កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួប៣៣ឆ្នាំ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ
08-07-2026 12:27
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
សកម្មភាពបរិច្ចាគឈាមនេះ ធ្វើឡើងក្រោមការអនុវត្តតាមគោលការណ៍ដឹកនាំដ៏ម៉ឺងម៉ាត់ ប្រកបដោយគុណធម៌របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ ការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបង្ហាញពីស្មារតីបេះដូងមនុស្សធម៌ និងទំនួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថគឺ «បង្ការ បង្ក្រាប និងសង្គ្រោះ» ដោយចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមជាបន្ទាន់។
ក្នុងពិធីបរិច្ចាគឈាមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រួមជាមួយមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធាន និងនាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧ កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ មេបញ្ជាការ-រង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ។ លើសពីនេះក៏មានបងប្អូនប្រជាពលរដ្ឋដែលមានចិត្តសប្បុរសធម៌ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ បានចូលរួមបរិច្ចាគឈាមផងដែរ ដែលបង្ហាញពីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាក្នុងសង្គម។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា ការបរិច្ចាគឈាមគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងសង្គមជាតិ ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា ក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ សកម្មភាពនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។
ឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា «យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង»។
គួររំលឹកផងដែរថា នេះគឺជាលើកទី៣ហើយ ដែលឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានចាត់ក្រុមការងារជាតំណាងធ្វើការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីទទួលបានឈាមក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋមានទុក្ខលំបាក ជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ហើយត្រូវការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយ ក្នុងការព្យាបាលជំងឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារទាំងអស់ និងបានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងបងប្អូនសប្បុរសជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជូនពរដល់អ្នកចូលរួមទាំងអស់ឱ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជាការអបអរសាទរខួបអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កងរាជអាវុធហត្ថក្នុងការបម្រើ និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕




























