកមើលឃើញជោគវាសនារួម។

ការផ្លាស់ប្តូរផ្នត់គំនិតដ៏សំខាន់របស់ប្រជាពលរដ្ឋចំពោះកិច្ចការពិភពលោក ត្រូវបានស្តែងឡើងតាមរយៈរបត់គន្លឹះ៣ ដូចខាងក្រោម៖

១. ពីការយល់ដឹងត្រឹមរឿងទីផ្សារ មកជាការយល់ដឹងពីសម្ពាធសេដ្ឋកិច្ចសកល
នៅឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋលែងមើលឃើញវិវាទពាណិជ្ជកម្មអន្តរជាតិជាជំនួញធម្មតាទៀត ហើយ។ ពួកគាត់បានយល់ដឹងកាន់តែស៊ីជម្រៅពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រសេដ្ឋកិច្ច»។ នៅពេលប្រទេសមហាអំណាចងាកមកប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ តាមរយៈការដាក់ទណ្ឌកម្មហិរញ្ញ វត្ថុ ការបង្កកទ្រព្យសម្បត្តិ និងការបង្កើតប្លុកបច្ចេកវិទ្យាផ្តាច់មុខ (ដូចជា បញ្ញាសិប្បនិម្មិត AI និងបន្ទះ ឈីប)។ ការប្រើប្រាស់របាំងពន្ធ ឥទ្ធិពលទីផ្សារ និងការគ្រប់គ្រងធនធានជាឧបករណ៍សម្ពាធ វាមិន មែនប៉ះពាល់តែលើក្រដាសនោះទេ ប៉ុន្តែវាបានជះឥទ្ធិពលដល់តម្លៃទំនិញឡើងថ្លៃ និងការប្រែប្រួល តម្លៃកសិផល។ ក្រៅពីនេះ ការបែងចែកខ្សែច្រវាក់ផ្គត់ផ្គង់ ដូចជា បញ្ញាសិប្បនិម្មិត AI និងបន្ទះឈីប ដែលធ្វើឱ្យប្រជាពលរដ្ឋយល់ថា ជម្រើសបច្ចេកវិទ្យាដែលពួកគាត់ប្រើប្រាស់រាល់ថ្ងៃ សុទ្ធតែជាប់ពាក់ព័ន្ធ នឹងនិន្នាការសកល។

មេរៀនជាក់ស្តែងពីភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកាលពីឆ្នាំ២០២៥ កន្លងទៅ បានធ្វើឱ្យ ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន និងក្នុងសហគមន៍ទាំងមូល យល់កាន់តែច្បាស់នូវមេរៀនដ៏ជូរចត់ មួយថា ភាពរលូននៃពាណិជ្ជកម្ម និងលំហូរទំនិញ គឺជារឿងសំខាន់បំផុតសម្រាប់ជីវភាព។ នៅពេល ច្រកព្រំដែនត្រូវបានបិទ សរសៃឈាមសេដ្ឋកិច្ចរបស់ពួកគាត់ក៏ត្រូវកាត់ផ្តាច់ដែរ ហើយវាក៏បានដាស់ តឿនឱ្យមនុស្សទូទៅ ងាកមកឱ្យតម្លៃលើ «សន្តិសុខសេដ្ឋកិច្ច» និង ការបង្កើតមុខរបរចម្រុះដើម្បី ការពារហានិភ័យលើចំណូលប្រចាំថ្ងៃ។

២. ពីការប្រើប្រាស់បណ្តាញសង្គមធម្មតា មកជាការការពារខ្លួនពី «សង្គ្រាមព័ត៌មាន»
សម្លឹងទៅមុខត្រឹមរយៈពេលពីរឆ្នាំខាងមុខ គឺត្រឹមឆ្នាំ២០២៨ ហានិភ័យកំពូលរបស់ពិភពលោក នឹងបន្ថែមទម្ងន់ទៅលើ «វិបត្តិនៃការបាត់បង់ទំនុកចិត្តជាប្រព័ន្ធ»។ មេរៀនកាលពីឆ្នាំ២០២៥ បាន បង្ហាញថា បច្ចេកវិទ្យា AI និងការឃោសនាបំផ្លើសនៅលើហ្វេសប៊ុក (Facebook) ឬបណ្តាញសង្គម ផ្សេងទៀត អាចនាំមកនូវការដុតកម្តៅអារម្មណ៍ និងការគិតរបស់មនុស្សឱ្យធ្លាក់ក្នុងភាពជ្រុលនិយម បានយ៉ាងលឿន ដែលធ្វើឱ្យលំហការទូតត្រូវរួញតូច និងរារាំងដល់ការចរចាដោយសន្តិវិធី។

បាតុភូតនេះ បានជម្រុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងរបៀបគិតក្នុងការលេងបណ្តាញសង្គម ដូចជា៖ ឈប់ឆាប់ជឿ ឬឈប់ជឿតាមៗគ្នាពេលឃើញព័ត៌មានប្លែកៗ។ មុននឹងជឿ គឺត្រូវគិតពិចារណា ឱ្យបានច្បាស់លាស់ និងរកមើលប្រភពដែលអាចទុកចិត្តបានជាមុនសិន។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ ចាប់ផ្តើមដឹងខ្លួនថា ការគ្រាន់តែចុច Share ឬការចូលទៅ Comment ជេរប្រមាថដោយអារម្មណ៍ឆេវឆាវ អាចក្លាយជាឧបករណ៍ពង្រីកសង្គ្រាមពាក្យសម្តីតាមអ៊ីនធឺណិតដែលបំផ្លាញមិត្តភាព និងសេចក្តី សុខរវាងប្រជាពលរដ្ឋ និងប្រទេសជិតខាង ហើយទីបំផុតក្លាយជាឧបករណ៍បម្រើឱ្យ «សង្គ្រាមផ្លូវចិត្ត អចិន្ត្រៃយ៍» ដែលបំផ្លាញមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិជិតខាង។

៣. ពីជាតិនិយមចង្អៀតចង្អល់ មកជា «សាមគ្គីភាពដើម្បីរស់រាន» ក្នុងវិបត្តិអាកាសធាតុ
រឿងដែលដាស់ស្មារតីមនុស្សជំនាន់ក្រោយខ្លាំងបំផុត គឺការសម្លឹងទៅកាន់ទស្សវត្សរ៍ឆ្ពោះទៅឆ្នាំ ២០៣៦។ នៅពេលនោះ ជម្លោះបែបប្រពៃណីនឹងត្រូវស្ថិតនៅក្រោមស្រមោលនៃវិបត្តិសន្តិសុខភពផែន ដី។ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ការបាត់បង់ជីវចម្រុះ និងការដួលរលំនៃប្រព័ន្ធអេកូឡូស៊ី នឹងឡើង មកក្តោបក្តាប់កំពូលនៃបញ្ជីហានិភ័យសកល។ សម្រាប់តំបន់រងគ្រោះជួរមុខ វិបត្តិនេះនឹងវាយប្រហារ ផ្ទាល់ទៅលើទន្លេមេគង្គ និងបឹងទន្លេសាប បំផ្លាញសន្តិសុខស្បៀង និងរុញច្រានមនុស្សឱ្យធ្លាក់ចូលទៅ ក្នុងរលកចំណាកស្រុកបង្ខំដោយសារអាកាសធាតុ។

គ្រោះភ័យរួមនេះ នឹងកាន់តែបង្ខំឱ្យប្រជាពលរដ្ឋត្រូវផ្លាស់ប្តូរទស្សនទានទាំងស្រុងថា ធម្មជាតិ គ្មានព្រំដែន។ ពោលគឺ មិនថាជារបបទឹកទន្លេមេគង្គ ការប្រែប្រួលទឹកបឹងទន្លេសាប គ្រោះរាំងស្ងួត ឬទឹក ជំនន់ខ្លាំងក្លានោះទេ វាមិនរើសអើងជាតិសាសន៍ឡើយ។ វិបត្តិនេះអាចបង្កជាការចំណាកស្រុកដោយសារកត្តាអាកាសធាតុ និងការដណ្តើមប្រភពធនធានទឹក និងស្បៀង។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ថា មហន្តរាយនេះអាចដោះស្រាយបាន គឺមានតែការទម្លាក់ចោលរបាំងនយោបាយដើម្បី កសាងសហគមន៍ជោគវាសនារួមតែមួយគត់។ ថវិកានិងការខិតខំប្រឹងប្រែង ត្រូវតែបង្វែរមកសង្គ្រោះ ប្រព័ន្ធស្បៀង និងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយវិញ។

ជារួម របត់ពិភពលោកថ្មីបានអប់រំចិត្តគំនិតរបស់ប្រជាពលរដ្ឋថា មនោគមវិជ្ជាឯកតោភាគីនិយម ឬការគិតតែម្នាក់ឯង ឬធ្វើតែម្នាក់ឯង លែងជាខែលការពារសន្តិសុខដ៏មានប្រសិទ្ធភាពទៀតហើយ។ ការ ឆ្លើយតបដ៏ឆ្លាតវៃរបស់មនុស្សសម័យថ្មី គឺការយល់ដឹងពី «ការទូតបង្ការ» ការបើកចិត្តទូលាយ និងការ ចូលរួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជាសមរភូមិនៃការអភិវឌ្ឍ និងការតភ្ជាប់សេដ្ឋកិច្ច។ មានតែការផ្លាស់ប្តូរការគិត ងាកមកចាប់ដៃគ្នាកសាងភាពធន់ក្នុងតំបន់ និងសាមគ្គីភាពពហុភាគីប៉ុណ្ណោះ ទើបអាចធានាបាននូវអនាគតដ៏រឹងមាំសម្រាប់មនុស្សជាតិគ្រប់ៗជំនាន់៕